SoftBank ជួលដៃគូស្ត្រីជាលើកដំបូង ដើម្បីជួយគ្រប់គ្រងមូលនិធិវិនិយោគ Vision Fund របស់ខ្លួន

2179

ជប៉ុន(Bloomberg)៖ ក្រុមហ៊ុន SoftBank បានជួលអតីតប្រធានរបស់ Facebook អ្នកស្រី Kirthiga Reddy ឲ្យជួយគ្រប់គ្រងមូលនិធិវិនិយោគ Vision Fund របស់ខ្លួនដែលមានទំហំទឹកប្រាក់ ១០០ពាន់លានដុល្លារ។ ការជួលនេះ បានធ្វើឲ្យអ្នកស្រី Reddy ក្លាយជាស្ត្រីដំបូងគេ ដែលចូលរួមក្នុងក្រុមហ៊ុនវិនិយោគក្រៅប្រទេសលើវិស័យបច្ចេកវិទ្យាដ៏ធំមួយនេះ។

អ្នកនាំពាក្យរបស់ SoftBank បានរាយការណ៍ថា អ្នកស្រី Reddy បានចូលជាសមាជិកក្រុមរបស់ SoftBank Investment Advisors ដែលគ្រប់គ្រងមូនិធិវិនិយោគខ្នាតយក្ស ដើម្បីផ្តោតលើក្រុមហ៊ុន និងសហគ្រាសបច្ចេកវិទ្យានៅទូទាំងសកលលោក។ អ្នកស្រី នឹងធ្វើការស្និតជាមួយ ដៃគូគ្រប់គ្រងជាន់ខ្ពស់របស់ SoftBank លោក Deep Nishar។ អ្នកស្រី Reddy បានចូលធ្វើការឲ្យ Facebook នៅក្នុងប្រទេសឥណ្ឌា និងអាមេរិក អស់រយៈពេល៨ឆ្នាំ និងគ្រងតំណែងប្រធានគ្រប់គ្រងនៅសាលាជំនួញ Stanford Business School។ នេះបើតាមគណនី LinkedIn របស់អ្នកស្រី។

អ្នកស្រី Kirthiga Reddy

អ្នកស្រី Reddy នឹងចូលរួមក្រុម ដើម្បីជួយស្ថាបនិករបស់ SoftBank Group Corp លោក Masayoshi son ឲ្យបង្កើនល្បឿនវិនិយោគនៅក្នុងតំបន់ Silicon Valley របស់អាមេរិក និងនៅប្រទេសចិន និងតំបន់ផ្សេងទៀត។ មូលនិធិ Vision Fund បានប្តេជ្ញាថានឹងទិញយកភាគហ៊ុនឲ្យបានក្នុងទំហំទឹកប្រាក់ ៦៥ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Uber Technologies Inc, WeWork Cos និងក្រុមហ៊ុនរបស់ចិន Didi Chuxing។ យោងតាមរបាយការណ៍របស់សមាគមន៍មូលនិធិវិនិយោគរបស់អាមេរិក កាលពីឆ្នាំ២០១៦ មូលនិធិវិនិយោគទាំងអស់នៅអាមេរិក បានវិនិយោគប្រាក់ចំនួន ៧៥.៣ពាន់លានដុល្លារ ទៅក្នុងក្រុមហ៊ុនផ្សេងៗ។

នៅក្នុងបទសម្ភាស៍មួយកាលពីខែកញ្ញា លោក Son ត្រូវបានគេសួរថា Vision Fund របស់លោក ជួលតែបុគ្គលិកប្រុសពិតទេ ហើយលោកបានតបថា “ទេ! មិនមានការរើសអើងឡើយ។ មេដឹកនាំរបស់ Vision Fund លោក Rajeev Misra នឹងរើសបុគ្គលិកស្រីបន្ថែមទៀត រួមមានតំណែងដៃគូគ្រប់គ្រងជាន់ខ្ពស់ផងដែរ។”

អ្នកនាំពាក្យរបស់ SoftBank បាននិយាយថា អ្នកស្រី Reddy ប្រហែលជាត្រូវបោះបង់ការងារនៅកន្លែងផ្សេង ហើយធ្វើការឲ្យតែ SoftBank។ 

លោក Son មានគម្រោងបង្កើតមូលនិធិវិនិយោគដែលមានតម្លៃ ១០០ពាន់លានដុល្លារថ្មីមួយទៀតនៅរៀងរាល់ពីរ ឬបីឆ្នាំម្តង ហើយគ្រោងចំណាយប្រហែល ៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ដើម្បីជួយអាជីវកម្មនៅក្រៅប្រទេស លោកបាននិយាយថា គាត់ចង់បង្កើនចំនួនអ្នកសម្រេចកិច្ចព្រមព្រៀងវិនិយោគ ពី ៣០នាក់ ទៅដល់ ៣០០នាក់ នៅពីរ បីឆ្នាំខាងមុខ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។