គ្រប់អាជីវកម្មទាំងអស់សុទ្ធសឹងតែមានគុណសម្បត្តិ និងគុណវិបត្តិ។ ប៉ុន្តែគុណសម្បត្តិ ឬគុណវិបត្តិតិច ឬច្រើននេះដែរ គឺអាស្រ័យលើអ្នកដឹកនាំផ្ទាល់ ថាតើអ្នកអាចដឹកនាំ គ្រប់គ្រងអាជីវកម្មរបស់បានល្អ និងមានប្រសិទ្ធិភាពកម្រិតណា។
អាជីវកម្មខ្នាតតូចអាចចាប់ផ្តើមបានងាយស្រួល
អាជីវកម្មខ្នាតតូចអាចចាប់ផ្តើមបានងាយស្រួល ព្រោះថា អ្នកត្រូវប្រើពេលវេលា ដើមទុន ធនធាន និងបុគ្គលិកមិនច្រើនទេគឺអាចដំណើរការបានហើយ។
អាជីវកម្មកាន់តែតូចបញ្ហាកាន់តែតិច
អាជីវកម្មខ្នាតតូច បញ្ហាក៏មិនសូវមានច្រើនដែរ ព្រោះអ្នកដែលធ្វើការជាមួយគ្នាភាគច្រើនជាមនុស្សក្នុងគ្រួសារ ឬអ្នកដែលអាចទុកចិត្តបាន ងាយស្រួលគ្រប់គ្រង ធ្វើការបានឆាប់រហ័ស និងពេលមានបញ្ហាអាចដោះស្រាយបញ្ហាបានទាន់ពេល។
អាជីវកម្មខ្នាតតូចមានហានិភ័យទាប
ដោយសារតែការវិនិយោគលើអាជីវកម្មខ្នាតតូចប្រើដើមទុនតិច ប្រើធនធានតាមតែមាន និងសមនឹងតម្លៃ ទើបមានការខូចខាតតិចជាងអាជីវកម្មខ្នាតមធ្យម និងធំ។ បើសិនជាអ្នកបរាជ័យ ក៏មិនមានការខាតបង់អ្វីច្រើនដែរ ប៉ុន្តែវាជាបទពិសោធន៏មួយឲ្យអ្នកសិក្សា យល់ពីភាពជាក់ស្តែងនៃការធ្វើអាជីវកម្ម និងជាមេរៀនល្អមួយក្នុងការធ្វើអាជីវកម្មម្តងទៀតនៅថ្ងៃខាងមុខឲ្យបានជោគជ័យ។
អាជីវកម្មខ្នាតតូចប្រើពេលវេលាតិចក្នុងការប្រមូលដើមទុនត្រលប់វិញ
អាជីវកម្មខ្នាតតូចប្រើដើមទុនតិច ឆាប់លក់ចេញ ឆាប់បានប្រាក់ចំណេញ។ វាពុំសូវមានភាពស្មុគស្មាញដូចអាជីវកម្មខ្នាតធំឡើយ ដោយចាំបាច់ត្រូវឆ្លងកាត់ថ្លៃចាយវាយជាច្រើនដំណាក់កាល ទាំងទាំងថ្លៃប្រាក់ខែបុគ្គលិកជាច្រើន ថ្លៃវិនិយោគលើបរិក្ខា ឬឧបករណ៏ផ្សេងៗក្នុងការធ្វើការងារជាច្រើននោះទេ។
បត់បែនបានលឿន
នៅក្នុងអាជីវកម្មធំៗ នៅពេលមានកំហុស ឬមានប្រព័ន្ធការងារណាមួយមានបញ្ហា គឺត្រូវការប្រើពេលយូរ។ ឧទាហរណ៍ គម្រោងទីផ្សារជាដើម នៅក្នុងអាជីវកម្មខ្នាតធំ បើដាក់គម្រោងទីផ្សារទៅហើយ គឺដឹងតែដាក់លុយដើម្បីចំណាយដូចគ្នា ទោះបីវាមិនមានប្រសិទ្ធភាព ឬមិនបានលទ្ធផលតាមការគ្រោងទុកក៏ដោយ ហើយពិបាកក្នុងការកែប្រែ និងបង្កើតគម្រោងថ្មី។ ប៉ុន្តែអាជីវកម្មខ្នាតតូចអាចបត់បែនបានលឿនណាស់ បើយុទ្ធសាស្ត្រមួយមិនលទ្ធផលល្អ គេអាចកែប្រែ ឬប្តូរថ្មីភ្លាមៗ និងមិនស្មុកស្មាញច្រើនដំណាក់កាល៕
