ប្រសិនបើអ្នកចង់ទទួលបានភាពជោគជ័យនៅក្នុងវិស័យការងារ ឬអាជីវកម្មនានាអ្នកស្រី Sophia Amoruso ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Girlboss និយាយថា ត្រូវរឿងមួយដែលអ្នកគួរតែដឹងនោះគឺ “You don’t get what you don’t ask for” ។ ផ្នត់គំនិតការងារប្រកបដោយភាពស្មោះត្រង់នេះ បានជួយបង្កើតគម្រោងថ្មីបំផុតរបស់ស្ថាបនិកស្ត្រីរូបនេះគឺ Girlboss Collective ។ ខាងក្រោមនេះជាគន្លឹះប្រាំមួយដែល Amoruso ប្រាប់ថាអាចជួយអ្នកអោយកាន់តែខិតចូលទៅរកភាពជោគជ័យក្នុងកិច្ចការងារដែលអ្នកចង់បាន។
១.ធ្វើកំណត់ត្រាអំពីសមិទ្ធផលរបស់អ្នក
ការដែលអ្នកធ្វើការកត់សម្គាល់នូវអ្វីដែលអ្នកបានសម្រេចរួចហើយនៅក្នុងតួនាទីបច្ចុប្បន្នរបស់អ្នក ហើយសួរខ្លួនឯងថាតើអ្នកបានធ្វើអោយមានភាពរីកចម្រើន ឬសមិទ្ធផលអ្វីខ្លះនៅក្នុងកន្លែងការងាររបស់អ្នក ទាំងនេះគឺជាការជួយអោយអ្នកដឹងថាអ្វីដែលជាកង្វះខាត ឬជារឿងដែលគប្បីបន្ថែមដើម្បីអោយទទួលបានលទ្ធផលខ្ពស់ជាងនេះទៀត។
២.បង្ហាញអោយឃើញពីតម្លៃនៃវត្តមានរបស់អ្នក
កុំរង់ចាំរហូតដល់អ្នកគ្រប់គ្រងរបស់អ្នក លើកយកប្រធានបទនេះឡើង។ យើងគម្បីតស៊ូចំពោះអ្វីដែលជាមតិខ្លួនឯងផ្ទាល់ មូលហេតុគឺដោយសារតែមនុស្សភាគច្រើនជាធម្មតា មានការព្រួយបារម្ភជាខ្លាំងជាមួយនឹងជីវិតផ្ទាល់ខ្លួនក៏ដូចជាតំណែងរបស់ពួកគេ។ ផ្ទុយទៅវិញ ពួកគេភ្លេចគិតថាអ្វីដែលពួកគេគួរតែធ្វើនោះគឺត្រូវបង្ហាញអំពីគុណតម្លៃនៃវត្តមានរបស់ពួកគេ ដោយការបញ្ចេញមតិ និងបង្ហាញថាវាជាគំនិតល្អ។
៣.ស្វែងរកពេលវេលាត្រឹមត្រូវដើម្បីសួរ
កំណត់ពេលវេលាត្រឹមត្រូវដើម្បីនិយាយជាមួយចៅហ្វាយរបស់អ្នក អំពីអាជីពរបស់អ្នកនៅពេលអ្នកមានទំនុកចិត្តគ្រប់គ្រាន់ទៅលើសមត្ថភាពការងាររបស់ខ្លួន ថាធ្វើបានល្អហើយ។ វាមានភាពងាយស្រួលប្រសិនបើអ្នកកំពុងធ្វើការនៅក្រុមហ៊ុនតូចមួយ ដែលជាទូទៅវាមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប៉ុន្តែ Amoruso ណែនាំអោយអ្នករង់ចាំរហូតដល់អ្នកបានបំពេញការងារអស់រយៈពេលមួយឆ្នាំសិន មុនពេលអ្នកស្នើសុំការតម្លើងប្រាក់ខែ ឬការឡើងតំណែង។
៤.ពន្យល់ពីមូលហេតុថាតើការឡើងតំណែងសំខាន់ចំពោះអ្នកកំរិតណា
នៅពេលដែលអ្នកអង្គុយជាមួយអ្នកគ្រប់គ្រងរបស់អ្នក សូមនិយាយអំពីបេសកកម្មរបស់ក្រុមហ៊ុន ហើយហេតុអ្វីបានជាប្រាក់ខែខ្ពស់ ឬតំណែងខ្ពស់មានន័យចំពោះអ្នក។ មិនត្រូវភ័យខ្លាចក្នុងការបោះជំហាននិយាយពាក្យខ្លះ ដោយការនិយាយពីចំណេះដឹងមួយចំនួនដែលអ្នកបានរៀនពីចៅហ្វាយរបស់អ្នក ក៏ដូចជាបទពិសោធន៏ការងាររបស់អ្នករហូតមកដល់ពេលនេះ។ ពន្យល់ពីសមិទ្ធផលដែលអ្នកសម្រេចបាន និងអ្វីដែលអ្នកបានខិតខំប្រឹងប្រែង។ Amoruso និយាយថា កុំភ្លេចបន្ថែមថា “ខ្ញុំពិតជាសប្បាយចិត្តណាស់ ហើយខ្ញុំចង់បន្តធ្វើការនៅទីនេះ“។
៥.ត្រូវនិយាយអោយច្បាស់ និងមិនត្រូវស្ទាក់ស្ទើរ
បង្ហាញថាអ្នកបានធ្វើការស្រាវជ្រាវរួចរាល់ហើយ ពន្យល់ថាអ្នកយល់ពីអ្វីដែលមនុស្សនៅក្នុងកន្លែងធ្វើការងាររបស់អ្នក ចង់បានជាមួយនឹងបទពិសោធន៍ការងារដែលអ្នកកំពុងតែធ្វើ។ ប្រាប់ត្រង់ៗពីអ្វីដែលអ្នកចង់បាន ជាជាងការនិយាយបញ្ជិតបញ្ជៀង តែត្រូវចាំថាមិនត្រូវទាមទារអ្វីដែលលើសពីសមត្ថភាពខ្លួនឯងឡើយ។
៦.រក្សា និងបង្កើនសមត្ថភាព
ចំណុចចុងក្រោយនេះ Amoruso ណែនាំអោយជៀសវាងការនិយាយអំពីការកើនឡើងនៃការចំណាយ វិបត្តិសុខភាព ឬអ្វីដែលជាបញ្ហាផ្ទាល់ខ្លួន។ Amoruso និយាយថា ត្រូវរក្សាចំណេះ និងចំណាញរបស់អ្នក ក៏ដូចជាគិតពីវិជ្ជាជីវៈរបស់ការងារជាគោល រួចហើយចាកចេញពីបន្ទប់ជាមួយនឹងការគោរពចំពោះខ្លួនឯង និងចៅហ្វាយរបស់អ្នក៕
