ស្វាគមន៍មកកាន់ទំព័រថ្មីរបស់ apamat.com គឺ “Cambodia Startup Stories” ជាទំព័រពិសេសមួយ ដែលអ្នកអាចអានអំពីរឿងរ៉ាវចាប់ផ្តើមចេញរកស៉ីរបស់អ្នកជំនួញជោគជ័យកម្ពុជា និងអាជីវកម្មល្បីៗដែលបង្កើតឡើងដោយពលរដ្ឋកម្ពុជា។

យីហោជោគជ័យបំផុតមួយរបស់កម្ពុជា ដែលត្រូវបានគេហទំព័ររបស់យើងជ្រើសមកផ្សាយដំបូងគេ គឺ ហាងកាហ្វេ ប្រោន តើ ប្រោន កាហ្វេ ចាប់កំណើតឡើងដោយរបៀបណា

ស្ថាបនិករបស់ប្រោនមានបួននាក់ មានលោក ឆាង ប៊ុនលាង លោក កាង ហុក លោក កាង សែន និង លោក លីវ ឈួ លោក ឆាង ប៊ុនលាង កើតក្នុងឆ្នាំ ១៩៨៦ នៅរាជធានីភ្នំពេញ បញ្ចប់ថ្នាក់វិទ្យាល័យនៅសាលាបាក់ទូក បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំនៅវិទ្យាស្ថានបរទេស(IFL) និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសកលវិទ្យាល័យ Macquarie ប្រទេសអូស្ត្រាលី។

នៅឆ្នាំ២០០៨ លោក ប៊ុនលាង បានបញ្ចប់ការសិក្សាជាស្ថាពរពីអូស្ត្រាលី ហើយក៏ត្រឡប់មកភ្នំពេញវិញ។ ជីដូនមួយរបស់ ប៊ុនលាង គឺលោក កាង ហុក ក៏បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យវ៉ាស៉ីនតោន សហរដ្ឋអាមេរិក ហើយពួកគេទាំងពីរ មានបំណងជួយប្រឹក្សាដល់និស្សិតកម្ពុជាអំពីការអប់រំដោយមិនយកប្រាក់កម្រៃ ហើយពួកគេក៏ចាប់ផ្តើមជួយនិស្សិតកម្ពុជារៀបចំចុះឈ្មោះចូលរៀននៅអាមេរិក ប៉ុន្តែឆ្នាំនោះចំពេលមានវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ ហើយពួកគេក៏ឈប់វិញ។

បន្ទាប់មកពួកគេបានអង្គុយគិតជុំគ្នា ថាគួរធ្វើអ្វីបន្តទៀតដើម្បីអាចជួយផ្តល់ការងារដល់ប្រជាជនខ្មែរ និងមានប្រយោជន៍ដល់សង្គម។ នាពេលនោះហើយ គំនិតបង្កើតហាងកាហ្វេ ប្រោន ក៏ផុសឡើង ហើយវាគឺជាអាជីវកម្មដំបូងគេរបស់លោក ប៊ុនលាងផងដែរ។

ដោយសារតែគំនិតចង់ជួយសង្គមជាតិ បងប្អូនជីដូនមួយខ្មែរចិនទាំងបួននាក់ សម្រេចចិត្តដាក់ឈ្មោះហាងកាហ្វេតាមលំនាំពាក្យខ្មែរត្នោត” ឬភាសាអង់គ្លេស “Brown”

លោក ឆាង ប៊ុនលាង ទទួលខុសត្រូវផ្នែកគ្រប់គ្រងប្រតិបត្តិការក្នុងហាង លោក កាង ហុក ទទួលខុសត្រូវគូរប្លង់ លោក កាង សែន ទទួលខុសត្រូវខាងផ្នែកសាងសង់ហាង និងលោក លីវ ឆុង ជាអ្នកធ្វើនំ។ ពួកគេបានធ្វើការស្រាវជ្រាវ និងសិក្សាអំពីកាហ្វេជាច្រើន ប៉ុន្តែពួកគេមិនទាន់ចេះអំពីរបៀបឆុងកាហ្វេនៅឡើយទេ។ ដូច្នេះ លោក ប៊ុនលាង ក៏បានត្រឡប់ទៅប្រទេសអូស្ត្រាលីវិញ ដើម្បីចូលរៀនវគ្គខ្លីអំពីការឆុងកាហ្វេនៅទីនោះ។ មិនតែប៉ុណ្ណោះ លោកបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនទៀតនៅអាស៉ីដូចជាប្រទេសសឹង្ហបុរី និងប្រទេសថៃជាដើម ដើម្បីស្វែងរកគំនិតថ្មីៗ ការរចនាហាង និងរៀនអំពីអាជីវកម្មហាងកាហ្វេនៅទីនោះ ហើយយកគំនិតល្អៗច្របាច់បញ្ជូលគ្នាដើម្បីមកបង្កើតហាងកាហ្វេប្រោននៅកម្ពុជា។

ឆ្នាំ២០០៩ ស្របពេលដែលលោក ប៊ុនលាង មានអាយុទើបតែ ២៣ឆ្នាំ ហាងកាហ្វេទីមួយរបស់ប្រោន ក៏ត្រូវបានបើកនៅលើផ្លូវ ២១៤ ជិតផ្សារផិនសល។ នៅបីខែដំបូង អ្វីៗដំណើរការមិនបានល្អនោះទេ ប៉ុន្តែក្រុមស្ថាបនិកបានចាប់ផ្តើមសិក្សាពីតម្រូវការអតិថិជន និងបន្ថែមផលិតផលថ្មី ក្រោយមកទើបមានសម្ទុះនៃការលូតលាស់ឡើងវិញ។

សាខាប្រោនទីពីរ ត្រូវបានបើកនៅឆ្នាំ ២០១០ នៅបឹងកេងកង លើផ្លូវលេខ៥១ សាខាទីបីរបស់ប្រោន បើកនៅឆ្នាំ ២០១១ នៅបឹងកេងកងដែរ តែនៅលើផ្លូវលេខ៥៧។ សាខាទីបួននៅមាត់ទន្លេ បើកនៅឆ្នាំ ២០១២ សាខាទីប្រាំ បើកនៅទល់មុខ IFL ឆ្នាំ ២០១៣ ហើយសាខារបស់ប្រោនត្រូវបានពង្រីកជាបន្តបន្ទាប់គ្រប់ច្រកល្ហកនៅក្នុងតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។

យោងតាមការវាយតម្លៃរបស់យើង ប្រោនមានចំណុចខ្លាំងពីរដែលធ្វើឲ្យយីហោហាងកាហ្វេមួយនេះខ្លាំង និងជោគជ័យជាងគេក្នុងចំណោមហាងកាហ្វេធំៗរបស់ខ្មែរ។ ចំណុចខ្លាំងទីមួយគឺ គ្រប់សាខាទាំងអស់របស់ ប្រោន សុទ្ធតែត្រូវបានរចនា និងតុបតែងខុសៗគ្នាទាំងអស់ ហើយបរិយាកាសនៅក្នុងហាងកាហ្វេប្រោនគឺពិតជាពិសេស ដែលធ្វើឲ្យមនុស្សម្នាទៅប្រោន មិនមែនទៅត្រឹមតែទៅផឹកកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែជា life style មួយ។ ចំណុចខ្លាំងទីពីរគឺ ប្រោនចាយលុយច្រើនទៅលើការផលិតធនធានមនុស្ស។ ខុសពីហាងកាហ្វេផ្សេងទៀតដែលមិនសូវហានចាយលុយលើបុគ្គលិក ប៉ុន្តែ ប្រោន បានធ្វើរឿងដ៏ត្រឹមត្រូវមួយគឺផ្តល់ឱកាស ជួយ និងលើកទឹកចិត្តដល់បុគ្គលិកទាំងអស់។ បែបនេះហើយ បានជាបុគ្គលិករបស់ប្រោនមានភាពស្វាហាប់ និងជំនាញលើការងាររបស់ពួកគេ ដើម្បីរួមគ្នាជួយប្រោនឲ្យជោគជ័យដូចបច្ចុប្បន្ននេះ និងទៅថ្ងៃមុខបន្តទៀត។ 

ប្រោន កាហ្វេ (Brown Coffee) គឺជាយីហោហាងកាហ្វេរបស់ខ្មែរលំដាប់លេខមួយនាពេលបច្ចុប្បន្ន ដែលជាទីពេញនិយមរបស់យុវវ័យនាទីក្រុងភ្នំពេញ និងជាកន្លែងដែលអ្នកជំនួញ និងសិស្សសកលវិទ្យាល័យជួបពិភាក្សាគ្នា និងធ្វើកិច្ចការសាលា។ គិតត្រឹមខែធ្នូ ឆ្នាំ ២០១៨ ប្រោន មានសាខាសរុបចំនួន ១៩ ដោយមាន ១៧សាខានៅភ្នំពេញ និង ២សាខានៅខេត្តសៀមរាប៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។