Satya Nadella “អ្នកដឹកនាំល្អ មានលក្ខណៈទាំង ៣ នេះ”

2848

និយាយដល់ភាពជាអ្នកដឹកនាំ មនុស្សម្នាក់ៗមានការយល់ឃើញខុសៗគ្នា។ អ្នកខ្លះយល់ថា ភាពជាអ្នកដឹកនាំគឺជាការបង្កើតភាពជោគជ័យបានច្រើនបំផុត ឬភាពជាអ្នកដឹកនាំគឺជាការធ្វើអ្វីមួយដែលអ្នកដទៃធ្វើមិនបាន និងមានសចក្តីមុះមុតក្នុងការតស៊ូ។

ជាការពិតណាស់ ភាពជាអ្នកដឹកនាំល្អ គឺជាកត្តាមិនអាចខ្វះបានក្នុងគ្រប់បណ្ដាអង្គភាព​ មិនថាតែក្នុងជំនួញ ឬសង្គមកិច្ច។ បើតាមទស្សនៈរបស់កវីនិពន្ធសៀវភៅអំពីភាពជាអ្នកដឹក និងជាអ្នកពូកែប្រើវោហារស័ព្ទនិយាយជាសាធារណៈដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក លោក John Calvin Maxwell យល់ថា “ភាពជាអ្នកដឹកនាំ ឬអ្នកដឹកនាំ គឺជាអ្នកដែលស្គាល់ផ្លូវ ដើរតាមផ្លូវនោះ និងបញ្ហាញផ្លូវនោះដល់អ្នកផ្សេងទៀត”

យ៉ាងណាមិញ មុនពេលបុរសដែលមានសញ្ជាតិដើមជាជនជាតិឥណ្ឌាបានក្លាយជានាយកប្រតិបត្តិដឹកនាំក្រុមហ៊ុនរកចំណូលបានរាប់ពាន់លានរៀងរាល់ឆ្នាំ Microsoft, លោក Satya Nadella បាននិងកំពុងបម្រើការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ថ្នាក់ពិភពលោកនេះរួចទៅហើយ ទាំងដែលលោកមិនទាន់មានសញ្ញាបត្រនៅក្នុងដៃផង។

ដើម្បីបន្តការសិក្សា Nadella ត្រូវធ្វើដំណើរតាមជើងយន្តហោះពីក្រុង Seattle ទៅកាន់ក្រុង Chicago នៅព្រលប់ថ្ងៃសុក្រ និងត្រឡប់មក Seattle វិញនៅវេលាព្រឹកថ្ងៃច័ន្ទ។ គាត់ត្រូវចំណាយពេលបែបនេះប្រាំឆ្នាំ​ដើម្បីបញ្ចប់បិរញ្ញបត្រជាន់ខ្ពស់ក្នុងមុខវិជ្ជារដ្ឋបាលធុរៈកិច្ចនៅឯសកលវិទ្យាល័យ Chicago ស្របពេលដែលគាត់ត្រូវធ្វើការងារពេញម៉ោងនៅក្នុងក្រុមហ៊ុន Microsfot ផងដែរ។

Satya nadella ខាងឆ្វេង

ក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី Chicago Booth Review នាយកប្រតិបត្តិរបស់ Microsoft នាពេលបច្ចុប្បន្ននេះបាននិយាយថា “កាលនោះ (គ្រាដែលលោក Satya Nadella កំពុងសិក្សានៅ the University of Chicago) សិស្សជាច្រើនដែលកំពុងសិក្សាក្នុងជំនាញរដ្ឋបាលធុរៈកិច្ចជាន់ខ្ពស់ (MBA=Master of Business Administration) ក៏មិនខុសពីខ្ញុំដែរ គឺពួកយើងមានចំណេះដឹង និងបទពិសោធន៍សមល្មមមុនពេលដែលយើងចាប់យកមុខវិជ្ជានេះ ហើយអ្វីដែលសាលាគួរតែផ្តល់ឱ្យពួកយើងក្នុងចំណោមរឿងផ្សេងទៀតនោះគឺ ឱកាសក្នុងការបណ្ដុះបុគ្គលិកលក្ខណៈក្នុងភាពជាអ្នកដឹកនាំ” ពោលគឺលក្ខណៈទាំងបីខាងក្រោមនេះ៖

១. មានសមត្ថភាពបង្កើតភាពច្បាស់លាស់នៅពេលដែលអ្វីៗមើលទៅស្រពិចស្រពិល

“វាគឺជាលក្ខណៈដ៏ពិសេសបំផុតដែលអ្នកនាំល្អត្រូវតែមាន ប៉ុន្តែវាបែរជាត្រូវបានគេមើលរំលងទៅវិញ” នេះជាការលើកឡើងរបស់ Nadella។ លោកបន្តថា អ្នកមិនចាំបាច់មានអ្នកដឹកនាំអ្វីទេ បើសិនជាអ្វីៗត្រូវបានកំណត់ច្បាស់ និងងាយស្រួលហើយនោះ អ្នកគ្រាន់តែធ្វើតាមផែនការដែលគេសរសេរចេញមកជាការស្រេច។ ប៉ុន្តែ បើស្ថិតក្នុងស្ថានភាពដែលនៅមានមន្ទិលសង្ស័យ ឫខ្វះពត៌មានពេញលេញ នោះទើបជាពេលដែលភាពជាអ្នកដឹកនាំដើរតួនាទីសំខាន់។ “អ្នកណាដែលមានសមត្ថភាពចូលទៅពិនិត្យមើលក្នុងស្ថានភាពដែលអ្វីមួយនៅមានភាពមិនប្រាកដប្រជា និងអាចបង្ហាញកាន់តែច្បាស់ចំពោះកិច្ចការដែលត្រូវធ្វើបន្ទាប់ អ្នកនោះគឺជាមនុស្សអស្ចារ្យប្រកបដោយតម្លៃវិសេស” Satya Nadella

២. ពូកែបញ្ឆេះអារម្មណ៍

ក្រៅពីចេះបង្កើតភាពច្បាស់លាស់ក្នុងការងារស្មុគស្មាញ អ្នកដឹកនាំល្អត្រូវចេះបញ្ឆេះអារម្មណ៍បង្កើតចេញជាថាមពលនៅក្នុងខ្លួនរបស់កូនក្រុម។ Satya បាននិយាយថា “អ្នកដឹកនាំពូកែអាចបង្កើតថាមពលមិនមែនត្រឹមតែមនុស្សដែលក្នុងក្រុមរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគឺនៅក្នុងក្រុមហ៊ុនទាំងមូល”។ ជាការពិត វាមិនទាន់គ្រប់គ្រាន់នៅឡើយទេដែលត្រូវផ្តោតការយកចិត្តទុកដាក់ទាំងស្រុងសម្រាប់តែក្រុមរបស់អ្នកក្នុងនាមជាអ្នកដឹកនាំ។ លើសពីនេះ អ្នកដឹកនាំឆ្នើមត្រូវចេះបញ្ឆេះកម្លាំង បង្កើនភាពច្នៃប្រឌិតជាវិជ្ជមាន ចែករំលែកឆន្ទៈ និងត្រូវចេះជំរុញឱ្យកូនក្រុមមានការវិវត្តខ្លួនគ្រប់ស្ថានភាព។ “ដើម្បីក្លាយជាអ្នកដឹកនាំដ៏លេចធ្លោ អ្នកត្រូវមានអត្តចរិតដែលអ្នកផ្សេងទៀតពិបាកធ្វើដូច ហើយចំណុចទាំងអស់នេះអាចមើលឃើញយ៉ាងជាក់ច្បាស់តាមរយៈមនុស្សដែលដើរតាមអ្នក” CEO​ របស់ Microsoft បាននិយាយដូច្នេះ។

៣. មានសមត្ថភាពសម្រេចកិច្ចការគ្រប់កាលៈទេសៈ

ទោះជានៅទីណា កន្លែងណា ម៉ោងណា អ្នកដឹកនាំពូកែអាចបង្កើតការផ្លាស់ប្តូរបានជានិច្ច។ បើអ្នកដឹកនាំណាម្នាក់​ មិនថានៅក្នុងការរកស៊ី ឬវិស័យអ្វីផ្សេងក៏ដោយ និយាយថាគេមិនអាចធ្វើរឿងនេះ ឫការងារទាំងនោះរញ៉េរញ៉ៃនិងច្រើនជ្រុល នោះបានន័យថាគេមិនមែនជាអ្នកដឹកនាំដែលនឹងអាចនាំភាពជោគជ័យជូនក្រុមហ៊ុនរបស់អ្នកបានទេ។ Satya Nadella បាននិយាយថា “ការងារទាំងឡាយក៏មិនខុសពីខ្សែជីវិតរបស់មនុស្សប៉ុន្មានដែរ ដែលពោរពេញទៅដោយបញ្ហាមិនចេះចប់ ហើយរឿងមួយគត់ដែលអ្នកមិនអាចគេចផុតគឺត្រូវដោះស្រាយវា”។ ចង់ធ្វើជាអ្នកដឹកនាំគេ អ្នកមិនគួរប្រើពាក្យថា “ខ្ញុំធ្វើមិនបាន ឬខ្ញុំមិនអាចទៅរួច” នោះទេ ព្រោះការងារខ្លះម្ចាស់ក្រុមហ៊ុនគ្រាន់តែនិយាយដើម្បីស្ទាបស្ទង់សមត្ថភាព ការប្តេជ្ញាចិត្ត និងភាពជឿជាក់របស់អ្នកក្នុងការធ្វើវាតែប៉ុណ្ណោះ៕

ប្រភព៖ weforum

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕