ធ្វើដូចម្ដេចដើម្បីអោយបុគ្គលិកល្អមិនចង់លាឈប់ពីការងារ?

3359

ការដែលបុគ្គលិកសុំឈប់គឺជារឿងគួរអោយឈឺក្បាលមួយដែលអាជីវកម្មជាច្រើនតែងជួប។ នៅពេលជួលបុគ្គលិកថ្មីមកអ្នកមិនអាចអោយគេធ្វើការបានល្អភ្លាមៗទេព្រោះអ្នកត្រូវបង្រៀនបុគ្គលិកថ្មីនោះ ហើយរូបគេផ្ទាល់ក៏ត្រូវសម្របខ្លួននឹងបរិស្ថានកន្លែងធ្វើការផងដែរ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដើម្បីចងជើងអោយបុគ្គលិកអ្នកចង់ធ្វើការក៏ដូចជាមានភាពស្មោះត្រង់នឹងកន្លែងការងារ។ស

១.មើលឃើញពីចំនុចល្អរបស់គេ៖ ត្រូវអោយបុគ្គលិកនោះដឹងថាអ្នកអោយតម្លៃទៅលើគាត់ ហើយរូបគេគឺពិតជាមានសារៈសំខាន់សម្រាប់អាជីវកម្មរបស់អ្នក។ អ្នកអាចធ្វើអោយគេដឹងដោយប្រាប់គេតែពីរនាក់ ឬ នៅពេលប្រជុំអ្នកអាចលើកឡើងពីចំនុចល្អរបស់គេអោយបុគ្គលិកទាំងអស់បានដឹងផងដែរ។ ឧទាហរណ៍ ការប្រជុំមួយដែលនិយាយពីបញ្ហាការងារឬការមកធ្វើការយឺតជាដើម អ្នកអាចលើកឡើងថាបុគ្គលិក ក តែងតែមកធ្វើការទៀងពេលរីឯការងារវិញក៏មានការយកចិត្តទុកដាក់ខ្ពស់…។ ការលើកឡើងបែបនេះធ្វើអោយបុគ្គលិក ក ពេញចិត្តនឹងការខិតខំប្រឹងប្រែងរបស់ខ្លួន ហើយក៏ដូចជាការបង្ហាញពីគំរូរបស់បុគ្គលិក​ ក ទៅកាន់បុគ្គលិកដទៃទៀតដែរ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

២.មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយគាត់៖ នៅកន្លែងធ្វើការគឺមានទំនាក់ទំនងរវាងបុគ្គលិក និង ម្ចាស់អាជីវកម្ម ប៉ុន្ដែនៅក្រៅម៉ោងការងារអ្នកក៏អាចមានទំនាក់ទំនងឬមិត្តភាពជាមួយពួកគាត់ផងដែរ។ ដើម្បីបង្កើតទំនាក់ទំនងនោះអ្នកអាចចាប់ផ្ដើមដោយសួរនាំពីនេះពីនោះអំពីក្រុមគ្រួសារ ចំណង់ចំណូលចិត្ត ដំណើរកំសាន្ដ… និយាយរួមក្នុងការងារការទំនាក់ទំនងមិនមែនមានតែពីរឿងការងារទេគឺត្រូវមានរឿងបុគ្គលបន្តិចបន្ដួច។ ប្រសិនបើអ្នកសង្កេតមើលបុគ្គលិកណាដែលធ្វើការយូរនៅក្នុងអាជីវកម្មណាមួយគឺជានិច្ចកាលគាត់និងម្ចាស់អាជីវកម្មនោះរាប់អានគ្នា និង មានទំនាក់ទំនងជិតស្និទ្ធផងដែរ។

៣.ផ្ដល់នូវទំនួលខុសត្រូវអោយពួកគេ៖ មនុស្សយើងចង់អោយគេចាត់ទុកថាជាបុគ្គលម្នាក់ដែលមានទំនួលខុសត្រូវមិនថាក្នុងការងារឬក្នុងជីវិត ម្ល៉េះហើយអ្នកត្រូវតែផ្ដល់នូវទំនួលខុសត្រូវតាមផ្នែកនីមួយៗអោយពួកគេ។ នៅពេលដែលគេមានទំនួលខុសត្រូវរៀងខ្លួនៗហើយគេនឹងផ្ដោតលើការងារនោះបានច្បាស់លាស់ជាង ហើយក៏គិតថាអ្នកគ្រប់គ្រងខ្លួនអោយតម្លៃ និង ជឿទុកចិត្តលឿសមត្ថភាពរបស់គាត់។

៤.ផ្ដល់នូវសម្ភារៈគ្រប់គ្រាន់៖ ការងារសឹងតែទាំងអស់មិនមែនងាយស្រួលទេ បើងាយស្រួលប្រហែលម្ចាស់អាជីវកម្មធ្វើដោយខ្លួនឯងបាត់ទៅហើយ។ ដូចនេះដើម្បីអោយបុគ្គលិករបស់ខ្លួនបំពេញការងារបានល្អអ្នកត្រូវតែផ្ដល់នូវសម្ភារៈធ្វើការអោយបានគ្រប់គ្រាន់ ព្រោះវាមិនត្រឹមតែកាត់បន្ថយពេលវេលាទេ វាថែមទាំងធ្វើអោយបុគ្គលិកអ្នកបំពេញការងារពោរពេញដោយការជឿទុកចិត្តលើខ្លួនឯង។ ឧទាហរណ៍ បុគ្គលិកខាងគិតលុយរបស់អ្នកមិនមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ដូចជាម៉ាស៊ីនគិតលេខ កុំព្យូទ័រ ប៊ិចសៀវភៅសម្រាប់កត់ត្រាគ្រប់គ្រាន់ ហើយជានិច្ចកាលវាបង្កភាពយឺតយ៉ាវក្នុងការគិតលុយឬគិតលុយខុសជាដើម។ ប្រសិនបើបុគ្គលិកនោះស្នើរសុំហើយតែអ្នកនៅតែមិនចាប់អារម្មណ៍ មិនយូរឬឆាប់គេនឹងលាឈប់ដោយឯងៗ ហើយបើយើងសង្កេតមើលក្នុងប្រទេសកម្ពុជាវិញ អាជីវកម្មខ្លះជាពិសេសគឺអាជីវកម្មលក្ខណៈគ្រួសារគឺមានការធ្វេសប្រហែសខាងផ្នែកនឹងច្រើន។

៥.ផ្ដល់នូវផលប្រយោជន៍ដល់គេវិញ៖ ទោះបីជាអ្នកធ្វើចំនុចបួនខាងលើបានល្អយ៉ាងណាក៏ដោយក៏ជាទូទៅការលើកទឹកចិត្តបុគ្គលិកគ្មានអ្វីល្អជាងការតម្លើងប្រាក់ខែ ឬ ផ្ដល់នូវផលប្រយោជន៍ផ្សេងៗទៀតដូចជាធានារ៉ាប់រងសុខភាព យានជំនិះ ប្រាក់ក្រៅម៉ោង ការជប់លៀងលើកទឹកចិត្ត…៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។