ក្រុមហ៊ុនចែករំលែកកង់ Mobike មានវាសនាមិនខុសពី Ofo ឡើយ គឺដកខ្លួនចេញទីផ្សារអន្តរជាតិ ត្រឡប់ទៅចិនវិញ

3205

ក្រុមហ៊ុនចែករំលែកកង់គ្នាជិះ Mobike មានវាសនាមិនខុសពីគូប្រជែងធំបំផុតរបស់ខ្លួនគឺក្រុមហ៊ុន Ofo នោះទេ ខណៈក្រុមហ៊ុនរបស់ចិនទាំងពីរនេះកំពុងដកខ្លួនចេញពីទីផ្សារអន្តរជាតិរបស់ខ្លួន។ ជាពិសេសក្រុមហ៊ុននេះ ត្រូវបានគេរាយការណ៍ថា បានចាកចេញពីទីផ្សារតំបន់អាស៊ីប៉ាស៊ីហ្វិក។

យោងតាមរបាយការណ៍របស់ TechCrunch បានឱ្យដឹងថាបុគ្គលិកពេញម៉ោងច្រើនជាង ១៥នាក់របស់ក្រុមហ៊ុន Mobike ដែលត្រូវបានគេបញ្ជូនមកប្រទេសសិង្ហបុរី, ឥណ្ឌា, អូស្ត្រាលី, ថៃ និងម៉ាឡេស៊ី បានបាត់បង់ការងារ។ មិនខុសពីការដកខ្លួនពីសិង្ហបុរីរបស់ក្រុមហ៊ុន Ofo នោះទេ គឺមិនមានហេតុផលជាក់លាក់ណាមួយត្រូវបានផ្តល់ឱ្យដឹងពីការដកខ្លួននេះទេ។ យោងតាមប្រភពរបស់ TechCrunch បានឱ្យដឹងថា Mobike អាចនឹងកាត់បន្ថយបុគ្គលិកកាន់តែច្រើនថែមទៀត។

ក្រុមហ៊ុន Meituan-Dianping ដែលបានចុះបញ្ជីនៅផ្សារហ៊ុនហុងកុង ទើបតែទិញយកក្រុមហ៊ុន Mobike តែប៉ុណ្ណោះ ប៉ុន្តែម៉ូដែលអាជីវកម្មចែករំលែកកង់គ្នាជិះនេះ នៅតែគ្មាននិរន្តរភាពច្បាស់លាស់។ បច្ចុប្បន្នក្រុមហ៊ុន Mobike កំពុងបោះបង់ចោលផែនការពង្រីកចូលទីផ្សារសកលរបស់ខ្លួន ហើយវិលត្រលប់ទៅមូលដ្ឋានដើមវិញ គឺប្រទេសចិន។

ក្រុមហ៊ុនចែករំលែកកង់គ្នាជិះដ៏ធំមួយទៀតរបស់ចិនឈ្មោះ Ofo កំពុងងាកទៅសំងំបង្កើតគេហទំព័រលក់ទំនិញលើអនឡាញមួយទៀត ដើម្បីបង្កើនចំណូល៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។