មកស្គាល់មេដឹកនាំបច្ចេកវិទ្យាចំនួន ៦នាក់ ដែលប្រឡុកក្នុងនយោបាយប្រទេសថៃ

2943

ថ្មីៗនេះ​មានលេចមុខមាត់អ្នកនយោបាយជើងថ្មី ៦នាក់ ដែលកំពុងព្យាយាមធ្វើការផ្លាស់ប្តូររបត់នៃផ្នត់គំនិតនយោបាយក្នុងប្រទេសថៃ ហើយពួកគេទាំងនោះសុទ្ធសឹងតែជាអ្នកជំនួញ រកស៊ីក្នុងវិស័យបច្ចេកវិទ្យា។

. លោក Tim Pita Limjaroenrat

លោក Tim Pita Limjaroenrat គឺបេក្ខជនម្នាក់ដែលអាចតស៊ូប្រជែងតំណែងនាយករដ្ឋមន្ត្រីក្នុងប្រទេសថៃនៅថ្ងៃខាងមុខ និងជាសមាជិករបស់បក្សនយោបាយ Future Forward Party ដែលទើបតែបង្កើតឡើងនៅឆ្នាំ២០១៨ ដោយលោក Thanathom Juangroongruangkit អតីតសមាជិកក្រុមប្រឹក្សាច្បាប់របស់ប្រទេសថៃ។ Tim Pita Limjaroenrat ក៏ជាអ្នកនយោបាយវ័យក្មេងដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងជុំវិញឆន្ទៈ និងភាពជោគជ័យរបស់លោក ក្នុងតំណែងជាប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Agrifood Company Limited និង Great Ocean Food ហើយក៏ជាអតីតនាយកប្រតិបត្តិរបស់ Grab Thailand ផងដែរ។ ​ក្នុងដំណើរទៅកាន់ជោគជ័យ លោក Tim និយាយថាលោកបានឆ្លងកាត់បទពិសោធន៍រកស៊ីជាច្រើនជុំវិញពិភពលោក ជាពិសេសគឺការប្រែក្លាយបំណុលចំនួន ១០០លានបាត របស់ឪពុកលោក ឱ្យទៅជាក្រុមហ៊ុនមួយដែលមានតម្លៃរាប់លានបាត ​និងការជួយស្រោចស្រង់ជីវិតនៃវិស័យកសិកម្មក្នុងប្រទេសថៃ ឱ្យរស់ឡើងវិញដោយប្រើបច្ចេកវិទ្យា។ Tim Pita Limjaroenrat មានទស្សនៈមួយក្នុងការធ្វើយុទ្ធនាការឃោសនានយោបាយ គឺការអភិវឌ្ឍគ្រឹះនៃសេដ្ឋកិច្ចថៃដោយបច្ចេកវិទ្យា។

. ​លោក Korn Chatikavanij

លោក Korn Chatikavanij គឺជាអនុមេដឹកនាំបក្សប្រជាធិបតេយ្យ និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសថៃ។ លោក Korn ត្រូវបានគេស្គាល់ថាជាមនុស្សដែលមានជំហរពីរ ទាំងក្នុងវិស័យនយោបាយ និងវិស័យជំនួញ។ ជាងនេះទៀត លោកមានមុខងារជាប្រធានក្រុមហ៊ុន Refinn International Dot Com Co.Ltd, សមាគមន៍ Thai FinTech Club, ជាអ្នកវិនិយោគក្នុងអាជីវកម្មបង្កើតថ្មី និងជាសមាជិកក្រុម ផ្តល់ប្រឹក្សាក្នុងវិស័យរូបិយប័នអេឡិចត្រូនិច សម្រាប់ឧស្សាហកម្មច្នៃប្រឌិតឌីជីថលក្នុងប្រទេសថៃផងដែរ។

. លោក Settapong Malisuwan

លោកវរសេនីយឯក Settapong Malisuwan គឺជាអ្នកនាំពាក្យបក្សនយោបាយ Bhumjaithai Party និងបានឡើងកាន់តំណែងជាអនុប្រធានគណៈកម្មការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់ប្រទេសថៃ ក្រោយពីបញ្ចប់ការសិក្សាក្នុងឯកទេសវិស្វករអគ្គិសនី និងព័ត៌មានវិទ្យា។ វរសេនីយឯក Settapong ក៏ធ្លាប់បានបម្រើការជាលេខាធិការរបស់សមាជិកប្រធានក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត CAT Telecom និងធ្លាប់ធ្វើជាគ្រូនៅតាមសកលវិទ្យាល័យមួយចំនួនផងដែរ។ លោក​ Settapong បានចូលរួមជាមួយបក្ស Bhumjaithai ពីព្រោះតែបក្សនេះមានគោលនយោបាយភ្ជាប់នឹងបច្ចេកវិទ្យា ដូចជាការធ្វើបដិវត្តន៍ប្រព័ន្ធអប់រំអនឡាញ ដែលហៅថា Thailand Sharing University ។ លើសពីនេះ លោកវរសេនីយឯក Settapong Malisuwan ក៏មានបំណងធ្វើឱ្យគោលនយោបាយរបស់បក្សរបស់លោក ក្លាយទៅជាការពិតផងដែរ។

. លោក Chatchat Sittiphan

Chatchat Sittiphan គឺជាបេក្ខជននយោបាយមួយរូបទៀត ដែលបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានប្រជាជនថៃជាច្រើនដើរតាមជំហររបស់គាត់។ លោក Sittiphan ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសថៃ និងត្រូវបានប្រជាជនថៃដាក់នាមថា រដ្ឋមន្ត្រីដែលខ្លាំងជាងគេក្នុងលោក។ លោក Chatchat Sittiphan ចាប់ផ្តើមការងារដំបូងជាគ្រូក្នុងមុខវិជ្ជាវិស្វករសំណង់ស៊ីវិលនៅសកលវិទ្យាល័យ Chulalongkorn University  និងក្រោយមកបានបម្រើតួនាទីជាសមាជិកគណៈកម្មាធិការនៃសហគ្រាសរដ្ឋផ្សេងទៀតរួមមាន Transport Company Limited, Mass Rapid Transit Authority of Thailand និង Aeronautical Radio of Thailand Company Limited។ តំណែងចុងក្រោយដែលលោកកាន់ គឺនាយកឯករាជ្យ និងជាសមាជិកម្នាក់របស់គណៈកម្មាធិការសវនករនៃក្រុមហ៊ុន Land&House Public Company Limited បើទោះជា Chatchat Sittiphan មិនមែនជាអ្នកជំនួញដែលមកពីវិស័យបច្ចេកវិទ្យាទាំងស្រុងក្តី តែលោកបានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងក្នុងវិស័យបច្ចេកវិទ្យា។

​. លោក Kaikong Witthayakarn

លោក Kaikong Witthayakarn ក៏ជាសមាជិកម្នាក់របស់បក្ស Future Forward Party ដូចលោក Tim Pita Limjaroenrat ដែរ ហើយលោកក៏ជាមនុស្សម្នាក់ដែលផ្តល់អទិភាព ដល់ការទំនាក់ទំនង និងព័ត៌មានវិទ្យាក្នុងសង្គម។ Kaikong គឺស្ថិតក្នុងចំណោមមនុស្សដែលអាចផ្តល់ក្តីសង្ឃឹមសម្រាប់រដ្ឋាភិបាលបើកចំហរមួយនៅក្នុងប្រទេសថៃ ដែលអាចឱ្យប្រជាជនថៃធ្វើការពិនិត្យសកម្មភាពការងារក្នុងវិស័យសាធារណៈ។ បន្ថែមពីនេះ Kaikong Witthayakarn ធ្លាប់បានបំពេញការងារជាច្រើនពាក់ព័ន្ធជាមួយបច្ចេកវិទ្យា ដូចជាការរៀបចំគម្រោងបណ្ដាញទំនាក់ទំនង និងចែកចាយព័ត៌មានសម្រាប់អង្គភាពចម្រុះក្នុងនោះរួមមាន Digital Government Development Agency, United Nations Development Program និងធ្លាប់បានធ្វើជាអគ្គនាយកក្នុងកិច្ចការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា និង National Human Rights Commission។ ម្យ៉ាងវិញទៀត លោកក៏ធ្លាប់មានតួនាទីជាអនុប្រធានរបស់ Change Fusion ដែលជាស្ថាប័នមិនស្វែងរកប្រាក់កម្រៃក្រោមគ្រឹះស្ថាន Thai Rural Reconstruction Movement Foundation ដែលស្ថិតនៅក្រោមការគាំពាររបស់ Royal Patronage

. លោក Kanawat Chanataralawan

Kanawat Chanataralawan ឬត្រូវបានគេហៅមួយបែបទៀតថាលោក Dr. Ake គឺជាសមាជិករបស់បក្សប្រជាធិបតេយ្យ និងជាមនុស្សម្នាក់ដែលមានការទទួលខ្លាំងក្នុងវិស័យការងារនៃឧស្សាហកម្មបែបកម្សាន្ត។ ក្រៅពីនេះ Kanawat នៅមានតំណែងជានាយកប្រតិបត្តិរបស់គម្រោង Rakdee Venture ដែលផ្តោតទៅលើវិស័យថែទាំសុខភាពផងដែរ។ Kanawat Chanataralawan ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថាជាដំណក់ឈាមថ្មី សម្រាប់បក្សប្រជាធិបតេយ្យក្នុងប្រទេសថៃ៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕