របៀបសរសេរសំណើរលក់របស់អង្គភាព (USP)

4519

USP មកពីពាក្យពេញ Unique Selling Proposition ដែលពាក្យខ្មែរហៅវាថា សំណើរលក់របស់អង្គភាព (ហៅតាមក្រសួងសេដ្ឋកិច្ច)។ វាគឺជា ការសរសេររៀបរាប់អំពីភាពខុសគ្នារវាងផលិតរបស់អ្នក និងគូប្រជែង ឬនិយាយឲ្យខ្លីថា ធ្វើឲ្យប្លែក និងល្អជាងគេ។ ហើយនៅក្នុង USP នេះ អ្នកត្រូវរកឲ្យឃើញថា ផលិតផលរបស់អ្នក មានចំណុចពិសេស ឬជម្រើសអ្វីខ្លះ ដែលអាចទាក់ចិត្តអតិថិជនឲ្យមកជ្រើសវា និងបោះបង់ផលិតផលដែលជាគូប្រជែង។ វាត្រូវសរសេរឡើង ដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នក មានភាពខុសគ្នាពីគូប្រជែង ឬលក្ខណៈមួយប្លែក និងល្អ ដែលអាជីវកម្មផ្សេងទៀតមិនមាន។

នៅក្នុងអាជីវកម្មនិមួយៗ តែងមានគុណតម្លៃពិសេសរៀងៗខ្លួនរបស់វា។ មូលហេតុមួយដែលអាជីវកម្មមួយអាចនាំមុខគេក្នុងទីផ្សារ គឺដោយសារពួកគេរៀប USP ដែលល្អជាងអាជីវកម្មគូប្រជែងរបស់ពួកគេ។ តើអ្នកចូលចិត្តទៅផឹកកាហ្វេនៅហាងមួយណាជាងគេ? ចំណុចទាក់ទាញ ខុសពីហាងដទៃទៀតនោះហើយ ជា USP ដែលគេបានរៀបដើម្បីទាក់ទាញអ្នក ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

USP អាចជួយអ្នកច្រើន ទាក់ទងនឹងគោលដៅនៃទីផ្សារ និងជួយអ្នកឲ្យអាចមានឥទ្ធិពលលើគូប្រជែងរបស់អ្នក។ USP របស់អ្នក អាចធ្វើឲ្យមនុស្សចងចាំស្លាកយីហោរបស់អ្នក ហើយ ៤ ជំហានខាងក្រោមនេះ និងជួយអ្នកឲ្យសរសេរ USP សម្រាប់អាជីវកម្មថ្មីរបស់អ្នក៖

១. ត្រលប់ទៅមើលចំណុចដើមវិញ

ជំហានទីមួយ គឺអ្នកត្រូវទៅមើលពីចំណុចមូលដ្ឋានមួយចំនួនឡើងវិញ ហើយចំណុចទាំងនោះមានដូចជា វត្ថុបំណងនៃអាជីវកម្ម គម្រោងអាជីវកម្ម ទិន្នន័យដែលបានមកពីការវិភាគទីផ្សារ និង គោលដៅដែលអ្នកចង់ដឹកនាំអាជីវកម្មរបស់អ្នកឆ្ពោះទៅ។ អ្នកត្រូវដឹងថា នរណាខ្លះដែលអ្នកនឹងលក់ផលិតផលរបស់អ្នកទៅឲ្យ ហើយហេតុអ្វីបានជាអ្នកលក់វា?

ឧទាហរណ៍៖​ អាជីវកម្មខ្នាតតូចមួយរកស៊ីលក់ និងផ្គត់ផ្គង់ក្រដាសកេះដាក់ទំនិញ អញ្ចឹងគាត់ត្រូវឆ្លើយនឹងសំនួរបែបនេះ៖

-តើផលិតផល ឬសេវាកម្មរបស់អ្នកគឺជាអ្វី? 

ក្រដាសកេះដាក់ទំនិញ 

-នរណាខ្លះដែលជាអតិថិជនគោលដៅរបស់អ្នក?

អ្នកលក់ទំនិញតាមអនឡាញ និងសហគ្រាសផលិតផលិតផលក្នុងស្រុក

-តើមានអ្វីដែលអាចធ្វើឲ្យអតិថិជនចាប់អារម្មណ៍មកលើអ្នក?

សាវាកម្មឆាប់រហ័ស ការទូទាត់ប្រាក់ងាយស្រួល

-តើគោលដៅរបស់អ្នកចង់ធ្វើអ្វី?

ជួយអតិថិជនឲ្យទទួលបានការផ្គត់ផ្គង់សំបកកេះ បានលឿន ងាយស្រួល និងតម្លៃទាប។

២. ដោះស្រាយបញ្ហា

ជំហានបន្ទាប់ គឺត្រូវរកឲ្យឃើញថា អ្វីដែលជាបញ្ហារបស់អតិថិជន ហើយផលិតផល ឬសេវាកម្មរបស់អ្នក អាចដោះស្រាយបញ្ហានោះដោយរបៀបណា។ បើតាមឧទាហរណ៍សំបកកេះខាងលើ ដំណោះស្រាយរបស់គាត់អាចជា ផ្តល់នូវសុវត្ថិភាព និងងាយស្រួលដល់អ្នកលក់អនឡាញ ក្នុងការវេចខ្ចប់ទំនិញមុនដឹកឲ្យអតិថិជន និងធ្វើឲ្យម្ចាស់សហគ្រាសក្នុងស្រុកងាយស្រួល ក្នុងការវេចខ្ចប់ទំនិញឲ្យមានសោភ័ណភាព និងគួរឲ្យទុកចិត្ត។

៣. រកភាពខុសគ្នារវាងអ្នក និងគូប្រជែង

ជំហាននេះ ផ្តោតលើការវិភាគភាពខុសគ្នានៃដំណោះស្រាយរបស់អ្នក ថាតើវាល្អជាងដំណោះស្រាយរបស់គូប្រជែងរបស់អ្នក ឬអត់។ តម្លៃនៃភាពខុសគ្នា និងល្អជាងគេ គឺជាហេតុផល ដែលធ្វើឲ្យអតិថិជនរើសយកអ្នក។

ភាពខុសគ្នារបស់ឧទាហរណ៍របស់យើងខាងលើ អាចជា ការផ្គត់ផ្គង់សំបកកេះដែលមានគុណភាពខ្ពស់ តម្លៃថោកជាងគេ កម្មង់ភ្លាម-ដឹកជញ្ជូនភ្លាម ឬក៏មានជម្រើសល្អៗផ្សេងទៀតឲ្យអតិថិជនរើស។

៤. ការសន្យា

ជំហានចុងក្រោយនេះ គឺជាជំហានដែលយកជំហានទាំងបីខាងលើមកច្របាច់បញ្ចូលគ្នា ហើយបង្កើតបានជាតម្លៃមួយដែលតំណាងឲ្យអាជីវកម្មរបស់អ្នកទាំងមូល។ អ្នកត្រូវចាំថា កេរ្តិ៍ឈ្មោះរកស៊ី គឺជារឿងសំខាន់ណាស់ កុំសន្យាអ្វីដែលអ្នកមិនអាចធ្វើបាន។ ការសន្យានេះ មិនមែនមានន័យថា អ្នកត្រូវដើរសន្យាតាមចិត្តនោះទេ វាគ្រាន់តែជាពាក្យសន្យា ដែលអ្នកសន្យាយូៗម្តងប៉ុណ្ណោះ  ឧទាហរណ៍អាជីវកម្មលក់សំបកកេះខាងលើ គាត់សន្យាតែប៉ុន្មានពាក្យទេ ថា “សំបកកេះរបស់យើងគឺរឹងមាំ មិនងាយខូចទ្រង់ទ្រាយ” មុននឹងហ៊ានសន្យាបែបនេះ ម្ចាស់អាជីវកម្មលក់សំបកកេះនោះ គាត់បានប្តេជ្ញាចិត្តហើយ ថាគាត់លក់ ឬផលិតតែសំបកកេះដែលមានគុណភាព និងមិនងាយខូចទ្រង់ទ្រាយប៉ុណ្ណោះ។ សូមបញ្ជាក់ដែរថា មិនមែនអ្នកត្រូវតែសន្យានោះទេ ពេលខ្លះអ្នកប្រើពាក្យស្លោក ឬពាក្យដែលខ្លីតែចាក់ដោយអារម្មណ៍ ដូចជា ក្រុមហ៊ុន Apple ប្រើពាក្យ “Think Different” និង Nike ប្រើពាក្យ“Just Do It” សម្រាប់តំណាងឲ្យក្រុមហ៊ុនរបស់ពួកគេ ក្រៅតែពីស្លាកយីហោ។

នៅពេលដែលអ្នកអាចសរសេរ USP ដែលរស់រវើក អតិថិជននឹងចងចាំអ្នកមិនភ្លេច ប៉ុន្តែគ្រាដំបូងៗ អ្នកប្រហែលជាសរសេរបានត្រឹមធម្មតាៗប៉ុណ្ណោះ។ អញ្ចឹង អ្នកត្រូវព្យាយាម ព្រោះថាបើអ្នកសរសេរវាបានកាន់តែល្អ វានិងជួយផ្នែកធ្វើទីផ្សារបានយ៉ាងច្រើន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។