រឿងរ៉ាវនៃការបង្កើតក្រុមហ៊ុន INSTAGRAM ដែលបច្ចុប្បន្នជារបស់ Facebook

2943

កម្មវិធីចែករំលែករូបភាព INSTAGRAM ត្រូវបានបង្កើតឡើងដោយលោក Mike Krieger និង Kevin Systrom ដែលធ្លាប់បានសិក្សានៅមហាវិទ្យាល័យស្តេនហ្វដ ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ចាប់តាំងពីដាក់ឱ្យដំណើរការជាលើកដំបូងនៅឆ្នាំ ២០១០ រហូតមកដល់ពេលនេះ INSTAGRAM មានអ្នកប្រើប្រាស់ជាប្រចាំខែជាង ១ពាន់លាននាក់ នៅទូទាំងពិភពលោក។

នៅពេលដែលស្ថាបនិកទាំងពីរបានជួបនិយាយគ្នា ពួកគេបានគិតឃើញគោលដៅមួយក្នុងចិត្តថា នឹងបង្កើតកម្មវិធីចែករំលែករូបភាពដ៏ធំមួយនៅលើទូរស័ព្ទដៃ។ យ៉ាញណាមិញ មុនពេលបង្កើត INSTAGRAM លោក Mike Krieger និង Kevin Systrom បានបង្កើតកម្មវិធីមួយស្រដៀងនឹង INSTAGRAM ដែរ គឺមានឈ្មោះថា Burbn ប៉ុន្តែដោយសារ INSTAGRAM សំខាន់ជាង ពួកគេក៏បោះបង់កម្មវិធី Burbn ចោល។  បន្ទាប់ពីការធ្វើតេស្តសាកល្បងអស់រយៈពេលជាច្រើនខែ INSTAGRAM បានបើកឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី០៦ តុលា ឆ្នាំ២០១០ ហើយគ្រាន់តែទើបនឹងដាក់ឱ្យប្រើភ្លាម កម្មវិធីនេះទទួលបានអ្នកប្រើប្រាស់ថ្មីប្រមាណ ២៥,០០០នាក់ នៅថ្ងៃដំបូង។ ក្រោយទទួលបានទុនវិនិយោគបន្ថែម លោក Systrom និង Krieger ក៏មានប្រាក់គ្រប់គ្រាន់សម្រាប់ជួលបុគ្គលិកថែម ហើយនៅខែមីនា ឆ្នាំ២០១២ កម្មវិធី INSTAGRAM មានអ្នកប្រើប្រាស់ជាង ២៧ លាននាក់ឯណោះ។

ភ្លាមៗក្រោយពេលដែល INSTAGRAM ដាក់ឱ្យដំណើរការនៅលើស្មាតហ្វូនដំណើរការដោយប្រព័ន្ធប្រតិបត្តការ Android កម្មវិធីចែករំលែករូបភាពនេះត្រូវបានអ្នកប្រើប្រាស់ធ្វើការទាញយកទៅប្រើច្រើនជាងមួយលានដងក្នុងមួយថ្ងៃ ហើយលោក Mike និង Kevin ក៏ទទួលបានប្រាក់វិនិយោគ ៥០០លានដុល្លារបន្ថែមទៀត។ នៅក្នុងខែមេសា ឆ្នាំ២០១២ ក្រុមហ៊ុន FACEBOOK បានដាក់សំណើរទិញយកក្រុមហ៊ុន INSTAGRAM ក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិកជាប្រាក់សុទ្ធ និងភាគហ៊ុន ហើយផ្តល់សិទ្ធិឱ្យក្រុមហ៊ុននេះបន្តការគ្រប់គ្រងជាឯករាជ្យ ដោយស្ថាបនិករបស់ខ្លួនដដែល។

ភាពល្បីល្បាញខ្ទរខ្ទារយ៉ាងឆាប់រហ័សរបស់ INSTAGRAM បានជម្រុញឱ្យមនុស្ស ជឿជាក់លើទំនាក់ទំនងពិតប្រាកដជាជាងពាក្យសម្ដី។ កម្មវិធី INSTAGRAM បានកែប្រែដំណើរការកម្មវិធីឱ្យកាន់តែមានភាពសាមញ្ញជាងមុនទៀត ក្រោយពីទទួលបានការស្នើទិញពីក្រុមហ៊ុនហ្វេសប៊ុកនាឆ្នាំនោះ។ កាលពីឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ លោក Mike និង Kevin ដែលជាអ្នកបង្កើតកម្មវិធី INSTAGRAM ដោយដៃលោកទាំងពីរនោះ បានលាលែងពីក្រុមហ៊ុន INSTAGRAM ដោយលេខលឺពាក្យចចាមអារ៉ាមថាលោកទាំងពីរ មានគំនិតមិនចុះសម្រុងជាមួយប្រធានក្រុមហ៊ុន Facebook លោក Mark Zuckerberg ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕