សំណួរយុទ្ធសាស្ត្រ ដែលអ្នកត្រូវសួរខ្លួនឯង មុនសម្រេចចិត្តបើកអាជីវកម្មផ្ទាល់ខ្លួន

6420

ការចាប់ផ្តើមចេញរកស៊ីខ្លួនឯង គឺជារឿងដ៏រីករាយ ប៉ុន្តែក៏មានរឿងគួរឲ្យបារម្មណ៍ និងធុញទ្រាន់ផងដែរ។ ដើម្បីលុបបំបាត់រឿងពិបាកៗ និងគួរឲ្យបារម្មណ៍ទាំងនោះ គឺត្រូវត្រៀមខ្លួន និងរៀបគម្រោងឲ្យបានល្អ។ ការត្រៀមខ្លួនស្វាគមន៍ឧបសគ្គដែលនឹងកើតឡើងគឺជាវិធីមួយការពារអារម្មណ៍ឆាប់ចុះចាញ់  ហើយខាងក្រោមនេះគឺជាសំណួរយុទ្ធសាស្ត្រចំនួន ៥ ដែលអាចវាស់ស្ទង់ខ្លួនអ្នកបាន។

១. តើខ្ញុំមានគោលដៅច្បាស់លាស់ទេ ហើយតើខ្ញុំមានវិធីសម្រេចគោលដៅនោះហើយ ឬនៅ?

ផ្ទាំងឃោសនាពាណិជ្ជកម្ម

មានពាក្យមួយឃ្លានិយាយថា “បើអ្នករៀបគម្រោងខុស មានន័យថាអ្នកកំពុងត្រៀមខ្លួនបរាជ័យ”។ ប្រសិនបើអ្នកគ្មានគោលដៅច្បាស់ថាអ្នកចង់ទៅណាទេ អ្នកប្រហែលជាវង្វេងនៅកន្លែងណាមួយមិនខាន។ 

ចំណុចមួយក្នុងចំណោមចំណុចសំខាន់បំផុតជាច្រើនទៀត គឺការសរសេរគម្រោង ហើយគម្រោងសំខាន់មាន ៣ គឺ គម្រោងអាជីវកម្ម គម្រោងហិរញ្ញវត្ថុ និងគម្រោងទីផ្សារ។ គម្រោងទាំងនេះ អ្នកអាចរៀបវាជាដំណាក់កាល សម្រាប់មួយខែ បីខែ  ប្រាំមួយខែ ឬមួយឆ្នាំ។

២. តើគម្រោងបើកអាជីវកម្មរបស់ខ្ញុំ ត្រូវឆ្លងកាត់ផ្លូវច្បាប់អ្វីខ្លះ?

សហគ្រិនជើងថ្មីក្នុងស្រុកយើងមួយចំនួន គាត់មិនបានយល់អំពីសារៈសំខាន់នៃភាពស្របច្បាប់នេះទេ ខណៈរដ្ឋាភិបាលក៏មិនទាន់រឹតបណ្តឹងខ្លាំងនៅឡើយ។ ប៉ុន្តែក៏មានបទពិសោធន៍ឈឺចាប់ជាច្រើន ទាក់ទងនឹងការមិនខ្វល់រឿងច្បាប់នេះដែរ ឧទាហរណ៍មួយថា អ្នកបើកអាជីវកម្មបានយ៉ាងជោគជ័យ ហើយយីហោរបស់អ្នកមានគេស្គាល់យ៉ាងច្រើន ប៉ុន្តែអ្នកមិនបានចុះបញ្ជីស្លាកយីហោនោះទេ ហើយបន្ទាប់មកស្រាប់តែមានអ្នកយកយីហោរបស់អ្នកទៅប្រើ ហើយអះអាងថាជារបស់គេ ហើយចុះបញ្ចីជាកម្មសិទ្ធរបស់គេទៅបាត់ ធ្វើឲ្យអ្នកជាម្ចាស់ដើមមិនអាចប្រើយីហោនោះតទៅទៀត។ មានរឿងជាច្រើនដែលអ្នកត្រូវធ្វើ ដើម្បីធានាដល់ភាពស្របច្បាប់ និងជៀសវាងបញ្ហានៅថ្ងៃមុខ។ អញ្ចឹងខាងក្រោមនេះ គឺជាផ្នែកច្បាប់មួយចំនួន៖

ជ្រើសរើសប្រភេទអាជីវកម្ម (ឯកកម្មសិទ្ធ សហកម្មសិទ្ធ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ឬប្រភេទសាជីវកម្ម)

-ចុះឈ្មោះអាជីវកម្ម

-ស្នើរសុំអាជ្ញាបណ្ណដែលចាំបាច់ត្រូវប្រើ

-រៀបគម្រោងបង់ពន្ធជូនរដ្ឋ។

៣. តើខ្ញុំមានទុនគ្រប់គ្រាន់ហើយរឺនៅ?

លុយ គឺជារឿងសំខាន់ដែលត្រូវគិតគូរនៅពេលដែលអ្នកចាប់ផ្តើមបើកអាជីវកម្មផ្ទាល់ខ្លួន ហើយជាពិសេសនៅពេលដែលអ្នកកំពុងធ្វើការឲ្យគេ ឬក៏កំពុងមានចំណូលមិនទៀងទាត់។ គ្មានលុយ អ្វីក៏ធ្វើមិនចេញ! តែកុំបារម្មណ៍ អ្នកគ្មានលុយ តែអ្នកដទៃគេមាន អញ្ចឹងអ្នកត្រូវចេះពីរបៀបប្រើលុយរបស់អ្នកដទៃ។ មានសហគ្រិនខ្លះ ពួកគាត់ធ្វើការឲ្យគេពេញម៉ោងខ្លះ ក្រៅម៉ោងខ្លះ ដើម្បីសន្សំទុនឲ្យបានច្រើនល្មមបើកដំណើរការបាន ហើយខ្ចីធនាគារបន្ថែម នៅពេលចាំបាច់។

៤. តើខ្ញុំមានអ្នកចាំជួយគាំទ្រ នៅពេលចាប់ផ្តើមដំណើរការឬនៅ?

យុវជនមួយចំនួនដែលគាត់ចង់ក្លាយជាសហគ្រិន គាត់គិតថាឲ្យតែគាត់ខ្លាំង មិនចាំបាច់មានទំនាក់ទំនងជាមួយមនុស្សជុំវិញឲ្យបានច្រើនក៏មិនថ្វី! ប៉ុន្តែ នៅពេលចូលដល់ទីលានជាក់ស្តែង គឺមិនដូច្នេះទេ ការមានទំនាក់ទំនង ឬបណ្តាញច្រើន ប្រៀបបានដូចជាទុនមួយដូច្នេះដែរ។ អ្នកជួយគាំទ្ររបស់អ្នកអាចចាប់ផ្តើមពី គ្រួសារ មិត្តភ័ក្រ្ត មិត្តរួមថ្នាក់ លោកគ្រូអ្នកគ្រូ និងមនុស្សផ្សេងទៀតដែលអាចផ្តល់គំនិត ឬដំណោះស្រាយនៅពេលអ្នកជួបបញ្ហា។ ក្នុងចំណុចនេះ ប្រសិនបើអ្នកស្គាល់មនុស្សដែលពូកែទាក់ទងនឹងការធ្វើជំនួញផង វារឹតតែងាយស្រួលថែមទៀត។ មួយវិញទៀត បើអ្នកស្គាល់គេច្រើន មានបណ្តាញច្រើន នោះវាកាន់តែងាយស្រួលក្នុងការលក់។

៥. តើខ្ញុំសាកសម្យ ធ្វើជាម្ចាស់អាជីវកម្មឬអត់?

មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែអាចធ្វើជាម្ចាស់អាជីវកម្មបានទេ។ មានរឿងពិបាកជាច្រើននៅក្នុងដំណើរនេះ ដូច្នេះបើអ្នកមិនមែនជាមនុស្សដែលពូកែអត់ធ្មត់ និងតស៊ូទេ អ្នកគួរពិចារណាឡើងវិញ មុនពេលការខាតបង់កើតឡើង។ ហើយវាមិនមែនប៉ុណ្ណឹងទេ អ្នកនឹងត្រូវចេះពីរបៀបគ្រប់គ្រងទាំងមនុស្ស ទាំងលុយកាក់ ត្រូវចេះពីរបៀបដឹកនាំគេ ត្រូវរៀបចំអត្តចរិត និងកាយវិការឲ្យសាកសម្យជាសហគ្រិន និងត្រូវចេះរឿងជាច្រើនទៀតមិនចេះចប់។ ប៉ុន្តែអ្នកអាចរៀនពីវាបន្តិចម្តងៗ ក្នុងពេលដំណើរការ ហើយមានសហគ្រិនជោគជ័យច្រើនណាស់ ដែលចាប់ផ្តើមដោយមិនចេះអ្វីច្រើន តែពួកគេបានតស៊ូក្រាញននៀលជាមួយរឿងពិបាកក៏មិនតិចដែរ ទម្រាំការងារទាំងនោះបង្រៀនពួកគេឲ្យចេះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។