នៅពេលដែលអ្នកចង់បើកអាជីវកម្ម ហើយគ្រប់គ្រង និងអភិវឌ្ឍវាដោយខ្លួនឯង អ្នកត្រូវប្រាកដក្នុងចិត្តថា អ្នកមានគំនិតអាជីវកម្មថ្មីជាងគេ ដឹងថាត្រូវធ្វើអ្វីខ្លះ និងហ៊ានលះបង់ ជម្នះគ្រប់ឧបសគ្គ ដើម្បីសម្រេចគោលដៅនោះ។ គ្រាន់តែបើកអាជីវកម្មខ្នាតតូចមួយ គឺគ្មានអ្វីពិបាកទេ អ្នកអាចមើលនៅជុំវិញខ្លួនអ្នក ថាវាមានច្រើនខ្លាំងណាស់។ ប៉ុន្តែ អាជីវកម្មខ្នាតតូចដែលជោគជ័យ មានមិនច្រើនឡើយ។

តាមពិតទៅ មានតែ ២ ភាគ ៣ ប៉ុណ្ណោះនៃអាជីកម្មខ្នាតតូច ដែលអាចឈជើងបាន ២ឆ្នាំ ខណៈពាក់កណ្តាលទៀតអាចឈជើងបាន ៥ឆ្នាំប៉ុណ្ណោះ។ ដូច្នេះ អ្នកត្រូវត្រៀមចិត្ត ត្រៀមកាយ មុនហក់ចូលទីលានដ៏ប្រកួតប្រជែងមួយនេះ បើអ្នកពិតជាចង់ធ្វើជាម្ចាស់អាជីវកម្មមែននោះ។ ដើម្បីសម្រេចគោលដៅ ត្រូវចាប់ផ្តើមពីជំហានទីមួយ អញ្ចឹងអ្នកត្រូវប្រាកដថា អ្នកនឹងធ្វើតាមជំហានសំខាន់ៗ និងតាមដំណាក់កាល នៃគម្រោងអាជីវកម្មរបស់អ្នក មុននឹងចេញរកស៊ីជាផ្លូវការ។ ហើយខាងក្រោមនេះ គឺជាវីធី ១០ ខ្លីៗដែលអាចជួយអ្នកឲ្យជោគជ័យ។ ផ្តោតអារម្មណ៍ ហើយអត់ធ្មត់ចេញពីជំហានទីមួយ ហើយអ្នកនិងក្លាយជាម្ចាស់អាជីកម្មយ៉ាងពិតប្រាកដ…។

ជំហានទី ១ ៖ ចាប់ផ្តើមស្រាវជ្រាវ

អ្វីដែលអ្នកមានដំបូងគេ ប្រាកដជាគំនិតអាជីវកម្ម ដូចនេះ វាគឺជាពេលដែលអ្នកត្រូវស្វែងរកការពិត ថាគំនិតរបស់អ្នកនោះ វាអាចដំណើរការ ឬអត់។ តើគំនិតអាជីកម្មរបស់អ្នក មានអ្វីពិសេសខ្លះ? 

ដើម្បីដឹកនាំអាជីវកម្មខ្នាតតូចមួយបានជោគជ័យ អ្នកត្រូវតែអាចដោះស្រាយបញ្ហារបស់មនុស្សបាន បំពេញតម្រូវការដែលមនុស្សកំពុងត្រូវការ ទាំងនេះហើយ គឺជាចំណុចពិសេសដែលត្រូវមាននៅក្នុងគំនិតអាជីវកម្មរបស់អ្នក ហើយដើម្បីដឹងថាមនុស្សត្រូវការអ្វីឲ្យប្រាកដ អ្នកត្រូវធ្វើការស្រាវជ្រាវសិន។ ខាងក្រោមនេះ គឺជាសំណួរ ដែលអាចជួយអ្នកឲ្យទទួលបានទិន្នន័យសំខាន់ៗ ក្នុងពេលស្រាវជ្រាវជាក់ស្តែង៖

-តើផលិតផល ឬសេវាកម្មដែលអ្នកគ្រោងផលិត ឬយកមកលក់បន្ត មានតម្រូវការនៅក្នុងទីផ្សារដែរឬទេ?

-តើនរណាខ្លះដែលត្រូវការផលិតផល ឬសេវាកម្មនោះ?

-តើមានក្រុមហ៊ុន ឬសហគ្រាសណា ផលិតវាហើយឬនៅ? បើមានហើយ តើអ្វីដែលនាំឲ្យអ្នកប្រើប្រាស់ ជ្រើសយករបស់អ្នក?

-តើអាជីវកម្មរបស់អ្នក បើកត្រូវពេលដែរឬទេ? ទីផ្សារកំពុងលូតលាស់ ឬចង្អៀតហើយ?

ខាងលើ គឺជាសំណួរដែលអ្នកត្រូវទៅរកចម្លើយពីខាងក្រៅជាក់ស្តែង ប៉ុន្តែ អ្នកក៏មានសំណួរសួរខ្លួនឯងមុនបើកអាជីវកម្មផងដែរ៖

-តើអ្នកបានរៀបចំគម្រោង ធ្វើយ៉ាងណាឲ្យមនុស្សស្គាល់ផលិតផល ឬសេវាកម្មរបស់អ្នកឬនៅ? (វាជាគម្រោងធ្វើទីផ្សារ)

-តើគម្រោងរបស់អ្នក មានប៉ះពាល់ផ្នែកច្បាប់អ្វីខ្លះ ហើយបើមាន តើធ្វើបែបណាទើបបានភាពស្របច្បាប់?

-តើអ្នកមានទុនគ្រប់គ្រាន់ សម្រាប់ដំណើរការវាឬនៅ? ទុននោះអាចប្រើបានប៉ុន្មានឆ្នាំ?

-តើអ្នកមានដៃគូ ឬអ្នកជួយគាំទ្រ នៅពេលអ្នកចាប់ផ្តើមដំណើរការវាឬនៅ?

-តើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ ធ្វើជាម្ចាស់អាជីវកម្មម្នាក់ឬនៅ?

ជំហានទី ២ ៖ ចាប់ផ្តើមសរសេរគម្រោង

អ្នកបានស្រាវជ្រាវរួចហើយ ឥឡូវនេះដល់ពេលសរសេរគម្រោងម្តង។ វាសំខាន់ខ្លាំងណាស់ មុនពេលដែលអ្នកធ្វើឲ្យគំនិតអាជីវកម្មរបស់អ្នកក្លាយជាការពិត អ្នកត្រូវការគម្រោងដ៏ច្បាស់លាស់មួយសិន។ គម្រោងអាជីវកម្ម ប្រៀបបានដូចជាភ្លើងបំភ្លឺផ្លូវទៅរកគោលដៅរបស់អ្នក ហើយអ្នកនឹងដឹងថាគួរធ្វើអ្វី នៅពេលដែលបញ្ហាកើតឡើង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ គម្រោងអាជីវកម្មមានច្រើនប្រភេទ សម្រាប់តម្រូវតាមប្រភេទនៃអាជីវកម្ម។ 

ប្រសិនបើអ្នកមានបំណងស្វែងរកដៃគូវិនិយោគ ឬទៅខ្ចីលុយពីធនាគារ អ្នកត្រូវសរសេរតាមរបៀបបុរាណ។ គម្រោងប្រភេទបុរាណនេះ ត្រូវសរសេរវែង ហើយមានព័ត៌មានលម្អិតច្រើន ដែលអាចឲ្យវិនិយោគិនវាយតម្លៃគំនិតអាជីវកម្មរបស់អ្នកបានល្អិតល្អន់។

តែប្រសិនបើអ្នកមិនត្រូវការទុនពីខាងក្រៅទេ អ្នកអាចសរសេរតាមរបៀបខ្លីក៏បាន គម្រោងអាជីវកម្មមួយសន្លឹក។ តាមពិត គម្រោងអាជីវកម្ម ត្រូវការកែតម្រូវតាមស្ថានភាពជាក់ស្តែង បន្ទាប់ពីអាជីវកម្មចាប់ផ្តើមដំណើរការ ហើយចេញរកស៊ីមានគម្រោង ទោះបីសរសេរមិនបានល្អ ក៏ប្រសើរជាងអត់គម្រោងដែរ។

ជំហានទី ៣ ៖ សរសេរគម្រោងហិរញ្ញវត្ថុ

ការបើកអាជីវកម្មខ្នាតតូច មិនត្រូវការចំណាយច្រើនទេ ប៉ុន្តែវាត្រូវតែចំណាយទៅលើរឿងមួយចំនួន មុនពេលដែលអាជីវកម្មរបស់អ្នកអាចរកចំណូលបាន។ គិតការចំណាយទាំងអស់នៅអំឡុងពេលចាប់ផ្តើមដំបូង ហើយវាអាចមានដូចជា ការចំណាយលើការចុះបញ្ញីផ្សេងៗ អាជ្ញាប័ណ្ណអាជីវកម្ម សម្ភារៈប្រើប្រាស់ ធានារ៉ាប់រង ឌីហ្សាញស្លាកយីហោ ទំនិញ កម្មវិធីសម្ភោធដាក់ឲ្យដំណើរការជាដើម។ -ល-។ ការចំណាយទាំងនេះ គ្រាន់តែជាការចំណាយដើម្បីបើកទ្វាអាជីវកម្មរបស់អ្នកប៉ុណ្ណោះ អ្នកត្រូវត្រៀមលុយសម្រាប់ចំណាយក្នុងប្រតិបត្តិការអាជីវកម្មយ៉ាងហោចណាស់ឲ្យបាន ១២ខែ មានន័យថា ក្នុងរយះពេល ១២ខែ រាប់ចាប់ពីថ្ងៃដំណើរការដំបូង ទោះបីជាអ្នកមិនអាចរកប្រាក់ចំណូលបាន ក៏អាជីវកម្មរបស់អ្នកមិនអាចដួលបានដែរ។ ការចំណាយទាំងនោះ សំខាន់ៗមានដូចជា ថ្លៃជួលទីតាំង ថ្លៃទឹកភ្លើង ថ្លៃធ្វើទីផ្សារ នឹងផ្សាយពាណិជ្ជកម្ម ថ្លៃប្រាក់ខែបុគ្គលិក(បើជួល) ថ្លៃចំណាយលើទំនិញ ឬសេវាកម្មដែលប្រើប្រាស់ជាប្រចាំ។ -ល-។ 

បូកការចំណាយទាំងពីរធំៗខាងលើចូលគ្នា ហើយចំនួននៃការចំណាយសរុបហ្នឹងហើយ គឺជាទុនសរុបដែលអ្នកត្រូវមាន ដើម្បីអាចដាក់គម្រោងអាជីវកម្មរបស់អ្នក ឲ្យដំណើរការទៅរួច។ ក្នុងករណីដែលខ្ទង់ចំណាយនោះ លើសពីសមត្ថភាពរបស់អ្នក វាមិនមែនមានន័យថា អ្នកគ្មានវិធីផ្សេងទេ អ្នកអាចស្វែងរកទុនបង្គ្រប់ ហើយប្រភពនៃទុននោះ អ្នកអាចរកពីធានាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានផ្តល់កម្ចីសម្រាប់បើកអាជីវកម្ម ឬអ្នកក៏អាចហៅមិត្តជិតស្និតឲ្យចូលរួមដាក់ទុនជាមួយអ្នក ហើយក៏អាចស្វែងរកវិនិយោគខាងក្រៅផងដែរ។

ជំហានទី ៤ ៖ ជ្រើសរើសប្រភេទនៃអាជីវកម្ម

អាជីវកម្មខ្នាតតូចរបស់អ្នក អាចជាប្រភេទ ឯកកម្មសិទ្ធ សហកម្មសិទ្ធ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ឬក៏ប្រភេទសាជីវកម្ម។ ការជ្រើសរើសប្រភេទអាជីវកម្មនេះ ក៏ជារឿងសំខាន់ដែរ ជាពិសេសគឺត្រូវរើសឲ្យត្រូវនៅពេលដំបូង ព្រោះបើចង់ដូរថ្ងៃក្រោយ គឺត្រូវចំណាយពេលច្រើន និងស្មុកស្មាញលើការរៀបចំឯកសារផ្លូវច្បាប់។ ហើយការរើសនេះទៀតសោធ ក៏ទាក់ទងដល់ការទូទាត់បំណុល និងបង់ពន្ធជូនរដ្ឋផងដែរ។

ជំហានទី ៥ ៖ ដាក់ឈ្មោះអាជីវកម្មឲ្យបានត្រឹមត្រូវ

គ្រាន់តែដាក់ឈ្មោះ គឺមិនពិបាកទេ តែដាក់ឈ្មោះឲ្យស៊ីនឹងអាជីវកម្មរបស់អ្នក ទើបជារឿងពិបាក។ ឈ្មោះអាជីវកម្មរបស់អ្នក នឹងស្ថិតនៅស្ទើរគ្រប់ទីកន្លែងនៃអាជីវកម្មទាំងមូល ដូច្នេះអ្នកត្រូវរើសឈ្មោះដោយផ្ចិតផ្ចង់បំផុត និងគិតគូឲ្យបានវែងឆ្ងាយដល់ថ្ងៃអនាគត។ 

ជំហានទី ៦ ៖ ស្នើរសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម

មុននឹងចេញរកស៊ី គឺត្រូវមានអាជ្ញាបណ្ណជាមុនសិន។ មានកាតព្វកិច្ចផ្លូវច្បាប់ជាច្រើន តាមប្រភេទនៃអាជីវកម្ម ដែលអ្នកត្រូវស្រាវជ្រាវ ឬសួរអ្នកជំនាញខាងច្បាប់ ថាត្រូវធ្វើអ្វីខ្លះដើម្បីធានាភាពស្របច្បាប់ ជៀសវាងមានបញ្ហានៅថ្ងៃក្រោយ។

ជំហានទី ៧ ៖ ជ្រើសរើសប្រព័ន្ធគ្រប់គ្រងគណនេយ្យ

ការគ្រប់គ្រងគណនយ្យ គឺជារឿងសំខាន់ ក្នុងការគ្រប់គ្រងចំណូល កំណត់តម្លៃ និងការបង់ពន្ធជាដើម។ ជាពិសេស ប្រសិនបើអាជីវកម្មរបស់អ្នកមានអ្នកវិនិយោគ អ្នកត្រូវធានាបញ្ជីគណនេយ្យឲ្យមានភាពច្បាស់លាស់ និងគួរឲ្យទុកចិត្តដល់ពួកគេ។ អ្នកអាចបង្កើតប្រព័ន្ធគ្រប់គ្រងគណនេយ្យដោយខ្លួនឯង ឬជួលបុគ្គលិគ្គជំនាញគណនីក៏បាន។ 

ជំហានទី ៨ ៖ កំណត់យកទីតាំង

ការកំណត់យកទីតាំងរកស៊ី ក៏ជារឿងមួយសំខាន់ដែរសម្រាប់អាជីវកម្មរបស់អ្នក។ ប្រសិនបើអាជីវកម្មរបស់អ្នកជាលក្ខណៈហាង អ្នកត្រូវរើសយកទីតាំងណាដែលសាកសម្យ ដូចជាជាប់ផ្លូវមានមនុស្សឆ្លងកាត់ច្រើន មានទីតាំងអំណោយផលជាងគូប្រជែង ងាយស្រួលរក និងងាយចតយានជំនិះជាដើម។ 

ជំហានទី ៩ ៖ រើសក្រុមការងារ

ប្រសិនបើអ្នកចាំបាច់ត្រូវជួលបុគ្គលិក អ្នកត្រូវដឹងថា ជួលពួកគេមកធ្វើអ្វី ហើយពួកគេនឹងមកទទួលខុសត្រូវលើកិច្ចការណាខ្លះ។ អ្នកត្រូវដឹងពីរបៀបជួលបុគ្គលិកឲ្យបានត្រឹមត្រូវ មុននឹងរើសពួកគេមកធ្វើការ។ 

បើអ្នកមិនត្រូវការជួលបុគ្គលិកទេ មានន័យថា អ្នកនឹងធ្វើការដោយខ្លួនឯង ឬម្នាក់ឯង តែអ្នកក៏ត្រូវមានអ្នកចាំជួយប្រឹក្សាយោបល់ អ្នកគាំទ្រ និងអ្នកផ្តល់កម្លាំងចិត្តដូចជាក្រុមគ្រួសារជាដើមផងដែរ។

ជំហានទី ១០ ៖ ធ្វើទីផ្សារ

ជំហានចុងក្រោយ នៅពេលដែលអាជីវកម្មរបស់អ្នកលេចជារូបរាង និងដំណើរការហើយ វាគឺដល់ពេលដែលត្រូវចាប់ផ្តើមទាក់ទាញអតិថិជនឲ្យមកទិញផលិតផល ឬសេវាកម្មរបស់អ្នក។ តើអ្នកមានវិធីអ្វីដែលអាចហៅអតិថិជនមកទិញផលិតផលរបស់អ្នកហើយឬនៅ? អ្នកប្រហែលជាចង់ចេះពី របៀបសរសេរសំណើរលក់របស់អង្គភាព USP ហើយនិងការសរសេរគម្រោងធ្វើទីផ្សារ ។ 

នៅពេលអ្នកបានបំពេញគ្រប់ទាំង ១០ ជំហានរួចរាល់ អាចនិយាយបានថា អ្នកបានត្រៀមចំណុចខ្លឹមៗជាច្រើនរួចរាល់។ ប៉ុន្តែត្រូវចាំថា ជោគជ័យ មិនមែនបានមកដោយធ្វើរឿងងាយៗនោះទេ អ្នកត្រូវដាក់ចិត្ត ដាក់កាយជម្នះរាល់ឧបសគ្គដែលនឹងកើតឡើងក្នុងអាជីវកម្មរបស់អ្នក ធ្វើយ៉ាងណាឲ្យគម្រោងរបស់អ្នកក្លាយជាការពិតជាក់ស្តែង។ Apamat.com រង់ចាំ អ្នកប្រកាសពីភាពជោគជ័យរបស់អ្នក…៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។