ចំណុចទាំង ១០ ដែលអ្នកបើកអាជីវកម្មថ្មីថ្មោង មិនគួរមើលរំលង

6584

ជាធម្មតា អ្នកជំនួញជោគជ័យទាំងឡាយ តែងតែដឹងពីចំណុចខ្លាំង និងចំណុចខ្សោយនៃអាជីវកម្មរបស់ពួកគេ។ ការទទួលស្គាល់ និងអាចកំណត់បានថាអ្វីជាភាពខ្សោយ និងអ្វីជាភាពខ្លាំងនៅក្នុងអាជីវកម្មហើយ វាអាចជួយឱ្យម្ចាស់អាជីវកម្មដឹងថាតើកត្តាអ្វីនឹងជម្រុញឲ្យមុខជំនួញរបស់ខ្លួនកាន់តែទទួលបានជោគជ័យ។ ខាងក្រោមនេះ ជាកត្តាមួយចំនួនដែលសហគ្រិនត្រូវពិចារណាលើអាជីវកម្មដែលទើបនឹងចាប់ផ្តើមដំបូង៖

១. ភាពជាអ្នកដឹកនាំ

អ្នកដឹកនាំល្អ តែងយល់ពីភាពចាំបាច់ក្នុងការក្នុងការជួលមនុស្សឱ្យបានត្រឹមត្រូវ ចេះប្រគល់កិច្ចការ និងទុកចិត្តលើមនុស្សរបស់ខ្លួន។ ពួកគេយល់ពីចំណុចសំខាន់ក្នុងការអភិវឌ្ឍភាពជាដៃគូ និងការសហការគ្នា។ ពួកគេជឿជាក់យ៉ាងមុតមាំចំពោះមុខជំនួញរបស់ពួកគេ ហើយពួកគេតែងតែបន្តអភិវឌ្ឍទស្សនៈវិស័យរបស់ពួកគេសម្រាប់អនាគតរបស់ក្រុមហ៊ុនជានិច្ច។

 

២. ការវិវឌ្ឍន៍នៅក្នុងទីផ្សារប្រកួតប្រជែង

ការប្រកួតប្រជែងតែងតែមាននៅក្នុងទីផ្សារ ហើយវាពិតជាពិបាកសម្រាប់អ្នកជំនួញជើងថ្មី តែវាក៏បើកឱកាសឱ្យអាជីវកម្មទាំងនោះ អាចទាញយកផលប្រយោជន៍យ៉ាងច្រើនផងដែរ។ នៅក្នុងទីផ្សារប្រកួតប្រជែង គ្មាននរណាម្នាក់ហ៊ានធ្វេសប្រហែសជាមួយហានិភ័យនោះទេ។ ជម្រើសតែមួយគត់គឺត្រូវបន្តទៅមុខ ឬបណ្តោយខ្លួនឱ្យបរាជ័យក្នុងការប្រកួតប្រជែងនោះ។ ដូច្នេះ អ្នកគួរតែត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមពីចំណុចទីមួយ រហូតដល់គោលដៅចុងក្រោយ ។

៣. ចេះប្រើទេពកោសល្យរបស់ខ្លួន និងបុគ្គលិក

ប្រសិនបើអ្នកជាអ្នកដឹកនាំដ៏ពូកែ អ្នកបានដឹងរួចហើយពីសារៈសំខាន់នៃការជ្រើសរើសបេក្ខជនសមស្របជាមួយនឹងប្រវត្តិរូបត្រឹមត្រូវ ជំនាញ និងបុគ្គលិកលក្ខណៈសម្រាប់បំពេញការងារប្រកបដោយសមត្ថភាព។ ផ្ទុយទៅវិញ វាមិនមែនគ្រាន់តែជាការជួលមនុស្សឱ្យត្រឹមត្រូវនោះទេ ប៉ុន្តែវាជាការដាក់បញ្ចូលមនុស្សមួយក្រុមឱ្យធ្វើការជាមួយគ្នា ជួយគ្នាទៅវិញទៅមក មានអារម្មណ៍រីករាយចំពោះគ្នា និងផ្តោតលើការងារដែលកំពុងដំណើរការផងដែរ។

៤. ការមានចក្ខុវិស័យវែងឆ្ងាយ

ទោះជាអាជីវកម្មរបស់អ្នក មើលទៅដូចជាដំណើរការល្អលើកដំបូងក៏ដោយ រឿងដែលសំខាន់ គឺត្រូវចេះប្រុងប្រយ័ត្ន មានទស្សនៈវែងឆ្ងាយចំពោះអាជីវកម្មរបស់អ្នក។ ប្រសិនបើអ្នកសន្មត់ថាអ្វីៗនឹងល្អជានិច្ច នោះអ្នកកំពុងរៀបចំខ្លួនសម្រាប់ការបរាជ័យរួចទៅហើយ។ អ្នកមិនអាចនិយាយពីភាពជោគជ័យពីអតីតកាលរបស់អ្នក ឬពឹងផ្អែកលើភាពមិនច្បាស់លាស់ណាមួយបាននោះទេ ព្រោះគូប្រជែងរបស់អ្នកមានថ្មីជានិច្ច ទីផ្សារប្រែប្រួលជានិច្ច និងគូប្រជែងចាស់ក៏កំពុងខំប្រឹងទម្លាក់អ្នកផងដែរ។

៥. ថវិការ និងហិរញ្ញវត្ថុ

ការយកចិត្តទុកដាក់ចំពោះថវិកា និងការរៀបចំផែនការទុកជាមុន គឺជាគន្លឹះសំខាន់ក្នុងការជម្នះលើបញ្ហាធនធានហិរញ្ញវត្ថុដំបូងៗក្នុងអាជីវកម្មរបស់អ្នក។ អ្នកត្រូវសរសេរពីការព្យាករលំហូរសាច់ប្រាក់ (cash-flow) ហើយបង្កើតផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់អាសន្នខ្វះសាច់ប្រាក់បង្វិល ស្វែងរកទុនបន្ថែមមិនទាន់។ បើអ្នកអាចស្មានដឹងពីការចំណាយ និងចំណូល អ្នកនឹងមានដំណោះស្រាយសម្រាប់បញ្ហាហិរញ្ញវត្ថុដែលអាចនឹងកើតមានបាន។

 

៦. កំណត់ទីផ្សារ

ដើម្បីកំណត់ប្រភេទផលិតផល និងទីផ្សារសម្រាប់អាជីវកម្មរបស់អ្នក អ្នកត្រូវពិចារណាសំណួរ ៣ ខាងក្រោម៖

  • តើនរណាជាអតិថិជនរបស់អ្នក?
  • តើអ្វីជាលក្ខណៈសម្បត្តិ ជំនាញ និងបទពិសោធន៍របស់អ្នក? 
  • តើអ្វីជាការនិយមថ្មីៗនៅក្នុងទីផ្សារ ដែលអ្នកអាចទាញយកប្រយោជន៍បាន?

*ត្រូវចងចាំថា អ្វីក៏ដោយដែលអ្នកធ្វើ គឺមានទស្សនៈក្នុងការបង្កើត យីហោ(Brand) ឲ្យគេទទួលស្គាល់។

៧. ស្គាល់អ្វីដែលអតិថិជនត្រូវការ

ត្រឹមតែដឹងថាអតិថិជនរបស់អ្នកមានអាយុប៉ុន្មាន ភេទអ្វី ឬកម្រិតចំណេះដឹងដែលពួកគេមានប៉ុណ្ណា គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ អ្នកត្រូវតែយល់ពីអ្វីដែលជម្រុញឲ្យពួកគេចាយលុយទិញផលិតរបស់អ្នក អ្វីដែលពួកគេសង្ឃឹមថានឹងទទួលបាន និងបញ្ហាដែលពួកគេកំពុងប្រឈមមុខ។ ជាងនេះទៅទៀត ការចំណាយពេលនិយាយជាមួយអតិថិជន នឹងជួយឱ្យអ្នកស្គាល់ពួកគេកាន់តែច្បាស់។

៨. ការធ្វើទីផ្សារ និង Branding ដោយខ្លួនឯង

ក្រុមហ៊ុននីមួយៗតែងតែមានលក្ខណៈពិសេសផ្ទាល់ខ្លួន។ វាមិនមែនគ្រាន់តែជាស្លាកយីហោ និងពាក្យស្លោកដែលគួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែ Branding គឺជាអ្វីដែលក្រុមហ៊ុនរបស់អ្នកតំណាងឱ្យ របៀបដែលអតិថិជនយល់ឃើញចំពោះវា និងអ្វីដែលទាក់ទាញមនុស្សឱ្យចូលចិត្តវា។ ការធ្វើទីផ្សារលើស្លាកយីហោ និងការផ្សាយពាណិជ្ជកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតអត្តសញ្ញាណរបស់ក្រុមហ៊ុន និងរបៀបដែលពិភពខាងក្រៅយល់ឃើញអំពីវា។

ការបង្កើត Brand នេះ ទាមទារឱ្យម្ចាស់ក្រុមហ៊ុនយល់អំពីមូលដ្ឋានអតិថិជនរបស់ខ្លួន ហើយអាចបង្ហាញពីលក្ខណៈពិសេស ឬប្លែកពីក្រុមហ៊ុនដទៃដល់អតិថិជន។ ការបង្កើត Brand គួរតែជាផ្នែកមួយនៃចក្ខុវិស័យពីការចាប់ផ្តើមអាជីវកម្មដំបូង ហើយវាក៏ជាការផ្តល់ភាពជឿជាក់ដល់អតិថិជនផងដែរ។

៩. ទស្សនៈវិស័យ និងការកំណត់គោលដៅបានល្អ

ការកំណត់ចក្ខុវិស័យបានច្បាស់លាស់ គឺជាការបង្កើនល្បឿនដល់ភាពជោគជ័យរបស់អាជីវកម្ម។ កិច្ចការនេះតម្រូវឱ្យអ្នកដាក់គោលដៅ កំណត់ផ្លូវដែលអ្នកចង់ឆ្ពោះទៅ និងយល់អំពីការប៉ាន់ស្មានពីភាពរីកចម្រើនរបស់អ្នក។ ការមានទស្សនៈវិស័យរឹងមាំ រួមជាមួយគោលដៅច្បាស់លាស់ នឹងផ្តល់ឱ្យអ្នកនូវយុទ្ធសាស្ត្រសម្រេចជោគជ័យបានលឿន។

១០. ការគ្រប់គ្រង​ពេលវេលា

គ្រប់គ្រងពេលវេលាបានត្រឹមត្រូវ គឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីបន្តដំណើរការរបស់អាជីវកម្ម​ថ្មីថ្មោងរបស់អ្នក។ អ្នកត្រូវប្រាកដថា អ្នកបានរៀបចំគោលដៅប្រចាំសប្ដាហ៍ ឬកិច្ចការដែលត្រូវសម្រេចឱ្យខានតែបានក្នុងរយៈពេលមួយសប្តាហ៍ ព្រមទាំងការកំណត់ទិសដៅសំខាន់សម្រាប់ក្រុមហ៊ុន។ វិធីនេះ នឹងជួយអ្នកឱ្យផ្តោតអារម្មណ៍លើអ្វីដែលអ្នកកំពុងធ្វើយ៉ាងមានប្រសិទ្ធិភាព។

អ្នកដឹកនាំដ៏រឹងមាំ គឺជាអ្នកបង្កើតការសម្រេចចិត្ត អ្នកបង្កើតគំនិត បង្កើតក្រុមការងារ និងអ្នកបង្កើតរូបភាពល្អៗសម្រាប់ក្រុមហ៊ុនរបស់ខ្លួន។ ប្រសិនបើអ្នកស្ថិតនៅក្នុងតួនាទីជាអ្នកដឹកនាំក្រុមហ៊ុនដែលទើបតែបង្កើតថ្មី អ្នកនឹងដើរតួយ៉ាងសំខាន់ចំពោះរឿងទាំងអស់នេះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕