ចំនុច ៥យ៉ាងដែលធនាគារពិចារណាមុននឹងអោយយើងខ្ចីលុយទៅរកស៊ី

4228

មុននឹងអោយយើងខ្ចីលុយធ្វើជាដើមទុនរកស៊ី ធនាគារនឹងមើលទៅលើចំនុចមួយចំនួនដូចដែលបានរៀបរាប់ខាងក្រោម ហើយពិចារណាថាតើគួរតែអោយយើងខ្ចី ឬមិនអោយ។ ប្រសិនបើអ្នកដឹងពីចំនុចទាំងអស់នេះ អ្នកអាចនឹងរៀបចំខ្លួនជាស្រេចដើម្បីមានភាគរយច្រើនក្នុងការទទួលបានកម្ចីពីធនាគារ។

១.កេរ្តិ៍ឈ្មោះរបស់អ្នក៖ តើអ្នកជាមនុស្សមានប្រវត្តិល្អ ហើយមានទំនួលខុសត្រូវខ្ពស់ដែរឬទេ? ធនាគារ ឬម្ចាស់បំណុលគេមើលដំបូងទៅលើចំនុចនេះព្រោះបើអ្នកធ្លាប់បោកប្រាស់គេ ឬជំពាក់គេច្រើននោះគេពិបាកនឹងអោយលុយខ្ចីណាស់។ ដើម្បីអោយមានកេរ្តិ៍ឈ្មោះល្អក្នុងការរកស៊ីអ្នកត្រូវតែរកស៊ីទៀងត្រង់ ហើយបើមានទំនាក់ទំនងជាមួយធនាគារផ្សេងទៀត អ្នកត្រូវតែរក្សាទំនាក់ទំនងនោះអោយបានល្អ ព្រោះគេនឹងស្រាវជ្រាវប្រវត្តិរបស់អ្នកពីធនាគារទាំងនោះដើម្បីមកមើល។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

២.សមត្ថភាពក្នុងការសងវិញ៖ គេនឹងសិក្សាទៅលើគម្រោងអាជីវកម្ម ឬអាជីវកម្មដែលកំពុងដំណើរការរបស់អ្នកថា ពេលដែលខ្ចីហើយអាជីវកម្មនោះអាចនឹងរកចំណូលបានគ្រប់គ្រាន់ដើម្បីសងគេវិញដែរឬទេ។ គេអាចដឹងពីចំនុចនេះបានតាមរយៈទិន្នន័យទាក់ទងនឹងលំហូរសាច់ប្រាក់ ទិន្នន័យហិរញ្ញវត្ថុ ឬ ប្រវត្តិខ្ចី និងសងនៃអាជីវកម្មរបស់អ្នក។

៣.ដើមទុនផ្ទាល់ខ្លួន៖ តើអ្នកដាក់ដើមទុនផ្ទាល់ខ្លួនចូលប៉ុន្មានក្នុងអាជីវកម្មនោះ? ធនាគារ ឬអ្នកអោយយើងខ្ចីលុយ មិនចង់អោយអ្នកខ្ចីលុយលើសពី ៥០ភាគរយនៃដើមទុនរកស៊ីសរុបនោះទេ ព្រោះថាបើអ្នកដាក់លុយផ្ទាល់ខ្លួនកាន់តែច្រើនក្នុងអាជីវកម្ម នោះអ្នកនឹងប្រឹងប្រែងក្នុងការរកស៊ីជាងខ្ចីលុយគេសឹងតែទាំងអស់មករកស៊ី។

៤.ស្ថានភាពអាជីវកម្មជាក់ស្ដែង៖ គេចង់ដឹងថាតើអ្នកនឹងប្រើប្រាស់លុយដោយរបៀបណា ហើយតើអាជីវកម្មអ្នកអាចនឹងប៉ះពាល់ដោយបញ្ហាសេដ្ឋកិច្ច ឬបញ្ហាក្នុងវិស័យដែលអ្នកកំពុងតែឈរជើងនោះដែរឬទេ? ដើម្បីកាត់បន្ថយហានិភ័យ ធនាគារនឹងសិក្សាលើចំនុចទាំងប៉ុន្មាននេះ ហើយគេនឹងមិនរារែកក្នុងការអោយខ្ចីលុយដល់អាជីវកម្មណាដែលមានការពេញនិយម និងសំបូរអតិថជន ឬ ពេលសេដ្ឋកិច្ចកំពុងតែមានការកើនឡើងថេរ ប៉ុន្ដែប្រសិនបើពេលមានបញ្ហាសេដ្ឋកិច្ច ឬ បញ្ហាផ្សេងៗដែលអាចប៉ះពាល់ដល់មុខរបរនោះគេមិនចង់អោយ ឬមិនអោយខ្ចីតែម្ដង។

៥.ទ្រព្យបញ្ចាំ៖ ពេលខ្លះចំនុចទាំងប៉ុន្មានខាងលើរបស់អ្នកមិនសូវជាល្អឡើយ ដូចនេះហើយគេនឹងទាមទារអោយមានមានរបស់បញ្ចាំដែលភាគច្រើនគឺជាអចលនទ្រព្យ យានយន្ដ សម្ភារៈប្រើប្រាស់ ឬ បំណុលដែលគេជំពាក់យើងជាដើម ដើម្បីការពារករណីអ្នកមិនអាចមានសមត្ថភាពសងប្រាក់ទៅគេវិញបាន៕

ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។