អ្វីទៅជាទីផ្សារគោលដៅ? តើគេកំណត់ទីផ្សារគោលដៅដោយរបៀបណា?

24576

ទីផ្សារគោលដៅ គឺជាការកំណត់យកថានរណាខ្លះគឺជាអតិថិជនសក្តានុពល ដែលនឹងទិញផលិតផល ឬសេវាកម្មរបស់អ្នក។ អាចនិយាយឲ្យសមញ្ញថា គឺជាក្រុមមនុស្សដែល មានលទ្ធភាព និងចង់ទិញផលិតផល ឬសេវាកម្មរបស់អ្នក។

ហេតុអ្វីបានជាការកំណត់ទីផ្សារសំខាន់?

ផ្ទាំងឃោសនាពាណិជ្ជកម្ម

មានម្ចាស់អាជីវកម្មខ្នាតតូចថ្មីៗនៅកម្ពុជាជាច្រើន មិនបានកំណត់ទីផ្សារគោលដៅរបស់ពួកគាត់នោះទេ មានន័យថាពួកគាត់ចំណាយពេល និងលុយទៅធ្វើទីផ្សារដែលមិនមានប្រសិទ្ធភាព។

ម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួន គាត់កំណត់អតិថិជនគោលដៅសម្រាប់មនុស្សគ្រប់គ្នា គ្រប់អាយុ គ្រប់ភេទ គ្រប់ឋានៈ និង គ្រប់វ័យ។ ប៉ុន្តែតាមពិត រាល់ផលិតផល ឬសេវាកម្មរបស់យើងមានអ្នកទិញតាមប្រភេទនៃក្រុមមនុស្ស មិនអាចមានអ្នកទិញគ្រប់ប្រភេទបានទេ។ ឧទាហរណ៍ថា អ្នកបើកលក់កាបូបមនុស្សស្រីតម្លៃថ្លៃ អញ្ចឹងអតិថិជនគោលដៅ ប្រាកដជាអ្នកមានកម្រិតជីវភាពធូធារ និងជាមនុស្សភេទស្រី។ ហើយបើអ្នកលក់កាបូបដៃតម្លៃថោកៗ អញ្ចឹងអតិថិជនដែលនឹងមកទិញ ប្រាកដជាក្រុមមនុស្សដែលរកចំណូលបានទាប ឬអាចមានដល់មធ្យមខ្លះដែរ តែមិនមែនមនុស្សប្រុស ឬកុមារនោះទេ។

ការស្គាល់អតិថិជនគោលដៅ អាចជួយអ្នកឲ្យចំណាយលើការធ្វើទីផ្សារចំគោលដៅ តាមរយៈការប្រើពាក្យពេជន៍ផ្សព្វផ្សាយពាណិជ្ជកម្មដែលត្រូវចិត្តរបស់អតិជន និងជ្រើសរើសឧបករណ៍ផ្សាយពានិជ្ជកម្មដែលត្រូវកន្លែងដែលពួកគេនៅ។ ឧទាហរណ៍ ក្រុមហ៊ុនទូរស័ព្ទ Smart ដែលមានអតិថិជនគោលដៅគឺជាយុវវ័យភាគច្រើន អញ្ចឹងហើយទើបអ្នកតែងតែឃើញការផ្សាយពាណិជ្ជកម្មរបស់ Smart នៅតាមកម្មវិធីតន្ត្រីយុវវ័យ នៅតាមកម្មវិធីដែលចូលរួមដោយយុវជន និងឧបត្ថម្ភដល់ការប្រកួតកីឡាជាដើម ដែលកម្មវិធីទាំងនោះសុទ្ធសឹងតែជាចំណាប់អារម្មណ៍របស់យុវវ័យ ហើយនៅពេលដែល Smart ផ្សាយទៅគឺចំគោលដៅ។ 

ការបែងចែកទីផ្សារគោលដៅ

អ្នកត្រូវដឹងអំពីឥរិយាបទ ចំណង់ចំណូលចិត្ត លក្ខណពិសេស កាលៈទេសៈ និងតម្រូវការរបស់អ្នកទិញ បន្ទាប់មកវាកាន់តែងាយស្រួលក្នុងការធ្វើឲ្យពួកគេចាប់អារម្មណ៍លើអ្នក តាមរយៈការធ្វើអ្វីម្យ៉ាងដែលត្រូវចិត្តរបស់ពួកគេ។ ប្រភេទនៃទីផ្សារគោលដៅដែលត្រូវបានគេប្រើច្រើនមាន ៣ ៖

១. ការបែងចែកតាមភូមិសាស្ត្រ ៖ ការបែងចែកនេះ គឺដើម្បីដឹងថាអតិថិជនគោលដៅរបស់អ្នករស់នៅទីកន្លែងណាខ្លះ តាមរយៈការផ្អែកលើ ទីតាំង ភូមិស្រុក ខេត្តក្រុង ឬក៏តាមផ្លូវដែលពួកគេឆ្លងកាត់ជាដើម។

២. ការបែងចែកតាមប្រជាសាស្ត្រ ៖ ការបែងចែកតាមប្រជាសាស្ត្រ គឺជាការបែងចែកអតិថិជនគោលដៅដោយផ្តោតលើ ភេទ អាយុ មានគ្រួសារ ឬនៅលីវ មុខរបរ កម្រិតប្រាក់ចំណូល និងការអប់រំ។

៣. ការបែងចែកបែបចិត្តសាស្ត្រ ៖ ការបែងចែកប្រភេទនេះ គឺផ្តោតលើភាពផ្ទាល់ខ្លួនរបស់អតិថិជន ដូចជាចំណង់ចំណូលចិត្ត lifestyles តម្លៃ និងសកម្មភាពរស់នៅប្រចាំថ្ងៃ។ ឧទាហរណ៍ អ្នកបើកលក់សម្ភារៈឡើងភ្នំ អញ្ចឹងអតិថិជនគោលដៅរបស់អ្នកប្រាកដជាក្រុមមនុស្សដែលមានចំណូលចិត្តផ្សងព្រេង ដើរព្រៃ ឡើងភ្នំ និងបោះតង់ជាដើម។

របៀបបែងចែកទីផ្សារ

ដើម្បីធ្វើវា អ្នកត្រូវឆ្លើយសំណួរទាំងនេះ ៖

  • តើអតិថិជនរបស់អ្នកជាក្រុមមនុស្សដែលមានអាយុចាប់ពីប៉ុន្មាន ដល់ប៉ុន្មាន?
  • តើពួកគេអាចរកចំណូលប្រហែលប៉ុន្មានក្នុងមួយខែ?
  • តើផលិតផល ឬសេវាកម្មរបស់អ្នកតម្រូវវ័យ និងភេទណា? មនុស្សចាស់ យុវវ័យ កុមារ បុរស ឬក៏ស្រ្តី?
  • តើពួកគេចូលចិត្តទៅទិញនៅទីណា?
  • តើពួកគេរស់នៅទីណា?
  • តើពួកគេមានកម្រិតអប់រំកម្រិតណា?
  • តើបញ្ហាអ្វីដែលពួកគេមាន, ហើយអ្នកនឹងធ្វើយ៉ាងណាដើម្បីឲ្យផលិតផល ឬសេវាកម្មរបស់អ្នក អាចដោះស្រាយបញ្ហាទាំងនោះបាន?

នៅពេលដែលអ្នកស្គាល់អតិថិជនកាន់តែច្រើន អ្នកនឹងដឹងថាធ្វើបែបណា ទើបអាចទាក់ទាញពួកគេបាន។ ហើយបើអ្នកមិនស្គាល់ពួកគេទេនោះ អ្នកនឹងខ្ជះខ្ជាយលុយធ្វើទីផ្សារដែលគ្មានប្រសិទ្ធភាព។ គោលដៅធំនៃការបែងចែកទីផ្សារ គឺដើម្បីសន្សំលុយ និងពេលវេលាធ្វើទីផ្សារ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។