“ចង់រកស៊ីដែរ តែមិនដឹងរកស៊ីមុខរបរអ្វី” គឺជាពាក្យដែលគេនិយមនិយាយ

8097

មានអាជីវកម្មរាប់ម៉ឺនប្រភេទដែលកំពុងបើកទ្វារកស៊ីនៅកម្ពុជា។ ភូមិសាស្រ្តដែលសំបូរបែប និងប្រកួតប្រជែងខ្លាំងគឺទីក្រុងភ្នំពេញ ចំណែកវិស័យទេសចរណ៍សំបូរបែបនៅខេត្តសៀមរាប និងព្រះសីហនុ។ 

មានវិធីជាច្រើនដើម្បីចេញរកស៊ី ដោយអ្នកអាចបើកអាជីវកម្មថ្មីដោយផ្ទាល់ ឬអាចទិញអាជីវកម្មដែលដំណើរការស្រាប់។ ប្រសិនបើអ្នកកំពុងតែចង់ទិញអាជីវកម្មដែលដំណើរការស្រាប់ អ្នកអាចនឹងពិបាកក្នុងការសម្រេចចិត្តលើរឿងមួយចំនួន។ តាមការស្រាវជ្រាវ បូករួមនឹងបទពិសោធន៍ដែលយើងមាន យើងអាចចែករំលែកនូវចំណុច ៤ សម្រាប់អ្នកយកទៅពិចារណា មុនពេលអ្នកសម្រេចចិត្តបើក ឬទិញយកអាជីវកម្មណាមួយ។

១. រកមើលប្រភេទអាជីវកម្មណាដែលអ្នកចេះ

ការហក់ចូលក្នុងអាជីវកម្មថ្មីសន្លាង អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាប្លែក ប៉ុន្តែអ្នកត្រូវដឹងថា វានឹងមានការងារជាច្រើនដែលយើងត្រូវបំពេញ។ ការមានចំណះដឹង ឬបទពិសោធន៍ក្នុងវិស័យណាមួយ អាចឲ្យយើងមានទំនុកចិត្ត និងជាពិសេសយើងបានស្គាល់ពីរបៀបធ្វើការ របៀបទាក់ទងអតិថិជន ស្គាល់អ្នកផ្គត់ផ្គង់ ស្គាល់អ្នកទិញ និងស្គាល់ពីទីផ្សារជាដើម។

ឧទាហរណ៍ថា អ្នកធ្លាប់ធ្វើការនៅហាងលក់រាយមួយអស់រយៈពេលពីរឆ្នាំ អញ្ចឹងអ្នកអាចស្គាល់អតិថិជន ដឹងថាទំនិញត្រូវបានគេទិញមកពីណា ដឹងថារដូវកាលណាមានមនុស្សចូលទិញច្រើន ដឹងថាទំនិញអ្វីដែលមនុស្សចូលចិត្តទិញ និងដឹងថាទីតាំងណាដែលអាចបើកហាងបានជោគជ័យ រួចជាស្រេច។ 

២. តើអ្នកចូលចិត្តធ្វើអ្វីជាងគេ?

សហគ្រិនជោគជ័យជាច្រើន ចាប់ផ្តើមរកស៊ីលើមុខរបរដែលពួកគេចូលចិត្ត និងចង់ធ្វើ។ ការធ្វើជាម្ចាស់អាជីវកម្មម្នាក់ គឺជាកាងារមួយលំបាក ហើយត្រូវការការរៀនសូត្រ និងស្រាវជ្រាវជានិច្ច។ មិនតែប៉ុណ្ណោះ អ្នកនឹងត្រូវសម្រេចចិត្តធ្វើរឿងខ្លះដែលអ្នកមិនចង់ធ្វើ និងអន់ចិត្តនៅពេលដែលចំណូលធ្លាក់ចុះ។ ដូច្នេះ បើអ្នកមិនមានចំណូលចិត្តរកស៊ីក្នុងអាជីវកម្មហ្នឹងទេ អ្នកអាចនឹងបោះបង់វាចោលដោយងាយមិនខាន។

ប្រសិនបើអ្នកមិនចូលចិត្តកាហ្វេ ហើយអ្នកបើកហាងកាហ្វេដោយសារតែគិតថាវារកចំណូលបានច្រើន អ្នកនឹងគ្មានអារម្មណ៍ឆុងកាហ្វេដែលមានរសជាតិឆ្ងាញ់ឡើយ ហើយបើអ្នកលក់គ្រាប់កាហ្វេ អ្នកនឹងមិនមានអារម្មណ៍និយាយប្រាប់ភ្ញៀវពីលក្ខណពិសេសរបស់គ្រាប់កាហ្វេដែលអ្នកលក់ឡើយ។ អ្នកគួរចាប់ផ្តើមមុខរបរណាដែលខ្លួនអ្នកផ្ទាល់ស្រលាញ់ តែមិនមែនដោយសារតែគេប្រាប់ឲ្យធ្វើ ឬធ្វើដោយសារតែគិតថាវាចំណេញច្រើនឡើយ។ អ្នកគួរតែរកស៊ីរបរណាដែលអាចរកចំណូលបាន ហើយក៏ធ្វើឲ្យអ្នកមានក្តីសុខក្នុងការធ្វើវា ព្រោះថាជីវិតខ្លីណាស់ក្នុងការធ្វើកិច្ចការដែលយើងចង់ធ្វើ។

៣. ពិចារណាពីគំនិតអាជីវកម្ម

អ្នកអាចនឹងចង់រកស៊ីលើមុខរបរដែលមានគេធ្វើរួចហើយ។ វាគឺជាចំណុចរសើបមួយដែលសហគ្រិនក្មេងៗតែងតែនិយាយថា “មុខរបរនេះ មានគេធ្វើច្រើនហើយ ត្រូវរកមើលរបរអ្វីផ្សេងវិញ” មែនហើយការរកស៊ីមុខរបរណាដែលមិនសូវមានអ្នកធ្វើ គឺជាជម្រើសដ៏ប្រសើរ។ ប៉ុន្តែ មានពេលខ្លះយើងគិតមិនឃើញពីមុខរបរថ្មីនោះទេ ព្រោះយើងក៏គិតគេក៏គិត ហើយមុខរបរដែលគេមិនសូវធ្វើ ក៏មិនប្រាកដថាអាចរកចំណូលបានច្រើនទៀត។ 

បើអ្នកពិតជាចង់ធ្វើវាមែននោះ កុំខ្លាចក្នុងការប្រកួតប្រជែង កុំខ្លាចដោយសារតែមានគេធ្វើច្រើន។ មុខរបរដូចគ្នា ប៉ុន្តែអ្វីដែលខុស នោះគឺ “គំនិត”។ បើអ្នកមានគំនិតច្នៃប្រឌិតថ្មី អាចធ្វើឲ្យអាជីវកម្មនោះទាក់ទាញអតិថិជនបានច្រើន អ្នកមិនចាំបាច់ខ្លាចនោះទេ។ ជាឧទាហរណ៍៖ មុខរបររត់តាក់ស៊ី ឬកង់បីដឹកភ្ញៀវ វាជាមុខរបរដូចគ្នា ប៉ុន្តែអ្នកដែលមានគំនិតថ្មី បានយកបច្ចេកវិទ្យាហៅតាក់ស៊ីតាមទូរស័ព្ទដៃ មកដណ្តើមទីផ្សារយ៉ាងឆាប់រហ័សពីតាក់ស៊ីបក់ដៃហៅភ្ញៀវ ដែលធ្លាប់តែគ្រប់គ្រងទីផ្សារ។ 

សរុបសេចក្តីមក អ្នកគួរពិចារណាពីគំនិតអាជីវកម្មនោះ ថាវាអាចជោគជ័យបាន ឬអត់។ តើវាមានអ្វីពិសេសដែលខុសពីអាជីវកម្មស្រដៀងគ្នានៅក្នុងទីផ្សារហ្នឹងទេ? មានពេលខ្លះ គំនិតអាជីវកម្មរបស់អ្នកល្អ ហើយអ្វីៗផ្សេងទៀតក៏សុទ្ធតែល្អ ប៉ុន្តែពេលវេលា មិនទាន់ល្អសម្រាប់ការចាប់ផ្តើម តួរយ៉ាងដូចជាក្រុមហ៊ុនលក់ទំនិញតាមគេហទំព័រក្នុងស្រុកមួយចំនួន បានដួលបះជើងបន្តបន្ទាប់គ្នាទាំងមានទុនច្រើន មានមនុស្សមានទេពកោសល្យ និងធន់ធានជាច្រើនទៀត ប៉ុន្តែនៅតែបរាជ័យ ដោយសារតែប្រជាជនខ្មែរបច្ចុប្បន្ននេះ មិនទាន់និយមចំពោះការទិញទំនិញតាមគេហទំព័រនៅឡើយ។

៤. ស្រាវជ្រាវទីផ្សារ ថាមនុស្សកំពុងត្រូវការ ឬនិងត្រូវការអ្វី

វិធីនេះអាចធ្វើឲ្យអ្នករកឃើញគំនិតប្លែកៗច្រើន តាមរយៈការចុះដើរមើលក្នុងភូមិសាស្ត្រដែលអ្នកចង់រកស៊ី។ បើអ្នកមិនដឹងថាគួររកស៊ីអ្វីទាល់តែសោះ វាអាចជាចំណុចចាប់ផ្តើមមួយ ដែលអ្នកគួរតែសាកល្បង។ បើអ្នកដឹងថាមនុស្សត្រូវការអ្វីខ្លាំងហើយ រឿងបន្ទាប់គឺរកមើលថាមានអ្នកបំពេញតម្រូវការនោះហើយឬនៅ បើមានហើយ តើពួកគេបំពេញតម្រូវការនោះបានល្អហើយឬនៅ? អតិថិជនពេញចិត្តនឹងសេវាកម្ម ឬផលិតផលនោះទេ ឬអតិថិជនទិញដោយសារតែគ្មានជម្រើស។ តើអ្នកអាចធ្វើអ្វីដែលល្អជាងអ្នកផ្គត់ផ្គង់ទាំងនោះដែរទេ? ។ល។

សម្រាប់អ្នកមានលុយ ការចេញរកស៉ីគ្មានអ្វីពិបាកទេ ។ ប៉ុន្តែបើកទ្វារកស៊ី ហើយធ្វើឲ្យវាជោគជ័យ រកចំណូលបានច្រើនទើបពិបាក ដូច្នេះហើយទើបអ្នកចាំបាច់ត្រូវសិក្សាស្រាវជ្រាវជាមុនសិន ជៀសវាងខាតលុយ និងខាតពេលវេលាក្នុងការធ្វើវា៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។