រឿងរ៉ាវចាប់ផ្តើមរបស់ហាងអាហារ Jollibee សត្រូវធំរបស់ McDobald’s នៅហ្វីលីពីន

2542

ការប្រកួតប្រជែងនៅក្នុងពិភពជំនួញគឺជាកត្តាមួយដែលម្ចាស់អាជីវកម្មមិនអាចចៀសបាន។ ដូចគ្នានេះដែរ លោក Tony Tan Caktiong និងលោក Ernesto Tanmantiong ដែលជាបងប្អូនពីរនាក់ជនជាតិហ្វីលីពីនបានសហការគ្នាបង្កើតហាងអាហារ Jollibee ដ៏ល្បីក្នុងប្រទេសហ្វីលីពីន និងដើម្បីប្រកួតប្រជែងជាមួយហាងអាហារ Fast Foods បរទេស McDonald’s ដែលនាំចូលមកពីអាមេរិច។

Jollibee Foods Corporation គឺជាក្រុមហ៊ុនពហុជាតិមួយមានមូលដ្ឋាននៅទីក្រុង Quezon ប្រទេសហ្វីលីពីន។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយលោក Tony Tan Caktiong នៅឆ្នាំ ១៩៧៨ និងរកចំណូលបានប្រមាណជា ១៥៨.៦៧ ពាន់លានប៉េសូ(ជាង ៣.០៣ ពាន់លានដុល្លារអាមេរិច) កាលពីឆ្នាំ ២០១៨ កើនឡើងចំនួន ២០.៥៩% ធៀបនឹងឆ្នាំ២០១៧ ដែលរកចំណូលបាន ១៣១.៥៨ ពាន់លានប៉េសូ (២.៥១ ពាន់លានដុល្លារ)។ Jollibee Foods Corp ក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា Jollibee Fast Food, Smashburger, Burger King Philippines, Panda Express Philippines, Mang Inasal, Greenwich Pizza, Red Ribbon, Chowking, និង Yonghe King ។ល។ ក្រុមហ៊ុននេះលក់អាហារដូចជា ហាមប៊ឺហ្គើ មាន់បំពង បង្អែម ការ៉េម នំខេក អាហារពេលព្រឹក ភីហ្សា កាហ្វេ នំប៉ាវ និងនំបំពង។

នៅឆ្នាំ ១៩៨១ ក្រោយពេល McDonald’s ចូលហ្វីលីពីនដំបូង បានធ្វើឱ្យបងប្អូនដែលមានសញ្ជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងពីរនេះមានមហិច្ឆតាចង់បង្កើតសម្ព័ន្ធក្រុមហ៊ុនអាហារ Fast Food មួយ ដើម្បីប្រជែងជាមួយក្រុមហ៊ុនដែលមានមូលដ្ឋានមកពីសហរដ្ឋអាមេរិក និងមានទិសដៅត្របាក់យកទីផ្សារអាហារ Fast Food ទូទាំងសកលលោក។

មុនកកើតជាក្រុមហ៊ុន Jollibee ចាប់ផ្តើមដំបូងជាហាងការ៉េមតូចមួយដែលកំពុងរីកលូតលាស់ក្នុងអំឡុងឆ្នាំ ១៩៧៥ នៅក្នុងទីក្រុង Quezon City នៃប្រទេសហ្វីលីពីន ប៉ុន្តែក្រោយមក Jollibee បានពង្រីកសាខាជាបន្តបន្ទាប់នៅក្បែរសាខាហាង McDonald’s រាប់ពាន់កន្លែងដែលកំពុងមានវត្តមានស្ទើរគ្រប់ប្រទេស។

យោងតាមលោក Tanmantiong ដែលជាប្រជាធាន និងជានាយកប្រតិបត្តិរបស់ Jollibee បានប្រាប់ដល់សារព័ត៌មាន CNBC ថា នៅពេលបងប្អូនលោកទាំងពីរបានដឹងថា McDonald’s កំពុងតែធ្វើដំណើរចូលមកក្នុងប្រទេស(ហ្វីលីពីន) មិត្តភក្តិរបស់លោកបានប្រាប់លោកកុំឱ្យប្រជែងនឹងយីហោអាហារ Fast Food ដ៏ធំនេះ។ ប៉ុន្តែ លោក Tan Caktiong បានបដិសេធសម្តីមិត្តរបស់លោក ហើយថែមទាំងបានរៀបគម្រោងការប្រជែងជាមួយ McDonald’s ទៀត។ លោក Tanmantiong បន្តទៀតថា ពួកលោកបានប្រើប្រាស់វិធីសាស្ត្រវិភាគ SWOT Analysis ដើម្បីវិភាគមើលពីចំណុចខ្លាំង និងចំណុចខ្សោយក្នុងអាជីវកម្មរបស់លោក និងស្វែងរកចំណុចខុសគ្នារវាង Jollibee និង McDonald’s ។

លោក Tony Tan Caktiong

ស្របពេលដែល McDonald’s កំពុងទទួលបានការគាំទ្រពីពលរដ្ឋហ្វីលីពីន លោក Tanmantiong ក៏បានឃើញចំណុចធំមួយដែលក្រុមហ៊ុន Fast Food យក្សរបស់អាមេរិកនេះមិនអាចប្រកួតជាមួយ Jollibee បាន។ លោក Tanmantiong និយាយថា “ជនជាតិហ្វីលីពីនចូលចិត្តអាហារដែលមានរសជាតិហឹរ និងផ្អែម ហើយវាជាចំណុចមួយដែល McDonald’s ពិបាកសម្របតាមព្រោះ McDonald’s មិនចង់ឱ្យអាហារ Fast Food របស់ពួកគេបាត់បង់រសជាតិដើមដែលជារសជាតិធ្វើឱ្យពួកគេល្បីល្បាញនោះឡើយ” នេះបើតាមអ្វីដែលលោកបានប្រាប់ដល់ CNBC ។

បន្ទាប់មកទៀត បងប្អូនត្រកូល Tan ទាំងពីរ បានច្នៃមុខម្ហូបថ្មីទៀតនៅក្នុងមឺនុយអាហារដោយបន្ថែម Jolly Spaghetti រសជាតិផ្អែម រួមជាមួយ Hot Dogs និង Burgers រសជាតិហឹរបន្ថែមលើប្រភេទអាហារ Fast Food ដែលមានស្រាប់។ ទាំងនេះហើយដែលបានជួយឱ្យ Jollibee ទទួលបានភាពរីកចម្រើនខ្លាំង និងបានពង្រីកសាខាជាលក្ខណៈអន្តរជាតិ។ ក្រុមហ៊ុន Jollibee បច្ចុប្បន្នមានទីតាំងលក់ជាង ៣,​៥០០ នៅក្នុងប្រទេសហ្វីលីពីន និងទីតាំងជាង ១,​០០០ ទៀតនៅជុំវិញពិភពលោកដែលរួមបញ្ចូលទាំងទីតាំងរបស់ក្រុមហ៊ុននៅក្រោមសម្ព័ន្ធ Jollibee Foods Corporation មាន Smashburger, Burger King Philippines និង Panda Express Philippines។

នៅដើមឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Jollibee បានពង្រាយទីតាំងលក់មួយបន្ថែមទៀតនៅរដ្ឋ Manhatan ក្នុងចំណោមទីតាំងលក់ ៣៧ ដែលកំពុងឈរជើងនៅសហរដ្ឋអាមេរិក ហើយគោលដៅបន្ទាប់ Jollibee នឹងបោះជំហ៊ានចូលទៅកាន់ទីផ្សារប្រទេសចិន ប៉ុន្តែក្រុមហ៊ុនអាហារ Fast Food របស់ប្រទេសហ្វីលីពីននេះនឹងត្រូវប្រឈមមុខជាមួយគូប្រជែងចាស់ McDonald’s ម្តងទៀតដែលកំពុងមានប្រតិបត្តិការលក់យ៉ាងមមារញឹកនៅទីនោះ។

ក្រោយពីបានក្លាយជាភោជនីយដ្ឋានធំបំផុតក្នុងតំបន់អាស៊ីនៅឆ្នាំ ២០១៤ Jollibee នឹងត្រៀមតទល់នឹងក្រុមហ៊ុនធំមួយចំនួនបន្តទៀតដូចជា Starbucks, Yum! Brand និង Domino’s ជាដើម ដើម្បីស្ថិតនៅក្នុងបញ្ជីជាក្រុមហ៊ុនអាហារធំបំផុតទាំងប្រាំ ដែលជាបេសកកម្មជំនួញរបស់លោក Tanmantiong។ 

លោក Ernesto Tanmantiong ដែលជាប្អូនក៏បានលើកឡើងផងដែរថា បងប្រុសរបស់លោក “Tony Tan Caktiong គឺជាមនុស្សមានទស្សនៈវិស័យ និងចូលចិត្តស្រមៃធំ ហើយគាត់ពិតជាស្រលាញ់ការប្រកួតប្រជែងខ្លាំងណាស់។ វាគឺជាហេតុផលដែលធ្វើឱ្យក្រុមហ៊ុន Jollibee Foods Coporation មានថ្ងៃនេះ។ ក៏ព្រោះតែមានចក្ខុវិស័យខ្លាំងក្លា បានជំរុញឱ្យក្រុមហ៊ុនទាំងមូលធ្វើការប្រកួតប្រជែងដើម្បីសម្រេចគោលដៅធំមួយ”៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕