ការទិញក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ

1859

នៅពេលម្ចាស់ជំនួយណាមួយកសាងក្រុមហ៊ុនរបស់ពួកគេទទួលបានជោគជ័យ តែងតែមានក្រុមហ៊ុនផ្សេងចង់បាន ហើយបើម្ចាស់ក្រុមហ៊ុន ឬម្ទាស់ភាគហ៊ុនទាំងនោះចង់លក់ក្រុមហ៊ុនដើម្បីក្លាយជាមហាសេដ្ឋី និងអាចចំណាយពេលវេលាផ្តោតលើជីវិតឯកជន ពួកគេនឹងព្រមលក់ក្រុមហ៊ុនរបស់ពួកគេចោល។ ខាងក្រោមនេះ គឺជាបញ្ចីឈ្មោះនៃការទិញយកក្រុមហ៊ុនក្នុងតម្លៃដ៏មហាសាលក្នុងប្រវត្តិសាស្ត្រជំនួញ។

១. Vodafone Airtouch ទិញយក Mannessman៖ កាលពីឆ្នាំ១៩៩៩ មានការទិញយកក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ប្រទេសអាឡឺម៉ង់ក្នុងតម្លៃ ២៨៧ពាន់លានដុល្លារបច្ចុប្បន្ន (កាលពីឆ្នាំ១៩៩៩ ការទិញនោះមានតម្លៃ ២០២.៨ពាន់លានដុល្លារ)។ អ្នកដែលទិញយកនោះគឺក្រុមហ៊ុន Vodafone Airtouch របស់ប្រទេសអង់គ្លេស ហើយត្រូវការពេលដល់ទៅបីខែឯណោះ ទម្រាំតែភាគីសងខាងព្រមស្រុះស្រួលគ្នា។ ដំបូងឡើយ Vodafone Airtouch មានការផ្ដល់ជូនពីរបន្ថែមទៀតពីលើការទិញនោះ តែខាង Mannessman នៅតែមិនព្រម  រហូតទាល់តែខាង Vodafone Airtouch ផ្ដល់នូវ ៥ភាគរយបន្ថែមលើតម្លៃចាស់ ទើបក្រុមហ៊ុនខាងអាឡឺម៉ង់យល់ព្រមលក់អោយ។ ការទិញយកនោះធ្វើអោយមានការភ្ញាក់ផ្អើលពីសំណាក់សាធារណជនក្នុងប្រទេសអាឡឺម៉ង់ ព្រោះនេះជាលើកទីមួយហើយដែលក្រុមហ៊ុនដ៏ធំរបស់ខ្លួនត្រូវបានទិញយកដោយក្រុមហ៊ុនបរទេស។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

២. AOL ទិញយក Time Warner៖ នៅឆ្នាំ២០០០ ក្រុមហ៊ុន AOL បានទិញយកក្រុមហ៊ុន Time Warner ក្នុងតម្លៃរហូតដល់ទៅ ២២៦ពាន់លានដុល្លាបច្ចុប្បន្ន (ដោយកាលឆ្នាំ២០០០ វាមានតម្លៃស្មើរនឹង ១៦៦.៧ពាន់លានដុល្លារ)។ ការទិញនេះគឺជាការរលាយបញ្ចូលគ្នារវាងក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធើណេតដ៏ធំ និងក្រុមហ៊ុនផ្សព្វផ្សាយ ដ៏ធំមួយទៀតក្នុងសហរដ្ឋអាមេរិក  ដោយគោលបំណងនោះគឺចង់បង្កើតផ្ដល់សេវាកម្មឌីជីថលដ៏ធំបំផុតមួយក្នុងពិភពលោក។ ប៉ុន្ដែវាមិនដូចការគ្រោងទុកដោយនៅឆ្នាំ២០០២ Time Warner តែឯងប៉ុណ្ណោះបានខាតលុយរហូតដល់ទៅ ១០០ពាន់លានដុល្លារ ហើយរហូតដល់ឆ្នាំ២០០៩ ក្រុមហ៊ុនទាំងពីរក៏រំសាយចេញពីគ្នាវិញ។ នៅឆ្នាំ២០០៩ នោះ តម្លៃភាគហ៊ុនរបស់ Time Warner បានធ្លាក់ចុះ ៩០ភាគរយ បើធៀបនឹងមុនពេលគេទិញយក ហើយតម្លៃរបស់ AOL វិញធ្លាក់ចុះពី ២២៦ពាន់លាន មកត្រឹម ២០ពាន់លានដុល្លារប៉ុណ្ណោះ។

៣. Pfizer​ ទិញយក Allergan៖ នៅឆ្នាំ២០១៥ ក្រុមហ៊ុនផលិតថ្នាំរបស់ប្រទេសអៀរឡង់ដ៍ បានទិញយកក្រុមហ៊ុន Allergan ក្នុងតម្លៃ ១៦០ពាន់លានដុល្លារ។ ការទិញនេះមិនត្រឹមតែធ្វើអោយ Pfizer ក្លាយទៅជាក្រុមហ៊ុនដ៏ធំបំផុតក្នុងប្រទេសអៀរឡង់ដ៍នោះទេ តែជាក្រុមហ៊ុនធំបំផុតខាងវិស័យសុខាភិបាលក្នុងពិភពលោក។ ក្រៅពីនេះ ការបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរនេះក៏បានធ្វើអោយ Pfizer​ ចំនេញលើការបង់ពន្ធផងដែរ។

៤. Verizon Communications ទិញយក Verizon Wireless៖ នៅឆ្នាំ២០១៣ Verizon Communications បានទិញយក Verizon Wireless ក្នុងតម្លៃ ១៣២ពាន់លានដុល្លារ ដែលពេលស្ដាប់មើលទៅវាដូចជារាងឈឺក្បាលបន្ដិច ព្រោះក្រុមហ៊ុនពីរនេះមានឈ្មោះដូចគ្នាហេតុអ្វីចាំបាច់ទិញយកទៀត។ ការពិតក្រុមហ៊ុន Verizon Communications និង Vodafone ជាម្ចាស់កម្មសិទ្ធរួមគ្នាលើក្រុមហ៊ុន Verizon Wireless ហើយការទិញនោះគឺជាការទិញផ្ដាច់ពី Vodafone ដែលកាលនោះមានភាគហ៊ុន ៤៥ភាគរយលើ Verizon Wireless ។ ពេលទិញហើយវាបានធ្វើអោយ Verizon ទទួលបានអ្នកប្រើប្រាស់បន្ថែមរហូតដល់ទៅ ២០លាននាក់បន្ថែមទៀតក្នុងរយៈពេលត្រឹមពីរឆ្នាំប៉ុណ្ណោះក្រោយការទិញ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។