ស្វែងយល់ពីខ្សែជីវិត មុន និងក្រោយពេលដែលលោក Binny Bansal បានបង្កើតក្រុមហ៊ុន Flipkart

1912

ចំណង់បានប្រែក្លាយជាជំនាញ ដោយរុញច្រានឲ្យសហគ្រិនវ័យក្មេងមួយរូបនៅក្នុងប្រទេស ឥណ្ឌា ក្លាយជាទីចាប់អារម្មណ៍របស់ពិភពលោក។ លោក​ Binny Bansal គឺជាស្ថាបនិកមួយក្នុងចំណោមស្ថាបនិកដ៏ទៃទៀតនៃក្រុមហ៊ុន Flipkart ដែលជាក្រុមហ៊ុនលក់រាយលើអ៉ីនធើណិតធំជាងគេនៅក្នុងប្រទេសឥណ្ឌា។ Flipkart ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៧ ដោយផ្តើមចេញពីគំនិតនៃក្តីស្រមៃ ហើយបានបង្កើតឲ្យចេញជារូបរាងក្រោយពេលលោក Bansal ត្រូវបានក្រុមហ៊ុន Google បដិសេធមិនឲ្យធ្វើការ។

ខ្សែជីវិតរបស់លោក Binny Bansal

លោក​ Binny Bansal មានការពេញចិត្ត​ និង​ស្រឡាញ់ផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំង ដោយលោកពេញចិត្តនឹងធ្វើអ្វីដែលទាក់ទងទៅនឹងបច្ចេកវិទ្យា។ ធាតុពិតលោកមានការស្រឡាញ់ផ្នែកគ្រឿងម៉ាស៉ីនយ៉ាងពន់ពេក ដោយលោកបានចំណាយពេលរៀនសូត្របច្ចេកវិទ្យាឆ្លាតវៃ AI (artificial intelligence) និង machine learning ។ ក្រោយពេលដែលលោកទើបបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ IIT Delhi​ លោកក៏បានមើលឃើញមិត្តរបស់លោកជាច្រើននាក់ រកការងារបានធ្វើសុទ្ធតែជាការងារល្អៗ ហើយថែមទាំងមានប្រាក់ខែខ្ពស់ទៀតផង។ ទន្ទឹមគ្នានោះដែរ លោកក៏បានដាក់ពាក្យសុំធ្វើការទាំងនោះដែរ តែលោកហាក់បីដូចជាមិនទទួលបានឱកាសដូចជាមិត្តរបស់លោកទាំងអស់នោះទេ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

វាពិតជាការសម្រេចចិត្តមួយដ៏ពិបាកសម្រាប់លោក Binny ក្នុងការធ្វើការជ្រើសរើសដោយលោកបានបោះបង់នូវឱកាសធ្វើការជាមួយក្រុមហ៊ុន MNC ហើយងាកមកបង្កើតមុខជំនួយដោយខ្លួនលោកវិញ។ បើទោះបីជាការធ្វើការឲ្យគេ វាមានហានិយភ័យតិច មានថ្ងៃឈប់សម្រាក និង​មានផាសុកភាពក៏ដោយ ក៏វាហាក់បីដូចជាមិនជាទីគាប់ចិត្តសម្រាប់រូបលោកនោះដែរ។ លើកដំបូងដែលលោក Binny ជួបពិភាក្សាជាមួយមិត្តរបស់គាត់ គឺលោក Sachin Bansal បានធ្វើឲ្យលោក Binny ស្វែងរកឃើញនូវគោលដៅរបស់គាត់ ។ ថ្វីបើអាជីវកម្ម E- commerce មិនមែនជាជម្រើសដំបូងរបស់លោកក៏ពិតមែន ប៉ុន្តែលោក Binny បានដឹងថាលោកកំពុងតែធ្វើនូវអ្វីដែលលោកស្រឡាញ់។

ការចាប់ផ្តើមដំបូងរបស់ក្រុមហ៊ុន Flipkart

ថ្ងៃដំបូងនៃការចាប់ផ្តើរបស់ក្រុមហ៊ុន Flipkart គឺវាពិតជាលំបាកខ្លាំងមែនទែន។ ដោយកន្លែងធ្វើការរបស់លោក Binny និងដៃគូរបស់គាត់ គឺស្ថិតក្នុងបន្ទប់អាផាតមិន ដែលមានតែគ្រែគេងមួយ ហើយគ្មានជំនួយពីអ្នកណានោះទេ។ បញ្ហាចម្បងដែលលោក Binny និងដៃគូរបស់លោក គឺលោក Sachin Bansal ត្រូវប្រឈម គឺការបញ្ចុះបញ្ចូលអ្នកវិនិយោគ ឲ្យវិនិយោគលើគម្រោងរបស់ពួកលោក។ នាពេលនោះដែរ លោកក៏បានដាក់ស្នើរលិខិតក្នុងការចងសម្ព័ន្ធភាពជាដៃគូជាមួយនឹងហាងលក់សៀវភៅចំនួន ៤០ ដោយក្នុងនោះគឺមានហាងតែពីរប៉ុណ្ណោះទេ ដែលព្រមធ្វើជាដៃគូសហការជាមួយ។ ជាមួយនឹងប្រាក់ខែដែលលោក Binny សន្សំបានកាលពីលោកនូវធ្វើការ ពួកលោកក៏សម្រេចចិត្តបង្កើតនូវក្រុមហ៊ុន Flipkart ឲ្យចេញជារូបរាង។ ដោយហេតុតែលំហូរនៃសាច់ប្រាក់របស់ Flipkart នូវមានកំរិត គឺពួកលោកពិបាកក្នុងការផ្សព្វផ្សាយឲ្យមនុស្សម្នាគ្រប់គ្នាបានស្គាល់នូវក្រុមហ៊ុន Flipkart។ ដោយហេតុនេះ នៅក្នុងកំឡុងពេលដំបូងនៃការចាប់ផ្តើមការលក់របស់ក្រុមហ៊ុន Flipkart ក្រោមការគ្រប់គ្រងរបស់លោក Bansals លក់បានសៀវភៅបានមិនដល់ ១០ ក្បាលផង។

ខណៈពេលនៃការចាប់ផ្តើមដំបូងរបស់ក្រុមហ៊ុន Flipkart គឺក្រោមទម្រងជាកម្មវិធីដឹកជញ្ជូនសៀវភៅតាម Online ។ ក្រោយមកគោលគំនិតនៃការបង្កើតក្រុមហ៊ុន Flipkart​ ក៏ចេះតែរីកធំឡើងៗ ​ហើយលោក ​Binny ក៏បានសង្កេតឃើញថា វាគឺជាពេលវេលាមួយដែល​ក្រុមហ៊ុន Flipkart​ ត្រូវពង្រីកនូវផលិតផលឲ្យលើសពីការផ្តល់ជូនតែសៀវភៅមួយមុខ។ ហេតុផលមួយដែលធ្វើឲ្យក្រុមហ៊ុន Flipkart​ មានការរីកលូតលាស់លឿននោះគឺ ស្ថាបនិកទាំងពីរមានគោលជំហរមួយដោយមិនអាចឲ្យក្រុមហ៊ុនគ្មានទុនបង្វិលនោះទេ។ ក្នុងន័យនេះ មានន័យថាទាល់តែពួកគាត់ទាំងពីរមានប្រាក់ទុនគ្រប់គ្រាន់ ទើបពួកគាត់ពង្រីកសេវាកម្មឲ្យកាន់តែច្រើន។ ប៉ុន្មានឆ្នាំក្រោយមក ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់លោក Binny Bansal ក្រុមហ៊ុន Flipkart ក៏បានក្លាយទៅជាក្រុមហ៊ុនដ៏ធំ ហើយចាប់ផ្តើមធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុនលក់ទំនិញលើអនឡាញល្បីៗមួយចំនួនដូចជា ក្រុមហ៊ុន Amazon ក្រុមហ៊ុន Basket និង​ក្រុមហ៊ុន Alibaba ជាដើម។

ថ្វីបើលោក Binny និងដៃគូរបស់លោកមិនមានសមត្ថភាពខ្លាំងក្នុងវិស័យបច្ចេកវិទ្យាដូចសហគ្រិនសព្វថ្ងៃក៏ពិតមែន ប៉ុន្តែពួកលោកតែងតែឈានមុខគេក្នុងអាជីវកម្ម។ គ្រប់ការផ្លាស់ប្តូរដែលធ្វើឡើងដោយលោក Binny គឺសុទ្ធសឹងតែចង់ឲ្យក្រុមហ៊ុន Flipkart មានការរីកចម្រើន។ ដោយសារតែមានចក្ខុវិស័យយ៉ាងមុតស្រួចក្នុងការស្វែងរកវិនិយោគិនដែលពោរពេញទៅដោយសក្តានុពលឲ្យមកវិនិយោគក្នុងអាជីវកម្មរបស់លោក ទើបលោកអាចប្រែក្លាយក្រុមហ៊ុន Flipkart ឲ្យទៅជាក្រុមហ៊ុនធំមួយផ្នែក E-commerce មិនត្រឹមតែមានកេរ្តិ៍ឈ្មោះបោះសំលេងក្នុងប្រទេសឥណ្ឌានោះទេ​​ តែក៏មានកិត្តិនាមល្បីពាសពេញពិភពលោកទៀតផង ជាពិសេសនៅអំឡុងពេលក្រុមហ៊ុន Walmart ទិញយកភាគហ៊ុនចំនួន ៧៧% របស់ Flipkart ក្នុងតម្លៃ ១៦ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៨។

ជីវិតក្រោយពេលដែលចាកចេញពីក្រុមហ៊ុន Flipkart

ខែវិច្ចិកាឆ្នាំ ២០១៨ លោក Binny Bansal បានចុះចេញពីតំណែងប្រធាន និងនាយកប្រតិបត្តិរបស់ Flipkart ស្ថាបនិកដែលបានបង្កើតនូវក្រុមហ៊ុននេះ បានបង្ហាញគោលជំហរមិនចង់ប្រឡូកក្នុងវិស័យសហគ្រិននេះតទៅទៀតទេ។ សព្វថ្ងៃនេះលោក Bansal ចាប់ផ្តើមអាជីវកម្មផ្សេងៗជាច្រើន ហើយលោកក៏បានជួយផ្តល់ប្រឹក្សាឲ្យសហគ្រិនជំនាន់ក្រោយ ដែលចាប់ផ្តើមអាជីវកម្មថ្មីថ្មោងនៅក្នុងប្រទេសឥណ្ឌាប្រមាណជា ១០,០០០ អាជីវកម្ម។ លោក Binny និងលោក Saikiran Krishnamurthy ក៏ជាអ្នកផ្តល់ប្រឹក្សាក្នុងក្រុមហ៊ុនប្រឹក្សា McKinsey ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សា និងទុនវិនិយោគទៅឲ្យម្ចាស់អាជីវកម្មដែលចង់បង្កើតអាជីវកម្មដោយខ្លួនឯងផងដែរ។ គោលបំណងរបស់ក្រុមហ៊ុនប្រឹក្សា McKinsey គឺចង់បង្កើតឱកាសឲ្យសហគ្រិនវ័យក្មេងដែលមានបំណងចង់ធ្វើជាម្ចាស់អាជីវកម្ម ទទួលបាននូវការប្រឹក្សាយោបល់ និងកម្មវិធីមួយចំនួនដែលជួយឲ្យអាជីវកម្មរបស់ពួកគេកាន់តែប្រសើរឡើង។ ហើយលោក Binny គឺចង់ចែករំលែកនូវវិធីសាស្ត្រដែលលោកបានអនុវត្ត កាលពីលោកបានបង្កើតក្រុមហ៊ុន Flipkart ឡើង ទៅឲ្យសហគ្រិនទាំងនោះទុកជាមេរៀន ដើម្បីជាស្ពានឆ្លងទៅរកភាពជោគជ័យ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។