ប្រទេសអង់គ្លេស នឹងអនុវត្តច្បាប់ហាមឃាត់ការប្រើប្រាស់បំពង់បឺតប្លាស្ទិក ចាប់ពីខែមេសា ឆ្នាំ២០២០ តទៅ

2090

អង់គ្លេស(CNBC) ៖ ច្បាប់ហាមឃាត់ការផលិត និងលក់បំពង់ប្លាស្ទិកលម្អកែវភេស្ជជៈ បំពង់បឺតប្លាស្ទិក និងសំឡីត្បាលត្រចៀកដែលមានដងជ័រ នឹងត្រូវអនុវត្តន៍នៅក្នុងប្រទេសអង់គ្លេស ចាប់ពីខែមេសា ឆ្នាំ២០២០ ខាងមុខនេះតទៅ។

លោក Michael Gove រដ្ឋមន្ត្រីបរិស្ថានរបស់អង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “សកម្មភាពបន្ទាន់ និងចាំបាច់គឺត្រូវដោះស្រាយការបំពុលបរិយាកាស និងការពារបរិយាកាសរបស់យើង” ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

លោកបន្ថែមថា “របស់ទាំងនេះ ជាញឹកញាប់ត្រូវបានគេប្រើតែប៉ុន្មាននាទីប៉ុណ្ណោះ ប៉ុន្តែវាត្រូវចំណាយពេលរាប់រយឆ្នាំទម្រាំវារលាយបាត់ទៅវិញ ហើយវាត្រូវបានគេចោលនៅក្នុងមហាសមុទ្ររបស់យើង ធ្វើឱ្យជីវិតរស់នៅក្នុងទឹកសមុទ្ររងការវិនាស”។

ការហាមឃាត់នេះ បានកើតមានឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ជាសាធារណៈបានរកឃើញថា ជាង ៨០% នៃអ្នកចូលរួមផ្តល់មតិ បានគាំទ្រការហាមឃាត់ការចែកចាយ និងលក់បំពង់បឺតប្លាស្ទិក ជាមួយនឹងសំលេង ៩០% បានគាំទ្រការហាមឃាត់លើបំពង់លម្អភេសជ្ជៈ និង ៨៩% គាំទ្រការហាមឃាត់លើដងសំឡីត្បាលត្រចៀកផលិតពីជ័រ។ ការពិគ្រោះយោបល់នោះ បានធ្វើឡើងចាប់ពីថ្ងៃទី ២២ ខែតុលាឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣ ខែធ្នូឆ្នាំ ២០១៨ ដោយមានអ្នកចូលរួមចំនួន ១,៦០២ នាក់។

សេចក្តីបញ្ជាក់លម្អិតនៃការហាមឃាត់នេះ រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស បាននិយាយថា នឹងមានការលើកលែងចំពោះជនពិការ ឬតម្រូវការផ្នែកវេជ្ជសាស្រ្ត ដែលអាចបន្តប្រើប្រាស់បំពង់បឺតប្លាស្ទិកបាន។

នៅក្នុងការអនុវត្តនេះមានន័យថា នៅតាមភោជនីយដ្ឋាន និងបារ នឹងមិនត្រូវបានអនុញ្ញាតឱ្យបង្ហាញបំពង់បឺតប្លាស្ទិកទេ។

ការលើកលែងមួយទៀត នឹងអនុវត្តចំពោះការប្រើប្រាស់សំឡីប្លាស្ទិក សម្រាប់តម្រូវការផ្នែកវេជ្ជសាស្ត្រ និងវិទ្យាសាស្រ្ត ប៉ុន្តែអាចប្រើបានតែក្នុងការអនុវត្តការងារជាក់ស្តែងប៉ុណ្ណោះ។

អគ្គនាយកអង្គការ Surfers Against the Waste លោក Hugo Tagholm បាននិយាយថាអង្គការសប្បុរសធម៌នេះបានស្វាគមន៍បម្រាមនេះ។ លោកបានបន្ថែមថា “ការបញ្ឈប់ការផលិត និងការចែកចាយនូវផលិតផលប្លាស្ទិកដែលប្រើតែម្តងនេះ នឹងរារាំងពីការបំពុលឆ្នេរសមុទ្រនៅទូទាំងប្រទេសអង់គ្លេស។ វាជាជំហានវិជ្ជមាន និងគិតគូរបានត្រឹមត្រូវនៅក្នុងការប្រឆាំងនឹងការបំពុលបរិយាកាស”។

អាជីវកម្មធំៗជាច្រើននៅអង់គ្លេស កំពុងរៀបចំការលុបបំបាត់ពីការប្រើប្លាស្ទិកនៅក្នុងហាងរបស់ពួកគេ។ ហាងអាហាររហ័សទាន់ចិត្ត McDonald’s បានដាក់បំពង់បឺតផលិតពីក្រដាស់ជំនួសបំពង់ប្លាស្ទិកនៅចក្រភពអង់គ្លេស និងអៀរឡង់ ខណៈផ្សារទំនើប Waitrose ប្រើតែបំពង់បឺតផលិតពីក្រដាស់ប៉ុណ្ណោះនៅក្នុងហាងកាហ្វេរបស់ពួកគេ។

បញ្ហានៃការបំពុលបរិស្ថានដោយប្លាស្ទិកគឺជាបញ្ហាដ៏ធំរបស់ពិភពលោក។ យោងតាមគណៈកម្មការអឺរ៉ុបឱ្យដឹងថា ជនជាតិអឺរ៉ុបបង្កើតកាកសំណល់ប្លាស្ទិកចំនួន ២៥ លានតោនក្នុងមួយឆ្នាំ។ មានតែជិត ៣០% ប៉ុណ្ណោះនៃសំណល់ប្លាស្ទិចទាំងនោះ ត្រូវបានប្រមូលយកទៅកែច្នៃឡើងវិញ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។