មហាសេដ្ឋីមានជាងគេនៅអាស៉ី នឹងប្រជែងជាមួយមហាសេដ្ឋីពិភពលោក ក្នុងទីផ្សារលក់រាយលើអនឡាញនៅឥណ្ឌា

1762

ឥណ្ឌា(CNBC)៖ លោក Mukesh Ambani ប្រធានសម្ព័ន្ធក្រុមហ៊ុន Reliance Industries កំពុងចាប់បើកដំណើរការក្រុមហ៊ុនលក់រាយលើអនឡាញថ្មីមួយដែលមានឈ្មោះថា Reliance Retail ក្នុងគោលបំណងប្រកួតប្រជែងជាមួយក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Flipkart របស់ Walmart នៅក្នុងប្រទេសឥណ្ឌា។

Reliance គឺជាក្រុមហ៊ុនមួយដែលមានឥទ្ធិពលបំផុតក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀតនៅឥណ្ឌា ដោយមានសាខាក្នុងទីផ្សារពាសពេញផ្ទៃប្រទេសនេះ។ គោលដៅចម្បងរបស់លោក Ambani គឺចង់បង្កើតទីផ្សារលក់អនឡាញមួយដែលស្រដៀងទៅនឹងក្រុមហ៊ុន Alibaba ដោយអាចឲ្យម្ចាស់ផលិតផលធ្វើការលក់ដូរទៅឲ្យអ្នកដែលមានតម្រូវការនៃផលិតផលទាំងនោះ តាមរយ:ប្រព័ន្ធអនឡាញ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍របស់ក្រុមហ៊ុន Morgan Stanley បានធ្វើការប៉ាន់ប្រមាណកំណើននៃអ្នកប្រើប្រាស់អ៉ីនធឺណែតក្នុងប្រទេសឥណ្ឌា មានប្រមាណ ៥០០ លាននាក់ឯណោះ ហើយកំណើននៃការកើនឡើងផ្នែកលក់ទំនិញលើអនឡាញជារៀងរាល់ឆ្នាំមានរហូតដល់ទៅ ៣០%។ ទីផ្សារលក់រាយលើអនឡាញនៅប្រទេសឥណ្ឌា ត្រូវបានគេព្យាករណ៍ថា នឹងមានប្រមាណ ២០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៧។

លើសពីនេះទៅទៀតក្រុមហ៊ុន Reliance ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ តាមរយ:ក្រុមហ៊ុនអ៉ីនធឺណែត Reliance Jio ក្នុងការចែកចាយនូវសេវាអ៉ីនធឺណែតចល័ត ដែលមានតម្លៃសមរម្យដល់ប្រជាជនឥណ្ឌា។ យោងតាមគេហទំព័រព័ត៌មាន CNBC ដែលទទួលបានព័ត៌មានពីភ្នាក់ងាររបស់ក្រុមហ៊ុន Comcast Ventures បានឲ្យដឹងថា ក្រុមហ៊ុនសេវាអ៉ីនធឺណែតចល័ត Reliance Jio បានផ្តល់ជូននូវការប្រើប្រាស់សេវាអ៉ីនធឺណែតចល័តតម្លៃទាបអស់រយ:កាលប្រមាណជាពីរទៅបីឆ្នាំមកហើយ ដោយហេតុតែចង់បញ្ជ្រាបនូវវិស័យអ៉ីនធឺណែតទៅកាន់ប្រជាជនរបស់ខ្លួនឲ្យកាន់តែច្រើនជាងមុន ហើយងាយស្រួលសម្រាប់ការទិញដូរតាមអនឡាញ។

បច្ចុប្បន្ន លោក Mukesh Ambani មានទ្រព្យសម្បត្តិចំនួន ៥៤.៩ ពាន់លានដុល្លារអាមេរិច គឺជាកំពូលអ្នកមាននៅឥណ្ឌា និងទ្វិបអាស៉ីទាំងមូល និងជាមហាសេដ្ឋីលំដាប់ទី ១៣ មានប្រាក់ច្រើនជាងគេនៅលើផែនដី៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។