គន្លឹះជួលបុគ្គលិកបានលឿន និងមានប្រសិទ្ធភាពខ្ពស់

2410

ស្របពេលកំណើនធនធានមនុស្សកាន់តែកើនឡើងរួមជាមួយនឹងការរីកដុះដាលរបស់ក្រុមហ៊ុន ឬភ្នាក់ងារជ្រើសរើសធនធានមនុស្ស (Human Resource Agency/Recruitment) ការជួលបុគ្គលិករបស់អង្គភាពអាជីវកម្មផ្សេងទៀត ហាក់មានលក្ខណៈងាយស្រួល និងរហ័សជាងមុន។ ប៉ុន្តែក្រៅពីពឹងផ្អែកព័ត៌មាននៅលើក្រដាសរបស់បេក្ខភាពដែលដាក់ពាក្យសុំការងារ (ទាំងតាមរយៈភ្នាក់ងារជ្រើសរើសបុគ្គលិក និងពីបេក្ខភាពផ្ទាល់) តើអង្គភាពអាជីវកម្មអាចដឹងពីជំនាញពិតប្រាកដដែលបុគ្គលិកមានដោយរបៀបណា? និង តើអង្គភាពអាជីវកម្មខ្លួនឯងផ្ទាល់អាចដឹងពីសមត្ថភាពសំខាន់ ឬសមាសធាតុផ្សំផ្សេងទៀតដែលចាំបាច់សម្រាប់ជួយអភិវឌ្ឍក្រុមហ៊ុនរបស់បុគ្គលិកបានដោយវិធីណា?

យ៉ាងណាមិញ ខណៈពេលដែលកំពុងផ្តល់ការសម្ភាសន៍ដល់បុគ្គលិកដែលដាក់ពាក្យសុំការងារដោយយោងតាមសមត្ថភាព និងជំនាញដែលពួកគេសរសេរនៅលើក្រដាស អង្គភាពអាជីវកម្មអាចសាកល្បងវិធី ៣ នេះ ដើម្បីស្ទាបស្ទង់ពីជំនាញដែលមានអាទិភាពខ្ពស់ពីបុគ្គលិក។

១. ការប្រាស្រ័យទាក់ទងនៅក្នុងក្រុម
ផ្ទាំងឃោសនាពាណិជ្ជកម្ម

ទំនាក់ទំនង និងការសាមគ្គីរបស់បុគ្គលិកនៅក្នុងក្រុមហ៊ុនគឺជាចម្បងមួយកត្តាដែលត្រូវយកចិត្តទុកដាក់ ព្រោះបើបុគ្គលិកមិនអាចធ្វើការជាមួយគ្នាដោយចុះសម្រុងទេ នោះផលិតភាពការងាររបស់ពួកគេក៏មិនសូវជាល្អប៉ុន្មានដែរ។ ក្រៅពីតួនាទីដែលអង្គភាពអាជីវកម្មត្រូវការធនធានមនុស្សឱ្យមកបំពេញ អង្គភាពអាជីវកម្មក៏ចាំបាច់ត្រូវមើលលើជំនាញពិសេសផ្សេងទៀតដែលបុគ្គលិកមាន_ដូចជាជំនាញទំនាក់ទំនងជាដើម។ ជំនាញនេះមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះភាពរីកចម្រើនរបស់ក្រុមហ៊ុនទាមទារឱ្យមានបណ្ដាញទំនាក់ទំនងច្រើនទាំងក្នុង និងក្រៅ។ ដូចនេះក្រោយពីធ្វើការសម្ភាសន៍ចប់ អ្នក (អង្គភាពអាជីវកម្ម) អាចនាំបេក្ខភាពឱ្យដើរកម្សាន្តនៅក្នុងក្រុមហ៊ុនរួចសង្កេតមើលថា តើពួកគេមានអាកប្បកិរិយាបែបណានៅពេលដែលអ្នកណែនាំពួកគេគេទៅកាន់បុគ្គលិកផ្សេងទៀត? តើពួកគេមានការរាក់ទាក់សមរម្យ និងអាចធ្វើការងារស្របតាមវប្បធម៌របស់ក្រុមហ៊ុនដែរឬទេ? តើការនិយាយរបស់បេក្ខជនជាមួយបុគ្គលិកចាស់ប្រព្រឹត្តិទៅដោយរលូន ឬមានភាពរអាក់រអួល? ការណែនាំបេក្ខភាពឱ្យបានស្គាល់ពីស្ថានភាពនៅក្នុងការិយាល័យរបស់ក្រុមហ៊ុន គឺជាវិធីដ៏លឿនមួយដើម្បីសម្គាល់ពីរបៀបដែលពួកគេសម្ដែងបុគ្គលិកលក្ខណៈរបស់ខ្លួន និងរបៀបដែលពួកគេធ្វើការភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្សផ្សេងទៀត។

២. សម្ភាសន៍អំពីសកម្មភាពការងារ

តួនាទីដែលអង្គភាពអាជីវកម្មជ្រើសរើសអាចតម្រូវឱ្យមានកម្រិតច្បាស់លាស់នៃភាពច្នៃប្រឌិត។ ម្យ៉ាងវិញទៀត ការសម្ភាសន៍អំពីកិច្ចការ ឬសកម្មភាពការងារ (ពិសោធន៍) គឺជាវិធីដ៏ល្អបំផុតដើម្បីឱ្យបេក្ខជនសម្ភាសន៍អាចបង្ហាញពីសមត្ថភាព និងគំនិតក្នុងការស្វែងរកដំណោះស្រាយបានភ្លាមៗ។ ឧទាហរណ៍ អ្នកជំនាញជោគជ័យផ្នែកទីផ្សារគឺជាអ្នកដែលពូកែដោះស្រាយបញ្ហាបំផុត។ ហើយដូច្នេះនៅពេលដែលអ្នក (អង្គភាពអាជីវកម្ម) ចង់ជួលបុគ្គលិកផ្នែកទីផ្សារ អ្នកអាចប្រាប់ពួកគេពីយុទ្ធសាស្ត្រទីផ្សារដែលបរាជ័យកាលពីពេលមុន បន្ទាប់មកសួរពួកគេពីវិធីក្នុងការកែប្រែយុទ្ធសាស្ត្រនោះឱ្យល្អឡើង ឬទុកពេលពី ១០ ទៅ ១៥ នាទីដើម្បីឱ្យពួកគេពិនិត្យមើលពីការប្រើប្រាស់បណ្ដាញសង្គមរបស់ក្រុមហ៊ុន រួចឱ្យពួកគេបញ្ចេញយោបល់ក្នុងការកែលម្អបន្ថែម។ ទោះជាយ៉ាងណា ការសម្ភាសន៍ដោយឱ្យបេក្ខភាពធ្វើសកម្មភាពពិសោធន៍បែបនេះនឹងមិនអាចឱ្យពួកគេបង្ហាញពីសក្តានុពលក្នុងការបំពេញការងារបានល្អបំផុតនោះទេ ប៉ុន្តែគោលបំណងគគឺដើម្បីដឹងពីរបៀបដែលបេក្ខភាពតតាំងជាមួយសម្ពាធ និងទេពកោសល្យរបស់ពួកគេក្នុងការដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗ។

៣. សម្ភាសន៍ជាលក្ខណៈមិនផ្លូវការ

របៀបនៃការសម្ភាសន៍ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមានដំណាក់កាល និងលក្ខណៈខុសៗគ្នា។ ក្រោយពីបេក្ខភាពអាចឆ្លងកាត់ដំណាក់កាលមួយចំនួនរបស់អ្នក (អង្គភាពអាជីវកម្ម) ជាចុងក្រោយអ្នកប្រហែលជាបានរកឃើញបេក្ខភាពដែលមានអាទិភាពខ្ពស់បំផុតក្នុងការទទួលបានការងារ។ វិធីមួយទៀតដើម្បីសង្កេតមើលឥរិយាបថរបស់បេក្ខភាព គឺការសម្ភាសន៍ក្រៅផ្លូវការ។ ឧទាហរណ៍ដូចជាការញុំាអាហារនៅខាងក្រៅជាមួយគ្នា។ វិធីនេះមានលក្ខណៈបើកចំហរ និងងាយស្រួលក្នុងការអនុញ្ញាតឱ្យបេក្ខភាពធ្វើការសន្ទនាតាមរបៀបធម្មជាតិរបស់ពួកគេ។ ដូចនេះអ្នកអាចសម្គាល់មើលពីថាតើបុគ្គលិកដែលអ្នកនឹងជ្រើសរើសយកនោះ នឹងសម្តែងសកម្មភាពបែបណាទៅកាន់អ្នកបម្រើនៅក្នុងហាងអាហារ ការជ្រើសរើសអាហារ និងសកម្មភាពចម្រុះដទៃទៀតរបស់ពួកគេ។

ការកត់សម្គាល់ពីបុគ្គលិកលក្ខណៈរបស់បេក្ខភាព ដែលដាក់ពាក្យសុំការងារតាមវិធីទាំងបីខាងលើ គឺជាយន្តការណ៍ដើម្បីដឹងជាមុនថាបេក្ខភាពដែលអ្នកបម្រុងនឹងជួលអាចសម្របខ្លួនតាមវប្បធម៌របស់ក្រុមហ៊ុន អាចមានទំនាក់ទំនងល្អ និងអាចដោះស្រាយបញ្ហាជាមួយអតិថិជនបាន។ សរុបមក មិនថាបេក្ខភាពសម្ភាសន៍អាចឆ្លងកាត់ដំណាក់សម្ភាសន៍បានច្រើនប៉ុណ្ណាក៏ដោយ ពួកគេនឹងនៅតែមានចំណុចខ្លះលាក់បាំងអំពីអត្តចរិតពិតរបស់ពួកគេ។ ដូច្នេះតួនាទីរបស់អ្នកសម្ភាសន៍គឺត្រូវធ្វើយ៉ាងណាឱ្យបេក្ខភាពអាចបង្ហាញសមត្ថភាព  និងបុគ្គលិកលក្ខណៈរបស់ពួកគេតាមបែបធម្មជាតិ៕

ប្រភព៖ Inc

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕