ក្រុមហ៊ុនដែលមានតម្លៃជាងគេបំផុតទាំងប្រាំរបស់ពិភពលោក

1577

គិតត្រឹមឆ្នាំ ២០១៩ នេះ ក្រុមហ៊ុនដែលមានតម្លៃបំផុតទាំងប្រាំក្នុងពិភពលោកគឺសុទ្ធសឹងតែជារបស់អាមេរិក។ អ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាំងនោះ គឺក្រុមហ៊ុនទាំងនោះភាគច្រើនគឺជាក្រុមហ៊ុនបច្ចេកវិទ្យា ដោយក្រុមហ៊ុនពីលេខរៀងទី១ ដល់ទី៤ គឺជាក្រុមហ៊ុនបច្ចេកវិទ្យា លើកលែងតែក្រុមហ៊ុន Berkshire Hathaway របស់លោក Warren Buffett ដែលរកស៉ីចម្រុះវិស័យ។

១.Apple៖ ការដែលក្រុមហ៊ុន Apple ស្ថិតនៅលំដាប់លេខមួយ គឺគ្មានអ្វីគួរអោយភ្ញាក់ផ្អើលនោះទេ ព្រោះកាលពីឆ្នាំ២០១៨ ក្រុមហ៊ុននេះរកចំណូលបានរហូតដល់ទៅ ២៦៥ពាន់លានដុល្លារឯណោះ។ Apple ក៏ជាក្រុមហ៊ុនដំបូងគេដែលមានតម្លៃ ១ទ្រីលានដុល្លារ គិតត្រឹមខែសីហាឆ្នាំ ២០១៨ ផងដែរ ប៉ុន្ដែនៅត្រឹមខែឧសភាឆ្នាំនេះ មានតម្លៃ ៩៧៤ ពាន់លានដុល្លារវិញ ដោយសារតែបញ្ហាទាក់ទងនឹងការថយចុះនៃការលក់ iPhone។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

២.Alphabet៖ នេះគឺជាសម្ព័ន្ធក្រុមហ៊ុនមេរបស់ Google និង Youtube ដែលមានតម្លៃរហូតដល់ទៅ ៨២២.៩៦ ពាន់លានដុល្លារ  ហើយ Alphabet ទើបត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ ប៉ុណ្ណោះ។ គោលបំណងនៃការបង្កើតក្រុមហ៊ុននេះឡើង គឺដើម្បីបែងចែកអោយដាច់រវាងក្រុមហ៊ុន Google ទៅនឹងមុខជំនួញផ្សេងៗទៀតដូចជា Verily Life Science ដែលផ្តោតលើខាងវិស័យសុខាភិបាល ក្រុមហ៊ុន Calico និង ការផលិតឡានដែលគ្មានអ្នកបើកបរជាដើម។

៣.Microsoft៖ បច្ចុប្បន្ននេះក្រុមហ៊ុន Microsoft មានតម្លៃ ៩៨៧.៧៤ពាន់លានដុល្លារ ប៉ុន្ដែកាលពីដើមទសវត្សទី២១ ក្រុមហ៊ុននេះធ្លាប់ឈរឈ្មោះជាក្រុមហ៊ុនដែលមានតម្លៃជាងគេបំផុត។ ទោះជាយ៉ាងណាក៏ដោយ ក៏ចំណាត់ថ្នាក់របស់ Microsoft នៅថេរចាប់តាំងពីពេលនោះមក មិនឡើង ឬធ្លាក់ខ្លាំងឡើយ។ អ្វីដែលគួរអោយកត់សម្គាល់នោះ គឺការជោគជ័យក្នុងការផ្លាស់ប្ដូរពីការលក់កម្មវិធីកុំព្យូទ័រធម្មតា ហើយងាកទៅផ្ដោតលើការលក់ផលិតផល និងសេវាកម្មប្រភេទ Cloud-based ដូចជា Azure Cloud Service និង Office 365។

៤.Amazon.com៖ ក្រុមហ៊ុននេះមានតម្លៃ ៧៩៥.១៨ពាន់លានដុល្លារ ហើយកាលពីខែសីហាឆ្នាំ២០១៨ តម្លៃភាគហ៊ុនរបស់ Amazon បានឡើងរហូតដល់ទៅ ២ពាន់ដុល្លារក្នុងមួយហ៊ុនជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុននេះ។ តម្លៃភាគហ៊ុនរបស់ Amazon បានកើនឡើងជានិច្ច ចាប់តាំងតែពីក្រុមហ៊ុនដាក់លក់ជាសាធារណៈកាលពីឆ្នាំ ១៩៩៧ មក។

៥.Berkshire Hathaway៖ មានតម្លៃ ៥៣៧.៥ពាន់លានដុល្លារ ដោយកាលពីត្រីមាសទីពីរឆ្នាំ ២០១៨ រកចំណូលបាន ១២ពាន់លានដុល្លារ ច្រើនជាងត្រីមាសទីពីរឆ្នាំ ២០១៧ ដែលរកបានត្រឹមតែ ៤.២៦ ពាន់លានដុល្លារប៉ុណ្ណោះ។ CEO របស់ក្រុមហ៊ុននេះ គឺលោក Warren Buffett ដែលគេចាត់ទុកលោកថាជាស្ដេចវិនិយោគក្នុងប្រវត្តិសាស្ត្រជំនួញ៕​

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។