ចិននិយាយថា ខ្លួននៅតែរក្សាបានតំណែង ជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុត

1524

ចិន(Globaltimes)៖ មន្ត្រីមួយរូបបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានស៊ីនហួរថា ប្រទេសចិននៅតែជាទិសដៅវិនិយោគដ៏ទាក់ទាញបំផុតរបស់ពិភពលោក ព្រោះមានហេដ្ឋារចនាសម្ព័ន្ធល្អ គាំទ្រប្រព័ន្ធឧស្សាហកម្ម មានបរិយាកាសធ្វើជំនួញល្អប្រសើរ និងជាទីផ្សារដែលមានអ្នកប្រើប្រាស់កាន់តែច្រើនឡើង។

លោក Wang Zhijun អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បាននិយាយថាប្រទេសចិនតែងតែគោរពតាមជម្រើសអាជីវកម្មឯករាជ្យ និងលើកទឹកចិត្តអ្នកវិនិយោគឱ្យធ្វើការសម្រេចចិត្តដោយខ្លួនឯង។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

មានសហគ្រាសមួយចំនួនដែលបានផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួនចេញពីប្រទេសចិន ដោយសារតែការកើនឡើងនៃថ្លៃពលកម្ម ឫចាកចេញដោយសារការផ្លាស់ប្តូរទីផ្សារសកល។ លោកបានកត់សម្គាល់ថា ក៏ប៉ុន្តែមានក្រុមហ៊ុនបរទេសជាច្រើនបានបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសចិន។ តួរយ៉ាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនផលិតសារធាតុគីមីធំបំផុតរបស់អាល្លឺម៉ង់ BASF បានបង្កើនការវិនិយោគរបស់ខ្លួននៅប្រទេសចិននៅក្នុងឆ្នាំនេះ។

លោក Wang បាននិយាយទៀតថា ទីផ្សារចិនមានចក្ខុវិស័យទូលំទូលាយ ហើយនៅតែជាទិសដៅវិនិយោគដ៏ទាក់ទាញបំផុត។

ស្ថិតិផ្លូវការបានបង្ហាញថា ពីខែមករាដល់ខែមេសាឆ្នាំនេះ ការវិនិយោគបរទេសសរុប ដែលប្រើប្រាស់ដោយរោងចក្រផលិតក្នុងស្រុកចិន បានកើនឡើងចំនួន ១១.៤% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ។

លោក Wang បាននិយាយថែមទៀតថា “យើងសូមស្វាគមន៍ក្រុមហ៊ុនបរទេសឱ្យវិនិយោគប្រាក់ក្នុងប្រទេសចិនដូចដែលយើងបានធ្វើ ហើយនឹងបង្កើតបរិយាកាសវិនិយោគទុនឲ្យមានស្ថេរភាព យុត្តិធម៌ តម្លាភាព និងអាចព្យាករណ៍បាន”។

លោកបាននិយាយទៀតថា ប្រទេសចិននឹងបន្តធ្វើការលើកកម្ពស់កំណែទម្រង់រចនាសម្ព័ន្ធខាងផ្នែកផ្គត់ផ្គង់ ការកាត់បន្ថយពន្ធ និងថ្លៃឈ្នួលកម្មករ ជួយជំរុញតម្រូវការក្នុងស្រុក និងសហគ្រាសដែលមានគុណភាព ដើម្បីធានាឱ្យមានស្ថេរភាពសេដ្ឋកិច្ចឧស្សាហកម្ម និងការអភិវឌ្ឍដែលមានគុណភាពខ្ពស់នៃឧស្សាហកម្មផលិតកម្ម៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។