រដ្ឋមន្ត្រីក្រសួងការងារ៖ កម្លាំងពលកម្មកម្ពុជាចាំបាច់ត្រូវតែទទួលការអប់រំចំណេះដឹង និង បណ្តុះបណ្តាលបច្ចេកទេសបន្ថែម ដើម្បីទទួលបានការងារថ្មីៗ

1605

ភ្នំពេញ(AKP)— រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ដើម្បីឱ្យកម្លាំងពលកម្ម រីកចម្រើនចាំបាច់ណាស់ត្រូវតែមានការបណ្តុះបណ្តាល ការអប់រំចំណេះដឹង និងបណ្តុះ បណ្តាលផ្នែកបច្ចេកទេសបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅក្នុងស្រុក និង តំបន់។

ថ្លែងក្នុងកិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ជាតិស្តីពីអនាគត់នៃការងារសម្រាប់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានអត្រាប្រជាជនអាយុក្រោម២៥ឆ្នាំ ចំនួន៤៩.៥ភាគរយ នៃប្រជាជនសរុប ហើយមាន អត្រា យុវជនអាយុ១៥ ដល់២៤ឆ្នាំ ចំនួន២៨.៩ភាគរយ នៃប្រជាជនដែលស្ថិតក្នុងវ័យធ្វើការ (អាយុ ១៥ ដល់៦៤ឆ្នាំ) ដែលអត្រានេះបានធ្វើឱ្យកម្ពុជា ត្រូវបានចាត់ទុកជា ប្រទេសដែល មានប្រជា ជនវ័យក្មេង។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ឯកឧត្តមបានបញ្ជាក់ថា រចនាសម្ព័ន្ធប្រជាសាស្ត្រវ័យក្មេងបែបនេះ បានធ្វើឱ្យ ប្រទេសកម្ពុជាកំពុង ទទួលផលចំណេញពីភាគលាភប្រជាសាស្ត្រដែលជា កាលានុវត្តភាព សម្រាប់ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។  ប៉ុន្តែផលចំណេញនេះ នឹងមិនអាចត្រូវបាន សម្រេចនោះទេ ប្រសិនបើប្រជា ជនវ័យក្មេងទំាងនេះ មិនទទួលបានការងារសមរម្យប្រកប ដោយផលិតភាព។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ដថា ក្នុងន័យនេះ កម្លាំងពលកម្មជាពិសេស យុវជន ចាំបាច់ត្រូវតែទទួលការអប់រំចំណេះដឹងទូទៅ និងបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ប្រកបដោយគុណភាព និងឱកាសទទួលបានការសិក្សាពេញមួយជីវិត ដើម្បីទទួល បានជំនាញមួយដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុកនិងក្នុងតំបន់។

ជាមួយគ្នានោះដែរ ឯកឧត្ដមបានបន្ថែមថា កម្ពុជាកំពុងជួបប្រទះនូវបញ្ហាភាពមិនស៊ីគ្នា នៃជំនាញ និងការផ្គត់ផ្គង់ជំនាញមិនគ្រប់គ្រាន់ ដោយសារតែប្រព័ន្ធអប់រំបណ្តុះបណ្តាលនៅ មានកម្រិត  និងមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មដែលកំពុងផ្លាស់ប្តូរយ៉ាង ឆាប់រហ័ស។ ជាងនេះទៅទៀត ការវិវត្តបច្ចេកវិទ្យាក្នុងដំណាក់កាលនៃបដិវត្តន៍ឧស្សាហ កម្មទី៤ នឹងបណ្តាលឱ្យមានការបាត់បង់ការងារ ហើយក៏បង្កើតឱ្យមានប្រភេទការងារថ្មីៗ ផងដែរ។

ទន្ទឹមនេះ អ្នកដែលបាត់បង់ការងារក្នុងដំណាក់កាលវិវត្តន៍នេះ នឹងមិនអាច ស្វែង រក ការងារបាននោះទេ ប្រសិនបើពួកគេមិនទទួលបានការបណ្តុះបណ្តាលជំនាញទ្បើងវិញ និង បង្កើនសមត្ថភាពជំនាញ។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមទៀតថា “យើងមិនមានជម្រើស អ្វីក្រៅ ពីបង្កើនសមត្ថភាពជំនាញដល់កម្លាំងពលកម្ម, បង្កើនផលិតភាព, បង្រួមគម្លាតភាពមិនស៊ីគ្នា នៃជំនាញ, ពង្រឹងសេវាព័ត៌មានទីផ្សារការងារ និងសេវារកការងារឱ្យធ្វើ, បង្កើនគុណភាពអប់រំ និងបណ្តុះបណ្តាល វិជ្ជាជីវៈក្នុងទិសដៅ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមា និងកាត់ បន្ថយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលពិភពការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការ ជំនាញ នាពេលអនាគត”៕

ដោយ ប៊ុនរិទ្ធ

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។