រដ្ឋាភិបាលជប៉ុន បង្កើតច្បាប់ថ្មីរឹតបណ្តឹងក្រុមហ៊ុនបច្ចេកវិទ្យាដែលមានកម្មសិទ្ធវិនិយោគិនបរទេស

1450
ជំនួបរវាងប្រធានាតិបតីអាមេរិច និងនាយករដ្ឋមន្ត្រីជប៉ុន

ជប៉ុន(រ៉យទ័រ)៖ រដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃចន្ទនេះថា ឧស្សាហកម្មបច្ចេកវិទ្យាកំពូលៗនៅក្នុងប្រទេសជប៉ុនដែលមានកម្មសិទ្ធរបស់បរទេស នឹងត្រូវដាក់ក្នុងបញ្ជីរឹតបណ្តឹង។

ច្បាប់ថ្មីដែលនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែសីហានេះតទៅ បានកើតឡើងចំពេលដែលមានសម្ពាធកាន់តែខ្លាំងឡើងនៃការដោះស្រាយបញ្ហាសន្តិសុខអ៉ីនធឺណិតរបស់អាមេរិច និងការផ្ទេរបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងប្រទេសចិន។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

រដ្ឋាភិបាលជប៉ុន មិនបានលើកឡើងពីប្រទេស ឬក្រុមហ៊ុនណាមួយជាក់លាក់ ដែលនឹងទទួលរងផលប៉ះពាល់ ដោយសារការអនុវត្តច្បាប់រឹតត្បិតសិទ្ធិកាន់កាប់របស់ជនបរទេសលើឧស្សាហកម្មបច្ចេកវិទ្យា ព័ត៌មាន និងទូរគមនាគមន៍នោះទេ។

សេចក្តីប្រកាសនេះ បានធ្វើឡើងនៅថ្ងៃដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ  និងនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីន ហ្សូអាបេ កំពុងធ្វើកិច្ចចរចានៅទីក្រុងតូក្យូ ស្តីពីបញ្ហាពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត។

សហរដ្ឋអាមេរិក បានព្រមានប្រទេសនានាឲ្យប្រឆាំងនឹងការប្រើប្រាស់បច្ចេកវិទ្យារបស់ចិន ដោយនិយាយថាក្រុមហ៊ុន Huawei Technologies អាចត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីស៊ើបការណ៍ពីប្រទេសលោកខាងលិច។ ប្រទេសចិន និងក្រុមហ៊ុន Huawei បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ។

ក្រសួងពាក់ព័ន្ធរបស់ជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ផ្អែកលើការបង្កើនសារៈសំខាន់នៃការធានាសុវត្ថិភាពអ៉ីនធឺរណែតនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានសម្រេចចិត្តចាត់វិធានការចាំបាច់ រួមទាំងការបន្ថែមការផលិតសៀគ្វីរួមគ្នាក្នុងគោលបំណងបង្ការនូវស្ថានភាពដែលនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ជប៉ុន”។

ពួកគេបានបន្ថែមថា ប្រទេសជប៉ុនចង់ទប់ស្កាត់ការលេចធ្លាយបច្ចេកវិទ្យា ដែលត្រូវបានគេចាត់ទុកថា ពិតជាមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ ឬការខូចខាតដល់ទិន្នន័យការពារ និងរបកគំហើញបច្ចេកវិទ្យា។

សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម និងក្រសួងគមនាគមន៍របស់ជប៉ុន បានឱ្យដឹងថា វិធានថ្មីនេះនឹងត្រូវអនុវត្តចំពោះវិស័យចំនួន ២០ នៅក្នុងឧស្សាហកម្មព័ត៌មាន និងទំនាក់ទំនង។

ក្រោមច្បាប់ប្តូររូបិយប័ណ្ណបរទេស និងច្បាប់គ្រប់គ្រងពាណិជ្ជកម្មបរទេស ជប៉ុនបានដាក់ឧស្សាហកម្មមួយចំនួន រួមមានយន្តហោះ វិស័យទាក់ទងនឹងនុយក្លេអ៊ែរ និងការផលិតអាវុធ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យខ្លាចទទួលទុនពីបរទេស។

ច្បាប់ថ្មីនេះតម្រូវឱ្យវិនិយោគិនបរទេស រាយការណ៍ទៅរដ្ឋាភិបាលជប៉ុន និងត្រូវត្រួតពិនិត្យនៅក្នុងករណីដែលពួកគេបានទិញភាគហ៊ុន ១០ ភាគរយ ឬច្រើនជាងនេះ នៅក្នុងក្រុមហ៊ុនជប៉ុនដែលបានចុះបញ្ជី ឬការទិញយកភាគហ៊ុនក្នុងក្រុមហ៊ុនដែលមិនទាន់ចុះបញ្ជី។

ប្រសិនបើរដ្ឋាភិបាលរកឃើញកំហុសណាមួយ រដ្ឋាភិបាលអាចបញ្ជាឱ្យវិនិយោគិនបរទេសធ្វើការកែប្រែ ឬបោះបង់ផែនការវិនិយោគរបស់ខ្លួនចោល៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។