សេវាកម្មតាក់ស៉ីហោះ អាចនឹងមានវត្តមាននៅសិង្ហបុរី មុនគេក្នុងទីផ្សារអាស៉ី

1686

បរទេស(Bloomberg)៖ ក្រុមហ៊ុនផ្តល់សេវាកម្មតាក់ស៉ីហោះដំបូងបំផុតនៅលើពិភពលោក អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារតំបន់អាស៊ី  ប៉ុន្តែបច្ចេកវិទ្យានៅពីក្រោយតាក់ស៊ីអាកាសនេះ នឹងមានទំហំធំជាងនៅអឺរ៉ុប។

ក្រុមហ៊ុន Volocopter GmbH របស់ប្រទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ខ្លួននឹងបើកជើងហោះហើរដឹកអ្នកដំណើរតាមដ្រូននៅប្រទេសសិង្ហបុរីនៅចុងឆ្នាំនេះ ដែលជាជើងហោះហើរសាកល្បង ខណៈក្រុមហ៊ុន FACC AG របស់អូស្ត្រាលីកំពុងធ្វើការផលិតយន្តហោះគ្មានមនុស្សបើកសម្រាប់ដឹកអ្នកដំណើររាប់រយគ្រឿង ឲ្យក្រុមហ៊ុន EHang របស់ចិននៅចុងឆ្នាំក្រោយ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

មកទល់ពេលនេះ គម្រោងតាក់ស៉ីហោះភាគច្រើនមានមូលដ្ឋាននៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ហើយប្រទេសមួយចំនួនទៀតនិយាយថា ពួកគេចង់ឃើញសេវាកម្មតាក់ស៉ីហោះនេះ ប៉ុន្តែក៏មានការព្រួយបារម្ភថាដំណើរការបើកសេវាកម្ម អាចនឹងយឺតយ៉ាវដោយសារឧបសគ្គបទប្បញ្ញត្តិផងដែរ។ នៅអាស៊ីក្រុមហ៊ុន EHang ត្រូវបានគ្រប់គ្រងដោយស្ថាប័ន AVIC ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន ខណៈរដ្ឋាភិបាលសិង្ហបុរី និងទីក្រុងឌូបៃ បានស្វាគមន៍ការដឹកជញ្ជូនស្វ័យបើកបរ។

ក្រុមហ៊ុន Volocopter ដែលគាំទ្រដោយក្រុមហ៊ុន Intel Corp និងក្រុមហ៊ុន Daimler AG បានសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ Skyports របស់អង់គ្លេស ដើម្បីសាងសង់ស្ថានីយ៍ដឹកអ្នកដំណើរដែលត្រូវបានគេឲ្យឈ្មោះថា Volo-Port មានទំហំ ៥៥០ ម៉ែត្រក្រឡា និងមានតម្លៃ ១.៥ លានអឺរ៉ូ ( ១.៧ លានដុល្លារអាមេរិក) នៅប្រទេសសិង្ហបុរី បន្ទាប់ពីធ្វើតេស្តសាកល្បងនៅទីក្រុងឌូបៃ និងទីក្រុង Las Vegas ។

យោងតាមលោក Robert Machtlinger អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន FACC ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ឲ្យក្រុមហ៊ុនផលិតយន្តហោះ Airbus SE និងក្រុមហ៊ុន Boeing បានកត់សម្គាល់ថា សេវាកម្មតាក់ស៉ីហោះអាចនឹងបង្កើនការលក់ប្រចាំឆ្នាំទ្វេដង ដល់ចំនួន ២ ពាន់លានអឺរ៉ូ (២.២ ពាន់លានដុល្លារអាមេរិច) ក្នុងរយៈពេលមួយទសវត្សរ៍។

នៅចុងឆ្នាំក្រោយ FACC នឹងផលិតតាក់ស៉ីហោះចំនួន ៣០០ គ្រឿងដំបូង នៅក្នុងរោងចក្ររបស់ខ្លួននៅប្រទេសអូស្ត្រាលី។

ដ្រូនសម្រាប់ដឹកមនុស្សឈ្មោះ 216 របស់ក្រុមហ៊ុនចិន EHang ត្រូវបានគេដាក់លក់ក្នុងតម្លៃ ៣០ ម៉ឺនអឺរ៉ូក្នុងមួយគ្រឿង ខណៈបច្ចុប្បន្នវាអាចហោះហើរបានចម្ងាយ ៧០ គីឡូម៉ែត្រ ហើយអាចបង្កើនល្បឿនដល់ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រៅពីសេវាកម្មដឹកជញ្ជូននៅតាមទីក្រុង  វាអាចដឹកអ្នកទេសចរ និងសម្រាប់គាំទ្រដល់ការសង្គ្រោះនៅពេលមានគ្រោះមហន្តរាយធម្មជាតិ។ ក្រុមហ៊ុន EHang ទទួលបានការបញ្ជាទិញដ្រូនម៉ូឌែលនេះរាប់ពាន់គ្រឿង ហើយកំពុងធ្វើតេស្តជាមួយក្រុមហ៊ុន FACC សម្រាប់ជើងហោះហើរនៅទីក្រុង Linz ។

យោងតាមក្រុមហ៊ុនពិគ្រោះយោបល់ Roland Berger បានអោយដឹងថា បច្ចុប្បន្នមានកម្មវិធីអភិវឌ្ឍន៍យន្តហោះប្រើថាមពលអគ្គិសនីច្រើនជាង ១០០ ប្រភេទផ្សេងគ្នា កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ទូទាំងពិភពលោក រួមទាំងក្រុមហ៊ុន Lilium GmbH ដែលមានមូលដ្ឋាននៅជិតទីក្រុង Munich ប្រទេសអាឡឺម៉ង់ផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។