App លក់បន្លែ Kedai Sayur របស់ឥណ្ឌូនេស៉ី ទើបទទួលបានទុនថ្មីចំនួន $១.៣លាន

1546

ក្រុងចាកាតា ប្រទេសឥណ្ឌូនេស៉ី៖  Kedai Sayur គឺជាអាជីវកម្មបង្កើតថ្មីមួយរបស់ឥណ្ឌូនេស៉ី ទើបទទួលបានទុនថ្មីចំនួន ១.៣ លានដុល្លារអាមេរិច ពីក្រុមហ៊ុនវិនិយោគ East Ventures ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុននេះ។

Kedai Sayur ប្រើបបច្ចេកវិទ្យាជួយសម្រួលដល់អ្នកលក់បន្លែតាមបែបប្រពៃណី និងកសិករនៅទីក្រុងចាកាតា ដោយក្រុមហ៊ុននេះបង្កើត App អាចឲ្យអ្នកលក់បន្លែភ្ជាប់ទំនាក់ទំនងជាមួយកសិករបានយ៉ាងឆាប់រហ័ស ដូច App ហៅតាក់ស៉ីដែរ។ Kedai Sayur ក៏ច្នៃម៉ូតូកង់បីសម្រាប់ដឹកបន្លែ លក់ទៅឲ្យដៃគូដែលចុះឈ្មោះប្រើសេវាកម្មរបស់ខ្លួនលក់បន្លែផងដែរ។ ម៉ូតូកង់បីនោះត្រូវបានឌីស្សាញយ៉ាងពិសេស អាចប្រើសម្រាប់ឈប់លក់មួយកន្លែង និងប្រើសម្រាប់ដឹកជញ្ចូនបន្លែទៅលក់ដល់ផ្ទះអតិថិជន។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

កសិករដែលមានបន្លែលក់ ពួកគាត់គ្រាន់តែចុចប៊ូតុងហៅអ្នកទិញបន្លែទៅលក់បន្តតាមរយៈ App របស់ Kedai Sayur នោះក្រុមហ៊ុននឹងទម្លាក់ទីតាំងកសិករដែលនៅជិតភ្នាក់ងារលក់បន្លែដែលនៅជិតជាងគេ។ នេះក៏ដូចគ្នានឹង App ហៅរ៉ឺម៉កជិះ PassApp របស់ខ្មែរយើងដែរ។

 

Kedai Sayur បានអះអាងថា បច្ចុប្បន្ន មានអ្នកលក់បន្លែដែលបានចុះឈ្មោះប្រើសេវាកម្មរបស់ខ្លួនជាង ២០០០ នាក់ នៅក្នុងទីក្រុងចាកាតា ហើយតួលេខនេះកើនឡើងចំនួន ៦០% ជារៀងរាល់ខែ។ ក្រុមហ៊ុននេះបានថ្លែងទៀតថា ក្នុងរយៈពេល ៤ខែចុងក្រោយនេះ ដៃគូលក់បន្លែរបស់ខ្លួនចំនួន ៨០% កំពុងលក់បន្លែដោយប្រើ App ជាប្រចាំថ្ងៃ ហើយកំណើនតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះបានកើនឡើងចំនួន ៥ដងក្នុងរយៈពេលដូចគ្នា។

ទុនថ្មីនេះ Kedai Sayur បាននិយាយថានឹងយកទៅប្រើដើម្បីផ្សព្វផ្សាយទាក់ទាញអ្នកលក់បន្លែស្រស់ឲ្យប្រើ App របស់ខ្លួនបន្ថែមទៀត។ ក្រុមហ៊ុននេះមិនត្រឹមតែផ្តល់សេវាកម្មភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់បន្លែចល័ត និងកសិករដាំបន្លែនោះទេ ប៉ុន្តែក៏ផ្តល់សេវាកម្មផ្តល់កម្ចីដល់អ្នកលក់បន្លែដែលខ្វះខាតលុយសម្រាប់ទិញម៉ូតូកង់បីដឹកបន្លែលក់ផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។