App លក់ផលិតផលកសិកម្មរបស់ឥណ្ឌូនេស៉ី TaniGroup ទើបទទួលបានទុនថ្មីចំនួន $១០លាន

1588

ឥណ្ឌូនេស៉ី៖ អាជីវកម្មបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យាកសិកម្ម TaniGroup ទើបទទួលបានទុនថ្មីចំនួន ១០ លានដុល្លារអាមេរិច ក្នុងយុទ្ធនាការប្រមូលទុនជុំ A ពីក្រុមហ៊ុនវិនិយោគ Openspace Ventures, Instudo Ventures, Golden Gate Ventures និងក្រុមហ៊ុន The DFS Lab របស់គ្រួសារលោក Bill Gates ។ នេះបើយោងតាមសេចក្តីរាយការរបស់ក្រុមហ៊ុន TaniGroup នៅថ្ងៃនេះ។

សហស្ថាបនិករបស់ TaniGroup

ក្រុមហ៊ុន TaniGroup ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ហើយបច្ចុប្បន្នកំពុងគ្រប់គ្រងបុត្រសម្ព័ន្ធចំនួនពីរ គឺក្រុមហ៊ុនលក់កសិផល TaniHub និងក្រុមហ៊ុនផ្តល់សេវាកម្មកម្ចីដល់កសិករ TaniFund ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

TaniHub បង្កើត App ឲ្យប្រជាជនឥណ្ឌូនេស៉ីទាញយកដើម្បីអាចបញ្ជាទិញបន្លែ និងផ្លែឈើស្រស់ពីកសិករដោយផ្ទាល់។ ទោះបីជាយ៉ាងនេះក្តី ប្រាក់ចំណូលធំរបស់ TaniHub រកបានពីការផ្តល់សេវាភ្ជាប់ទំនាក់ទំនងរវាងកសិករ និងអាជីវកម្មផ្សេងៗដូចជាហាងលក់បន្លែផ្លែឈើ និងភោជនីយដ្ឋាន។ គិតត្រឹមបច្ចុប្បន្ន ក្រុមហ៊ុននេះអះអាងថា មានសហគ្រាសខ្នាតតូច និងមធ្យមជាង ៤០០ កំពុងប្រើប្រាស់ App របស់ខ្លួនដើម្បីបញ្ជាទិញផលិតផលកសិកម្មពីកសិករដោយផ្ទាល់ និងអតិថិជនដែលទិញផលិតកសិកម្មទាំងនោះទៅហូបលក្ខណៈគ្រួសារ មានចំនួនជាង ១ ម៉ឺននាក់។ នៅពេលមានការបញ្ជាទិញនៅលើ App របស់ខ្លួន TaniHub មានសេវាកម្មដឹកជញ្ជូនដល់ទីតាំងភ្លាមៗ។

ចំណែក TaniFund វិញ ត្រូវបានបង្កើតឡើងសម្រាប់ផ្តល់កម្ចីដល់កសិករក្រីក្រដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់យកទៅបម្រើការដាំដុះកសិផលរបស់ពួកគាត់។ TaniFund ក៏ត្រូវបានបង្កើតឡើងដើម្បីជួយគាំទ្រដល់អាជីវកម្មក្រោមដំបូលតែមួយ TaniHub ផងដែរ។

ទុនថ្មីនេះ TaniGroup នឹងយកទៅប្រើសម្រាប់ពង្រីកអាជីវកម្ម និងអភិវឌ្ឍផលិតផលបច្ចេកវិទ្យាថ្មីបន្ថែមទៀត។ គួរជម្រាបផងដែរថា ក្នុងថ្ងៃច័ន្ទដដែលនេះ App លក់បន្លែស្រស់របស់ឥណ្ឌូនេស៉ី Kedai Sayur ក៏ទើបទទួលបានទុនវិនិយោគថ្មីចំនួន ១.៣ លានដុល្លារអាមេរិចផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។