សេដ្ឋីអចលនទ្រព្យលំដាប់ទី ២​ នៅក្នុងក្រុងហុងកុងចូលនិវត្តន៍ក្នុងវ័យ ៩១ ឆ្នាំ

1557

(CNBC)៖ មហាសេដ្ឋីលំដាប់ទីពីរនៃទីក្រុងហុងកុង លោក Lee Shau Kee បានចូលនិវត្តន៍ដោយប្រគល់តំណែងជាប្រធាននៃក្រុមហ៊ុន Henderson Land Development Co., ឲ្យក្មេងជំនាន់ក្រោយដើម្បីបញ្ចេញសមត្ថភាពបន្ត។ មហាសេដ្ឋីវ័យ ៩១ ឆ្នាំរូបនេះ បានប្រកាសពីការចូលនិវត្តន៍របស់គាត់ពីតំណែងកំពូលមុនពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Henderson Land Development Co.,ដែលធ្វើឡើងនៅថ្ងៃអង្គារនេះ។​ អស់រយ:កាលប្រមាណជា ៤៦ ឆ្នាំមកហើយ ដែលលោកកាន់តំណែងជាប្រធានក្រុមហ៊ុន Henderson Land Development Co., ហើយកូនប្រុសទាំងពីររបស់លោក គឺលោក Peter Lee Ka Kit និង Martin Lee Ka Shing នឹងកាន់តំណែងជាសហប្រធាន និងត្រួតពិនិត្យអាជីវកម្មបន្ត។

លោក Lee Shau Kee ចាប់ផ្តើមចូលនិវត្តន៍ចាប់តាំងពីខែមីនាមកម៉្លេះ ប៉ុន្តែទើបតែប្រកាសជាផ្លូវការនៅថ្ងៃនេះ ដោយហេតុតែលោកមានវ័យកាន់តែចាស់ ហើយក៏ចង់ឲ្យយុវជនជំនាន់ក្រោយបានបង្ហាញនូវសមត្ថភាព និងទេពកោសល្យរបស់ពួកគេផងដែរ។ លើសពីនេះទៅទៀតកាលពីឆ្នាំទៅ លោក Li Ka Shing ដែលជាសេដ្ឋីទីមួយនៅហុងកុង ក៏បានលើកជ្រោងកូនរបស់លោកគឺ លោក Victor ឲ្យទទួលស្នងមុខរបរគ្រួសារពីលោកផងដែរ។ លោក David Li នាយក​ប្រតិបត្តិនៃក្រុមហ៊ុន Bank of East Asia ក៏បានចូលនិវត្តន៍ផងដែរ ក្រោយពេលដែលលោកបានបម្រើការងារអស់ប្រមាណជា ៣៨ ឆ្នាំ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្នុងបទសម្ភាសចុងក្រោយរវាងលោក Lee និងគេហទំព័រ Bloomberg ដោយលោកបានបង្ហាញសុទិដ្ឋិនិយមអំពីទស្សនវិស័យរបស់លោកចំពោះទីផ្សារអចលនទ្រព្យនៅហុងកុង។ ក្រុមហ៊ុន Henderson Land គឺជាក្រុមហ៊ុនអចនទ្រព្យ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិធំលំដាប់ទីពីរផងដែរ។ ក្នុងចំណោមគម្រោងលំនៅដ្ឋាន ១០០ ដែលសង់ដោយក្រុមហ៊ុន Henderson Land ក្នុងទីក្រុងហុងកុង ក្នុងនោះមាន ៣៩ គឺជាលំនៅដ្ឋានប្រណិត​។

មុនពេលចូលប្រលូកក្នុងវិស័យអចលនទ្រព្យ លោក Lee បានចាប់អាជីពជាឈ្មួញជួញដូររូបិយប័ណ្ណ និងមាស។ ហើយក្នុងនៅឆ្នាំ ១៩៥៨ លោកក៏បានរួមជាមួយដៃគូប្រាំពីរនាក់ រួមទាំងអ្នកជំនួញជនជាតិចិនដ៏លេចធ្លោរ លោក Kwok Tak Seng និងលោក Fung King Hey Lee ផងដែរ។ ប្រាំឆ្នាំក្រោយមក លោកក៏បានបង្កើតក្រុមហ៊ុន Sun Hung Kai Properties Ltd ដែលឥឡូវនេះជាក្រុមហ៊ុនអភិវឌ្ឍ​វិស័យអចលនទ្រព្យដ៏ធំមួយក្នុងទីក្រុង ហុងកុង ដែលមានលោក Kwok និងលោក Fung ជាដៃគូ ប៉ុន្តែលោក Lee Shau Kee ក៏បានចាកចេញនៅឆ្នាំ ១៩៧៣ ដើម្បីចាប់ផ្ដើមក្រុមហ៊ុន Henderson Land ដោយខ្លួនលោកផ្ទាល់។

លោកបានមានប្រសាសន៍ថា ទីក្រុងហុងកុងនៅតែជាឋានសួគ៌របស់វិនិយោគិន ដោយហេតុតែប្រព័ន្ធពន្ធដារនៃទីក្រុងហុងកុង មានភាពសាមញ្ញហើយអត្រាពន្ធមានកម្រិតទាប៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។