ក្រុមហ៊ុន SoftBank Corp មិនរើសយកក្រុមហ៊ុន Huawei ជាអ្នកផ្គត់ផ្គង់បណ្តាញ 5G របស់ខ្លួន

1472
លោក Masayoshi Son

ជប៉ុន(Bloomberg)៖ ក្រុមហ៊ុនទូរគមនាគមន៍ SoftBank Corp របស់ជប៉ុន បានជ្រើសរើសក្រុមហ៊ុន Nokia Oyj និង Ericsson AB ជាអ្នកផ្គត់ផ្គង់បណ្តាញអ៉ីនធើណិតឥតខ្សែជំនាន់ក្រោយរបស់ខ្លួន ដោយមិនរាប់បញ្ចូលក្រុមហ៊ុនផ្គត់ផ្គង់ Huawei Technologies Co ។

ក្រុមហ៊ុន SoftBank បានជ្រើសយកក្រុមហ៊ុន Nokia ជាដៃគូយុទ្ធសាស្ត្រសម្រាប់បច្ចេកវិទ្យាអ៉ីនធើណិតល្បឿនលឿន 5G និងជ្រើសយកក្រុមហ៊ុន Ericsson ជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ភ្ជាប់បណ្តាញ។ កន្លងមកក្រុមហ៊ុន Huawei រួមជាមួយនឹងក្រុមហ៊ុន ZTE Corp ជាអ្នកលក់បច្ចេកវិទ្យា 4G ឲ្យក្រុមហ៊ុនជប៉ុននេះ ប៉ុន្តែលើកនេះមិនត្រូវបានជ្រើសរើសទេ បើទោះបីជាក្រុមហ៊ុនចិនទាំងពីរនេះបានចូលរួមក្នុងការសាកល្បងប្រព័ន្ធ 5G ឲ្យក្រុមហ៊ុន SoftBank Corp ក៏ដោយ។ ក្រុមហ៊ុន SoftBank បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមលើការសម្រេចចិត្តនេះនោះទេ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

រដ្ឋាបាលរបស់លោកប្រធានាធិបតី Donald Trump បានផ្តោតលើក្រុមហ៊ុន Huawei អស់រយៈពេលជាច្រើនខែមកហើយ ដោយកាលពីដំបូងលោកបានលើកទឹកចិត្តប្រទេសសម្ព័ន្ធមិត្តឱ្យហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុនចិន ពីបណ្តាញទូរគមនាគមន៍របស់ពួកគេ ហើយបន្ទាប់មកបានដាក់ក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅរបស់អាមេរិច ដែលហាមប្រាមមិនឱ្យទិញកម្មវិធី និងគ្រឿងបរិក្ខារពីក្រុមហ៊ុនអាមេរិក។ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិច បានហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុនចិន Huawei ពីបណ្តាញទំនាក់ទំនងរបស់ពួកគេ ខណៈដែលប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងដកឧបករណ៍ដែលមានហានិភ័យដល់សន្តិសុខជាតិ ប៉ុន្តែប្រទេសនេះមិនទាន់មានការសម្រេចចិត្តជាផ្លូវការលើក្រុមហ៊ុន Huawei នៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុនបានរាយការណ៍ថា ក្រុមហ៊ុនទូរគមនាគមន៍ទាំងបីរបស់ប្រទេសជប៉ុន រួមមានក្រុមហ៊ុន NTT Docomo ក្រុមហ៊ុន SoftBank និងក្រុមហ៊ុន KDDI Corp នឹងបដិសេធក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE របស់ចិន ។

លោក Masahiko Ishino អ្នកវិភាគម្នាក់នៅមជ្ឈមណ្ឌលស្រាវជ្រាវ Tokai  Tokyo Research បាននិយាយថា “អ្នកក៏អាចរំពឹងថាក្រុមហ៊ុន Docomo និង KDDI នឹងធ្វើតាមក្រុមហ៊ុន SoftBank ដែរ។ ដូច្នេះក្រុមហ៊ុន SoftBank នឹងមិនជួបគុណវិបត្តិប្រកួតប្រជែងតម្លៃទេ”។ (ប្រសិនបើក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៉ីនធើណិត ២ ទៀតរបស់ជប៉ុន មិនរើសយកក្រុមហ៊ុន Huawei និង ZTE ដូចក្រុមហ៊ុន SoftBank ដែរ នោះក្រុមហ៊ុនទាំង ៣ នឹងលក់សេវាកម្មរបស់ខ្លួនក្នុងតម្លៃប្រហាក់ប្រហែលគ្នា)

ក្រុមហ៊ុនទូរស័ព្ទរបស់ជប៉ុនទាំងនេះ ក៏កំពុងបោះបង់ផែនការលក់ទូរស័ព្ទរបស់ក្រុមហ៊ុន Huawei ផងដែរ ដោយសារតែផលប៉ះពាល់នៃការហាមឃាត់ការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនចិននេះ កាន់តែរីករាលដាល។ ក្រុមហ៊ុនចិន Huawei មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺលើបញ្ហានេះទេ។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនបណ្តាញទូរស័ព្ទមួយចំនួន បានធ្វើការសម្រេចចិត្តចំពោះការជ្រើសរើសក្រុមហ៊ុន Huawei សម្រាប់បណ្តាញអ៉ីនធើណិតថ្មីរបស់ពួកគេ។ កាលពីខែមីនា ក្រុមហ៊ុន TDC A / S ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តធំជាងគេរបស់ប្រទេសដាណឺម៉ាក បានជ្រើសរើសក្រុមហ៊ុន Ericsson ដើម្បីតម្លើងបណ្តាញ 5G របស់ខ្លួន ខណៈក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផ្គត់ផ្គង់ស្រាប់របស់ក្រុមហ៊ុនដាណឺម៉ាកនេះ។

ក្រុមហ៊ុន BT Group Plc របស់ប្រទេសអង់គ្លេស បានប្រកាសគម្រោងដកឧបករណ៍របស់ក្រុមហ៊ុន Huawei ចេញពីស្នូលនៃបណ្តាញទូរស័ព្ទចល័តរបស់ខ្លួន បន្ទាប់ពីប្រធានទីភ្នាក់ងារស៊ើបការណ៍អន្តរជាតិ MI6 របស់ចក្រភពអង់គ្លេស បាននិយាយថា ចក្រក្រភពអង់គ្លេស ព្រមានអំពីហានិភ័យនៃការប្រើឧបករណ៍របស់ក្រុមហ៊ុនចិន។ តៃវ៉ាន់ បានហាមឃាត់ឧបករណ៍ទូរគមនាគមន៍របស់ចិនរួចហើយ។

នៅឯកិច្ចប្រជុំសង្ខេបប្រាក់ចំណូលរបស់ SoftBank កាលពីខែកុម្ភៈ លោក Masayoshi Son អគ្គនាយករបស់ក្រុមហ៊ុន Softbank បាននិយាយថា ខ្លួនអាចនឹងចំណាយថវិកាប្រហែល ៥ ពាន់លានយ៉េន (៤៦ លានដុល្លារ) ដើម្បីដកឧបករណ៍របស់ក្រុមហ៊ុន Huawei ដែលមានស្រាប់នៅក្នុងបណ្តាញរបស់ខ្លួន ហើយជំនួសឧបករណ៍ថ្មី។ នៅពេលនោះ លោក Son បានថ្លែងថាក្រុមហ៊ុន SoftBank នឹងពិចារណាលើគ្រប់ជម្រើសសម្រាប់ការតម្លើងឧបករណ៍បម្រើសេវាអ៉ីនធើណិត 5G របស់ខ្លួន។

ក្រុមហ៊ុន SoftBank Corp គឺជាក្រុមហ៊ុនរកស៉ីក្នុងវិស័យទូរគមនាគមន៍ ហើយក្រុមហ៊ុននេះគឺជាបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន SoftBank Group Corp របស់លោក Masayoshi Son ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។