នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Porsche របស់ Volkswagen ត្រូវបានព្រះរាជអាជ្ញាអាឡឺម៉ង់ស៉ើបអង្កេត

1477
លោក Oliver Blume, CEO of Porsche AG

ប្រទេសអាឡឺម៉ង់(រ៉យទ័រ)៖ កាសែតមួយបានរាយការណ៍នៅថ្ងៃពុធនេះថា ព្រះរាជអាជ្ញាអាឡឺម៉ង់កំពុងស៊ើបអង្កេតនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Porsche ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Volkswagen លោក Oliver Blume អំពីការរំលោភបំពានទាក់ទងនឹងការបើកប្រាក់ទៅឱ្យសមាជិកក្រុមការងារក្នុងក្រុមហ៊ុន Porsche ។

កាសែតរបស់អាឡឺម៉ង់ Stuttgarter Nachrichten បានផ្សាយថា ផ្អែកលើការសម្រេចលើការទូទាត់ប្រាក់នេះ លោក Blume និងបុគ្គលិកក្នុងក្រុមហ៊ុន Porsche ផ្សេងទៀត ប្រហែលជាបានចូលរួមចំណែកក្នុងការប្រើប្រាស់ប្រាក់របស់ក្រុមហ៊ុនដោយមិនត្រឹមត្រូវ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ការិយាល័យរបស់ព្រះរាជអាជ្ញាក្រុង Stuttgart បានបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះ។ ហើយក្រុមហ៊ុន Porsche ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពី ថាតើលោក Blume ដែលជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Volkswagen ត្រូវបានគេស៊ើបអង្កេតនោះទេ ដោយនិយាយថាក្រុមហ៊ុនរបស់ខ្លួនមិនដែលពិភាក្សាលម្អិតអំពីការស៊ើបអង្កេតឡើយ។

ក្រុមព្រះរាជអាជ្ញាទីក្រុង Stuttgart បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានស៉ើបរកក្នុងការិយាល័យរបស់ក្រុមហ៊ុន Porsche ដែលជាផ្នែកមួយនៃការស៊ើបអង្កេតទាំងស្រុង ដែលចូលរួមដោយអធិការប៉ូលិស និងអ្នកស៊ើបអង្កេតចំនួន ១៧៦ រូប ព្រមទាំងរដ្ឋអាជ្ញារដ្ឋចំនួន ១០ ផងដែរ។

លោក Oliver Blume, CEO of Porsche AG

ការិយាល័យគ្រប់គ្រងរបស់ Porsche បានឱ្យដឹងកាលពីថ្ងៃអង្គារថា អ្នកគ្រប់គ្រង Porsche កំពុងត្រូវបានស៊ើបអង្កេត ដោយសង្ស័យថាបានផ្តល់ប្រាក់ចំណាយមិនសមាមាត្រ ដល់សមាជិកក្រុមប្រឹក្សាការងាររបស់ក្រុមហ៊ុន Porsche ។

កាសែត Stuttgarter Nachrichten បានផ្សាយនៅថ្ងៃពុធថា ការិយាល័យរបស់លោក Blume ក៏ត្រូវបានគេស្វែងរកនៅក្នុងការទាក់ទងជាមួយនឹងការស៊ើបអង្កេតនេះផងដែរ។ ការស៉ើបអង្កេតលើលោក Blume បានកើតឡើងប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីអតីតអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Nissan លោក Carlos Ghosn ត្រូវបានចាប់ខ្លួនដោយសារតែបទឧក្រិដ្ឋហិរញ្ញវត្ថុ។

ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើការជឿជាក់ លើការទទួលខុសត្រូវចំពោះការប្រើប្រាស់ថវិកាមិនត្រឹមត្រូវ គឺជាបទល្មើសព្រហ្មទណ្ឌ ហើយអាចមានទោសជាប់គុករហូតដល់ ១០ ឆ្នាំ។

អតីតនាយកប្រតិបត្តិរបស់ធនាគារអាឡឺម៉ង់ Deutsche Bank លោក Josef Ackermann បានទទួលការកាត់ក្តីដោយសារការរំលោភបំពានលើការទុកចិត្ត លើការផ្តល់ប្រាក់រង្វាន់ដល់នាយករួមក្រុមហ៊ុន គឺលោក Mannesmann ។ ការចោទប្រកាន់នោះ ក្រោយមកត្រូវបានទម្លាក់ចោលវិញ ជាថ្នូរនឹងការបង់ប្រាក់ចំនួន ៣.២ លានអឺរ៉ូ (៣.៦ លានដុល្លារអាមេរិច) ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។