ធនាគារអភិវឌ្ឍន៍អាស៊ី គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ១ប៊ីលានដុល្លារអាម៉េរិក សម្រាប់គាំទ្រដល់កិច្ចអភិវឌ្ឍន៍របស់កម្ពុជា

1861

ភ្នំពេញ (AKP)៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ — តាមរយៈកម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ២០២០-២០២២ ធនាគារអភិវឌ្ឍន៍ អាស៊ី ADB គ្រោងនឹងផ្តល់ ហិរញ្ញប្បទានប្រមាណ ៩២១.៥ លានដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសក្នុងការសម្រេចបាននូវ គោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។ បើគិតទាំងសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងៗ រួមជាមួយ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល កម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២០-២០២២ របស់ ADB មានទឹកប្រាក់ចំនួនប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក ដោយក្នុងនោះ ទំហំ ហិរញ្ញប្បទានសម្រាប់វិស័យកសិកម្ម, ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ មានទឹកប្រាក់ វិនិយោគប្រមាណ២៥០.៤ លានដុល្លារអាម៉េរិក។

វិស័យអប់រំ មានទឹកប្រាក់វិនិយោគប្រមាណ ១០០លានដុល្លារអាម៉េរិក, វិស័យថាមពលមានទឹកប្រាក់វិនិយោគប្រមាណ១០០ លាន ដុល្លារអាម៉េរិក។ វិស័យការដឹកជញ្ជូន និងគមនាគមន៍មានទឹកប្រាក់វិនិយោគប្រមាណ ៨០ លានដុល្លារអាម៉េរិក, វិស័យសាធារណមានទឹកប្រាក់វិនិយោគប្រមាណ ១១០ លានដុល្លារ អាម៉េរិក, វិស័យហិរញ្ញវត្ថុ មានទឹកប្រាក់វិនិយោគប្រមាណ ៨០ លានដុល្លារអាម៉េរិក និង វិស័យផ្គត់ផ្គង់ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសេវាកម្ម មានទឹកប្រាក់វិនិយោគ ប្រមាណ២៣០.២ លានដុល្លារអាម៉េរិក។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

សូមរម្លឹកថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខា ធិការ​ប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ច ជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបស្តី ពីការរៀបចំកម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (Country Operation Business Plan-COBP) ឆ្នាំ២០២០-២០២២ ស្ថិតនៅក្រោមក្របខ័ណ្ឌ​យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៩-២០២៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំបូកសរុបនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា និងតំណាង មកពីគ្រប់ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ក៏បានស្នើសុំ ADB ពិនិត្យលទ្ធភាពពង្រីកទំហំហិរញ្ញប្បទាន បន្ថែមទៀត ហើយការវិនិយោគ​នេះទៀតសោតត្រូវជំរុញនៃការប្រើប្រាស់បច្ចេកវិទ្យា(Technological Mainstream) ដែលកន្លង​មករាជរដ្ឋាភិបាលបានអនុវត្តន៍កិច្ចការ នេះជាមួយដៃគូអភិវឌ្ឍន៍ផេ្សងទៀតផងដែរ។

ឯកឧត្តម​ក៏បានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ត្រូវរៀបចំនូវផែនការវិនិយោគ​តាម​វិស័យរបស់ខ្លួន ដោយផ្អែកលើផែនការមេ ច្បាស់លាស់ ដើម្បីធ្វើការវិនិយោគជា​លក្ខណៈ​ប្រព័ន្ធ ដែលនឹងផ្តល់ផលចំណេញរយៈពេល វែងដល់សេដ្ឋកិច្ច ដោយជៀសវាងការវិនិយោគ តាមអភិក្រម “ធ្វើកន្លែងនេះបន្តិចកន្លែងនោះ បន្តិច” (Piece Meal Approach) ដែលអាច នឹង​ខាតបង់ធំទៅថ្ងៃក្រោយ។

ទន្ទឹមនេះ ក្នុងកិច្ចការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ឯកឧត្តម បានស្នើឱ្យ ADB សិក្សាជាកញ្ចប់លើបញ្ហាអគ្គិសនី, ការគ្រប់គ្រងកាកសំណល់រឹង រាវ និងការ ប្រើប្រាស់ទឹក នៅខេត្តសៀមរាប និងទីក្រុងបាវិតនៃខេត្តស្វាយរៀង ដែលជាមជ្ឈមណ្ឌល នៃកំណើនសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានកោតសរសើរ និងវាយតម្លៃ​ខ្ពស់ចំពោះ ADB ដែលជាជាដៃគូដ៏ស្មោះត្រង់ និងមានតួនាទីដ៏សំខាន់នៅកិច្ចអភិវឌ្ឍន៍ ប្រទេស​កម្ពុជា។ ជាងនេះទៅទៀត ADB គឺជាស្ថាប័ន ដែលមានបទពិសោធន៍​នៅក្នុងកិច្ច​ការអភិវឌ្ឍន៍នៅក្នុងតំបន់ច្បាស់លាស់ ព្រមទាំងបានចូល​រួមយ៉ាងសកម្មនៅក្នុងការលើក​កម្ពស់ភាពជាម្ចាស់លើគម្រោងអភិវឌ្ឍន៍របស់ប្រទេសសាមី។

គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោង អភិវឌ្ឍន៍នានា មានទឹក​ប្រាក់ សរុបចំនួនប្រមាណ៣.១៩៤លានដុល្លារអាម៉េរិក ដែលក្នុងនោះ ឥណទានសម្បទាន ចំនួនប្រមាណ ២.៧០៤ លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៤៩០លានដុល្លារអាម៉េរិក ។

ឯកឧត្តម វង្សី វិស្សុត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែលបាន​ផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុ​ម័ត​ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍នានានៅកម្ពុជា ដែលនឹងរួមចំណែក​យ៉ាងធំធេងក្នុងការអភិវឌ្ឍកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែ​ផ្កានៃ កំណើនប្រកបដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈ នៃប្រជាជន តាមរយៈការបន្តធានា សម្រេចឱ្យបាននូវចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង៕

ដោយ គង់ សិរីរ័ត្ន

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។