ក្រុមហ៊ុន King Power បន្តដេញថ្លៃឈ្នះសិទ្ធផ្តាច់មុខ ការលក់ទំនិញរួចពន្ធនៅព្រលានយន្តហោះក្រុងបាងកក

1975

ក្រុងបាងកក(Nikkei) ៖ ប្រទេសថៃបានបរាជ័យក្នុងការធ្វើឲ្យមានការប្រកួតប្រជែងក្នុងវិស័យលក់រាយទំនិញរួចពន្ធ ដោយសារតែក្រុមហ៊ុន King Power International Group បានឈ្នះសិទ្ធផ្តាច់មុខរយៈពេល ១០ ឆ្នាំបន្ថែមទៀត នៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងបាងកក។

ក្រុមហ៊ុនអាកាសយានដ្ឋានរបស់រដ្ឋថៃ Airports of Thailand (AoT) កាលពីថ្ងៃសុក្របានប្រកាសថា ក្រុមហ៊ុន King Power បានដាក់សំណើដេញថ្លៃក្រៅផ្លូវការសម្រាប់សិទ្ធិប្រតិបត្តិការហាងលក់ទំនិញរួចពន្ធនៅអាកាសយានដ្ឋានសុវណ្ណភូមិ ចាប់ពីថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២០ ដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០៣១ ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways និងក្រុមហ៊ុនសណ្ឋាគារលំដាប់កំពូល Royal Orchid Sheraton បានបរាជ័យក្នុងការដេញថ្លៃនេះ ដោយក្រុមហ៊ុន King Power ជាអ្នកឈ្នះ ។ ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានរៀបគម្រោងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនលក់ទំនិញរួចពន្ធឈានមុខគេរបស់កូរ៉េខាងត្បូង គឺក្រុមហ៊ុន Lotte Duty Free ខណៈក្រុមហ៊ុន Royal Orchid Sheraton បានសហការជាមួយក្រុមហ៊ុនលក់ទំនិញរួចពន្ធរបស់អ៉ីតាលីឈ្មោះ World Duty Free Group ។ ប៉ុន្តែចុងក្រោយនៅតែបានសិទ្ធផ្តាច់មុខនៅព្រលានសុវណ្ណភូមិ ទៅក្រុមហ៊ុន King Power ។

ប្រទេសថៃគឺជាគោលដៅទេសចរណ៍ដែលមានភ្ញៀវទៅទស្សនាច្រើនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការដេញថ្លៃនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ប្រទេសថៃ ដើម្បីធានាថាទីផ្សារលក់ទំនិញរួចពន្ធរបស់ខ្លួនមានការប្រកួតប្រជែង។

ក្រុមហ៊ុន AoT បាននិយាយថា ខ្លួនបានសម្រេចរកឃើញអ្នកឈ្នះក្នុងការដេញថ្លៃនេះ ដោយការដាក់ពិន្ទុលើការដេញថ្លៃពីក្រុមហ៊ុននីមួយៗ ប៉ុន្តែមិនបានបញ្ជាក់ពីដំណើរការនៃការដាក់ពិន្ទុនោះទេ។ ក្រុមហ៊ុន King Power ទទួលបានពិន្ទុចំនួន ៩០ លើ ១០០ ពិន្ទុ ខណៈក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways ទទួលបាន ៨០ ពិន្ទុ និងក្រុមហ៊ុន Royal Orchid Sheraton ទទួលបាន ៧០ ពិន្ទុ ។ ក្រុមហ៊ុនព្រលានយន្តហោះ AoT បាននិយាយថា King Power បានដាក់ស្នើតម្លៃខ្ពស់ជាងគូប្រជែងរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុននេះមិនបានប្រាប់លម្អិតអំពីតម្លៃថាមានចំនួនប៉ុន្មាននោះទេ។

លោក Wittawat Wipakul អ្នកតំណាងរបស់ក្រុមហ៊ុន Royal Orchid Sheraton បានសាកសួរពីតម្លាភាពនៃការសម្រេចចិត្តនេះ។ គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃមួយថា “យើងបានរៀបចំខ្លួនរួចរាល់ ហើយបានអញ្ជើញក្រុមហ៊ុនលំដាប់លេខ ១ របស់ពិភពលោក ឲ្យធ្វើជំនួញលក់ទំនិញរួចពន្ធជាមួយយើង។ យើងនឹងពិភាក្សាជាមួយដៃគូរបស់យើងអំពីរបៀបដែលយើងគួរតែធ្វើបន្ត ហើយយើងនឹងស្នើសុំឲ្យ AoT បកស្រាយជាផ្លូវការអំពីការវាយតម្លៃពិន្ទុដោយលំអិត ពីព្រោះយើងមិនត្រូវបានគេប្រាប់ពីព័ត៌មានណាមួយលើការសម្រេចឲ្យ King Power ឈ្នះនោះទេ”។

ក្រុមហ៊ុន AoT បានចុះបញ្ជីនៅផ្សារហ៊ុនថៃ Stock Exchange of Thailand ។ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននះ បានគ្រោងនឹងអនុម័តលទ្ធផលជាផ្លូវការនៅថ្ងៃទី ១៩ ខែមិថុនាខាងមុខនេះ លើការដេញថ្លៃនោះ។

អាកាសយានដ្ឋាន សុវណ្ណភូមិ ដែលមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីទីក្រុងបាងកក បានចាប់ផ្តើមប្រតិបត្តិការពេញលេញនៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០០៦ ដោយបានកាន់កាប់អាកាសយានដ្ឋាន ដនមឿង ដែលជាព្រលានយន្តហោះអន្តរជាតិដ៏សំខាន់របស់ក្រុងបាងកក។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន King Power បានក្លាយជាក្រុមហ៊ុនតែមួយគត់ដែលគ្រប់គ្រងទីផ្សារលក់ទំនិញរួចពន្ធក្នុងព្រលានយន្តហោះ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៣០០០០ ម៉ែត្រការ៉េ។

កិច្ចសន្យានៅព្រលានយន្តហោះ  សុវណ្ណភូមិ ត្រូវបានគេចាត់ទុកថាជាច្រកទ្វារដ៏សំខាន់ជាងគេរបស់ទីក្រុងបាងកក ដែលកាន់កាប់ទីផ្សារលក់ទំនិញរួចពន្ធរហូតដល់ចំនួន ៨០% ក្នុងចំណោមព្រលានយន្តហោះអន្តរជាតិធំៗទាំង ៤ របស់ប្រទេសថៃ។

សេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងតែសប្បាយនឹងការទទួលផលពីការរីកចម្រើន ពីភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក មកទស្សនាក្នុងប្រទេសជាប់កម្ពុជានេះ។ យោងទៅតាមអង្គការទេសចរណ៍ពិភពលោក ដែលស្ថិតក្រោមការគ្រប់គ្រងដោយអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ ១០ នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសនេះនៅឆ្នាំ ២០១៨ បានចំនួន ៣៨,២ លាននាក់ ពោលគឺកើនឡើង ៧,៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧។ រដ្ឋាភិបាលថៃរំពឹងថាចំនួននេះនឹងកើនឡើងដល់ ៤១ លាននាក់នៅឆ្នាំ ២០១៩ នេះ ។ ជាង ២០% នៃផលិតផលក្នុងស្រុកសរុបរបស់ថៃ គឺពឹងផ្អែកលើវិស័យទេសចរណ៍។

ក្រុមហ៊ុន King Power គឺជាអ្នកទទួលផលច្រើនជាងគេពីវិស័យទេសចរណ៍នេះ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ចំណូលពីការលក់ និងសេវាកម្មរបស់ក្រុមហ៊ុន King Power International ក្នុងឆ្នាំ ២០១៧ មានចំនួន ៥០,៦ ពាន់លានបាត (១,៦ ពាន់លានដុល្លារ) ដោយក្នុងនោះថ្លៃដើមនៃទំនិញទាំងនោះមានចំនួន ៣៤,៩ ពាន់លានបាត ហើយប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុននេះ មានចំនួន ១៥,៧ ពាន់លានបាត ពោលគឺកើនឡើងបីដង ធៀបនឹង ៥ ឆ្នាំមុន។

 

តាមពិត អ្នកឈ្នះលើការដេញថ្លៃនេះ ដើមឡើយត្រូវបានគេកំណត់ឲ្យប្រកាសនៅថ្ងៃទី ១០ ខែឧសភាម្លេះ ប៉ុន្តែកាលបរិច្ឆេទនោះត្រូវបានពន្យាពេលប្រហែលបីសប្តាហ៍វិញ។ ការពន្យារពេលនេះ កើតឡើងដោយសារ AoT ខ្វះការយល់ដឹងអំពីការលើកកម្ពស់ការប្រកួតប្រជែង ដោយកាលដំបូង ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋនេះ បានដាក់គម្រោងដាក់ដេញថ្លៃ និងផ្តល់សិទ្ធិប្រតិបត្តិការលក់ទំនិញរួចពន្ធ ទៅឲ្យក្រុមហ៊ុនមួយដែលឈ្នះ ហើយអាចប្រតិបត្តិការក្នុងអាកាសយានដ្ឋានអន្តរជាតិទាំងបួនគឺ អាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ, ឈាងម៉ៃ, ភូកេត និងអាកាសយានដ្ឋានអន្តរជាតិ ហាតយ៉ៃ ។

ស្ថាប័ននានាក្នុងវិស័យនេះ ដូចជាសមាគមន៍លក់ទំនិញរួចពន្ធថៃ និងសមាគមន៍អ្នកលក់រាយថៃ បានរិះគន់យ៉ាងខ្លាំងលើផែនការរបស់ព្រលានយន្តហោះ និងបានទទូចឱ្យមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារនេះ។ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា: “ខ្ញុំចង់ឱ្យអាជ្ញាធរពាក់ព័ន្ធពិចារណាវាយ៉ាងប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ការផ្តាច់មុខណាមួយ”។

ពាក្យពេចន៍របស់លោក ប្រាយុទ្ធ បានបង្ខំឱ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋនះ ពិចារណាឡើងវិញនូវផែនការនេះ។ ក្រោយមក ក្រុមហ៊ុន AoT បានសម្រេចបំបែកសិទ្ធិធ្វើប្រតិបត្តិការនៅឯព្រលានយន្តហោះ សុវណ្ណភូមិ ពីអាកាសយានដ្ឋានចំនួន ៣ ផ្សេងទៀត និងព្រលានយន្តហោះអន្តរជាតិនីមួយៗ ត្រូវគ្រប់គ្រងដោយក្រុមហ៊ុនដែលដេញថ្លៃឈ្នះនីមួយៗ។ ប៉ុន្តែមានតែព្រលាន សុវណ្ណភូមិមួយទេ ដែលគ្រប់គ្រងទីផ្សារធំជាងគេ រហូតដល់ទៅ ៨០% ត្រូវបានធ្លាក់ទៅក្នុងដៃរបស់ King Power ។

AoT នឹងប្រកាសអ្នកឈ្នះសម្រាប់ព្រលានយន្តហោះអន្តរជាតិ ឈាងម៉ៃ, ភូកត និង ហាតយ៉ៃ នៅថ្ងៃទី ១០ ខែមិថុនាខាងមុខនេះ។

លោក Nitinai Srismatthakarn ប្រធានក្រុមហ៊ុន AoT បានការពារការអនុវត្តន៍គោលការណ៍ពាណិជ្ជកម្មរបស់ខ្លួនដូចកាលពីអតីតកាល ដោយបញ្ជាក់ថា ការផ្តល់សេវាកម្មលក់រាយច្រើន នឹងធ្វើឱ្យរំខានដល់បទពិសោធន៍របស់អតិថិជន ពីព្រោះអ្នកដំណើរទាំងអស់នឹងមិនឆ្លងកាត់ហាងលក់ទំនិញរួចពន្ធទាំងអស់នៅព្រលានយន្តហោះឡើយ។ គាត់ក៏បាននិយាយផងដែរថា ការដែលមានប្រតិបត្តិករលក់ទំនិញរួចពន្ធតែមួយ នឹងផ្តល់ឱ្យអ្នកលក់មានអំណាចចរចាកាន់តែច្រើនជាមួយអ្នកផ្គត់ផ្គង់ផលិតផលម៉ាកល្បីៗ។

លោក Torbjorn Karlsson អ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុនពិគ្រោះយោបល់ Korn Ferry មានមូលដ្ឋាននៅអាមេរិច បានយល់ស្របថា “ការផ្តាច់មុខនេះបានរួមចំណែកធ្វើឱ្យមានបទពិសោធទិញទំនិញកាន់តែច្រើន”។ ទោះជាយ៉ាងណាលោកបានបន្ថែមថា: «អតិថិជនធ្លាប់នឹងការមានជម្រើស។ ជម្រើសកាន់តែច្រើន និងការប្រកួតប្រជែង គឺជាអ្វីដែលនឹងផ្តល់តម្លៃកាន់តែច្រើនដល់អតិថិជន»។

ទោះជាយ៉ាងណាក៏ដោយ វាជាចម្ងល់ថា តើប្រទេសនេះកំពុងរស់នៅពឹងផ្អែកលើការលក់ទំនិញរួចពន្ធ ឬទេ។ លោក Deunden Nikomborirak នាយកផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវ Thailand Development Research Institute បានចង្អុលបង្ហាញថា ភ្ញៀវទេសចរជាមធ្យមចំណាយតែ ៤៧ ដុល្លារប៉ុណ្ណោះ សម្រាប់ទិញទំនិញរួចពន្ធនៅក្នុងប្រទេសថៃ បើប្រៀបធៀបទៅនឹងប្រទេសកូរ៉េខាងត្បូង ភ្ញៀវទេសចរម្នាក់ចាយរហូតដល់ ២៦០ ដុល្លារឯនោះក្នុងការទិញទំនិញរួចពន្ធ។ អាកាសយានដ្ឋានអន្តរជាតិ អ៊ីនឈុន របស់កូរ៉េខាងត្បូង បានផ្តល់សិទ្ធលក់ទំនិញរួចពន្ធដល់ក្រុមហ៊ុនចំនួន ១២ ។

ក្រុមហ៊ុន King Power ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ដោយលោក Vichai Srivaddanaprabha មានទីស្នាក់ការកណ្តាលនៅទីក្រុងបាងកក។ បច្ចុប្បន្នក្រុមហ៊ុននេះកំពុងដំណើរការហាងលក់ទំនិញរួចពន្ធនៅក្នុងគោលដៅទេសចរណ៍ចំនួន ៥ និងអាកាសយានដ្ឋានចំនួន ៥ នៅក្នុងប្រទេសថៃ។ មហាសេដ្ឋីថៃរូបនេះ ត្រូវបានចាត់ចំណាត់ថ្នាក់ដោយទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០១៨ ថាជាអ្នកមានបំផុតទី ៥ នៅក្នុងប្រទេសថៃ ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៥,២ ពាន់លានដុល្លារអាមេរិច។

ក្រុមហ៊ុន King Power បានទិញយកក្លឹបបាល់ទាត់អង់គ្លេស Leicester City ក្នុងឆ្នាំ ២០១០ នៅពេលដែលក្លឹបនេះកំពុងលេងក្នុងក្របខ័ណ្ឌទី ២ របស់ប្រទេសអង់គ្លេស។ ក្រុមនេះបានឡើងមកលេងក្នុងក្របខ័ណ្ឌ Premier League នៅឆ្នាំ ២០១៤ ហើយបានក្លាយជាជើងឯកលីកកំពូលមួយនេះ ក្នុងរដូវកាលឆ្នាំ ២០១៥-២០១៦ ។  តែជាអកុសល លោក Vichai បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ បន្ទាប់ពីចាកចេញពីពហុកីឡាដ្ឋាននៅទីក្រុង Leicester City នៅថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០១៨ ។ កូនប្រុសរបស់គាត់ ឈ្មោះ Aiyawatt បានចូលជំនួសតំណែងរបស់គាត់ជាប្រធានក្រុមហ៊ុន King Power ។

ការឈ្នះការដេញថ្លៃលើសិទ្ធនៅថ្ងៃសុក្រនេះ នឹងធ្វើឱ្យលោក Aiyawatt រីករាយនឹងកេរ្តិ៍ដំណែលរបស់ឪពុករបស់លោក ដែលបានស្លាប់ ព្រោះយ៉ាងហោចណាស់ គាត់បានធ្វើឲ្យក្រុមហ៊ុន King Power គ្រប់គ្រងទីផ្សារលក់ទំនិញរួចពន្ធបានមួយទសវត្សរ៍ទៀត៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។