ចំណុចសំខាន់ៗមិនគួរមើលរំលង មុនពេលសម្រេចចិត្តទិញសិទ្ធអាជីវកម្ម មកបើកបន្ត

5391

ការទិញសិទ្ធបើកអាជីវកម្ម ជាជម្រើសមួយក្នុងបណ្តាជម្រើសដទៃទៀតដែលស្ថិតក្នុងការពិចារណារបស់អ្នកចង់ចេញរកស៊ីមួយចំនួន។ ដោយសារការធ្វើអាជីវកម្មបែបនេះមានយីហោល្បីស្រាប់ ដូច្នេះវាមានភាពងាយស្រួលជាងការបង្កើតយីហោថ្មីដោយខ្លួនឯង។ យើងមិនចាំបាច់ចំណាយពេលច្រើនដើម្បីបង្កើតយុទ្ធសាស្ត្រដើម្បីអោយគេស្គាល់ម៉ាករបស់យើងនោះទេ។ ប៉ុន្តែការរកស៊ីមិនមានអ្វីដែលថារលូនទាំងស្រុងនោះទេ ឱកាស និងការបាត់បង់ដើរទន្ទឹមគ្នា ហេតុដូច​នេះហើយដើម្បីកាត់បន្ថយហានិភ័យរបស់ការទិញសិទ្ធបើកអាជីវកម្ម យើងមានចំណុចចំបងៗមួយចំនួនគួរយកទៅពិចារណា។ 

១. ​តម្រូវការ

តម្រូវការរបស់អតិថិជនមានភាពប្រែប្រួលទៅតាមកត្តាមួយចំនួនដូចជាប្រាក់ចំណូល ចំណង់ចំណូលចិត្ត ទំនិញដែលអាចជំនួសបាន ឬផលិតផលបំពេញគ្នា។ ជួនកាលទំនិញ ឬសេវាកម្មដែលទទួលបានការពេញនិយមក្នុងតំបន់របស់គេ ប៉ុន្តែមិនប្រាកដថានឹងទទួលបានការគាំទ្រដូចគ្នានៅពេលយើងទិញសិទ្ធមកបើកក្នុងតំបន់របស់យើងនោះទេ។ ដូច្នេះដើម្បីជៀសវាងក្នុងការបើកខុស យកល្អគឺយើងគួរតែធ្វើការសិក្សាស្រាវជ្រាវពីតំបន់នោះជាមុនសិន។

ឧទាហរណ៍ជាក់ស្តែងមួយ កាលពីជាង ១ឆ្នាំមុន យីហោហាងកាហ្វេបរទេសមួយកំពុងក្តោបយកទីផ្សារហាងកាហ្វេធំជាងគេនៅក្រុងភ្នំពេញ ដោយអ្នកជំនួញក្នុងស្រុកនាំគ្នាសម្រុកទិញសិទ្ធ (ទិញ franchise) បើកបន្តបន្ទាប់គ្នាស្ទើរតែគ្រប់ជ្រុងនៃដងផ្លូវធំៗ។ បច្ចុប្បន្ន យីហោនោះបានស្ងាត់ទៅវិញ អ្នកដែលទើបទិញសិទ្ធទៅបើកក្រោយ ប្រហែលត្រូវចំណាយពេលរាប់ឆ្នាំទៀតទើបអាចស្រង់ដើមមកវិញ ព្រោះទិញក្នុងតម្លៃថ្លៃ និងចំណាយច្រើនលើការសាងសង់ហាង និងចំណាយផ្សេងៗទៀត។ នេះបញ្ជាក់ថា មុនពេលអ្នកសម្រេចចិត្តទិញយីហោណាមួយមកបើកបន្ត អ្នកគួរវិភាគមើលទីផ្សារបច្ចុប្បន្ន និងទីផ្សារនៅថ្ងៃអនាគតរបស់វា។

២. ការចំណាយ

ប្រភពចំណាយ គឺជាបញ្ហាចំបងបំផុតដែលម្ចាស់អាជីវកម្មពិចារណាដំបូងបង្អស់មុនពេលសម្រេចចិត្តបើកជំនួញ។ នៅក្នុងការទិញសិទ្ធបើកអាជីវកម្មក៏ដូចគ្នា។​ តម្លៃនៃការទិញសិទ្ធបើកយីហោមួយៗមានតម្លៃ និងលក្ខណបង់ថ្លៃខុសៗគ្នា ដូច្នេះជាការចាប់ផ្តើមអ្នកគួរចរចារជាមួយម្ចាស់សិទ្ធអាជីវកម្មពីតម្លៃដែលអ្នកត្រូវដាក់វិនិយោគទុនអោយបានច្បាស់លាស់។ តើអ្នកគួរដាក់ដើមទុនដំបូងប៉ុន្មាន  និងថ្លៃទិញសិទ្ធនោះប៉ុន្មាន? ត្រូវបង់ប្រចាំខែ ប្រចាំឆ្នាំប៉ុន្មានភាគរយ ហើយបង់លើមុខងារអ្វីខ្លះ?

៣. ឱកាសដែលអាចមាន

មុននឹងបើក យើងគួរសម្រេចចិត្តអោយបានច្បាស់លាស់ទៅលើទីតាំងដែលយើងចង់បើក ត្រូវធ្វើអោយប្រាកដចិត្តថាទីតាំងអាចនាំយកឱកាសអោយអ្នករកស៊ីរលូនទៅមុខ ឬទេ។ ម្យ៉ាងវិញទៀត តើម្ចាស់សិទ្ធអាជីវកម្មនោះមាននៅសល់ទីតាំងសមស្របសម្រាប់អោយអ្នក ឬទេ? ជាទូទៅគេលក់សិទ្ធដោយមានគោលការណ៍កំណត់ថាទីតាំងមួយត្រូវមានចម្ងាយប៉ុន្មានគីឡូម៉ែតពីទីតាំងមួយទៀត។ ប៉ុន្តែបើអ្នកទិញយីហោថ្មីស្រឡាងពីបរទេស អ្នកមានសិទ្ធកំណត់ទីតាំងរបស់អ្នកបាន។

៤. ការបង្ហាត់បង្រៀន

សិទ្ធអាជីវកម្មដែលល្អបំផុតមិនគ្រាន់តែលក់ហើយទុកដៃគូរចោលនោះទេ ប៉ុន្តែគេមានបង្កើតវគ្គបណ្តុះបណ្តាល និងបំប៉នទៅដល់អ្នកទិញសិទ្ធបើកអាជីវកម្មទាំងអស់ ដើម្បីកាត់បន្ថយបញ្ហាក្នុងពេលប្រតិបត្តិការ។ ហេតុដូចនេះហើយ អ្នកគួរស្វែងរកសិទ្ធបើកអាជីវកម្មណាដែលផ្តល់អោយអ្នកនូវការការបង្ហាត់បង្រៀនប្រកបដោយវិជ្ជាជីវៈ មានគម្រោងទីផ្សារ កម្មវិធីអភិវឌ្ឍ និងស្រាវជ្រាវលើផលិតផលថ្មីៗ ដែលអាចជួយអោយអ្នកជោគជ័យលើមុខជំនួញមួយនោះបានរយៈពេលយូរ។ អ្នកមិនគួរទិញសិទ្ធពីអាជីវកម្មដែលគ្មានការគ្រប់គ្រងរឹងមាំនោះទេ ជាពិសេសម្ចាស់យីហោដែលគ្មានជំនាញច្បាស់លាស់ ព្រោះនៅពេលយីហោនោះបើកសាខាកាន់តែច្រើន ការគ្រប់គ្រងអាចនឹងមានបញ្ហា ហើយអ្នកក៏អាចដួលតាមគេដែរ។

៥. ការជួយផ្នែកទីផ្សារ

ម្ចាស់សិទ្ធអាជីវកម្មខ្លះ លក់សិទ្ធឲ្យអ្នកទិញហើយ តែមិនជួយធ្វើទីផ្សារឲ្យទេ គឺឲ្យអ្នកទិញនោះធ្វើទីផ្សារខ្លួនឯង។ ភាគច្រើនយើងឃើញមានសកម្មភាពបែបនេះច្រើនមកហើយ ដែលសហគ្រិនខ្មែរទិញយីហោមកពីប្រទេសថៃមករកស៉ីនៅខ្មែរ ហើយភាគច្រើនគឺដួលក្នុងរយៈពេលខ្លី។ មុននឹងអ្នកសម្រេចចិត្តទិញ អ្នកត្រូវមើលថាគេមានលក្ខណជួយធ្វើទីផ្សារឲ្យ ឬអត់ ហើយបើគេមាន គេគិតភាគរយពីអ្នកដែរឬទេ។ ប៉ុន្តែបើគេមិនជួយផ្នែកទីផ្សារ ហើយអ្នកចង់ទិញវាខ្លាំង អ្នកត្រូវប្រាកដថាអ្នកមានសមត្ថភាពអាចធ្វើទីផ្សារដោយខ្លួនឯង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.