ធនាគារ ABA នឹងបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មរបស់ខ្លួនជាសាធារណៈ (Corporate Bond)

11618

ភ្នំពេញ(ABA Bank)៖ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ដែលជាសមាជិកសម្ព័ន្ធធនាគារជាតិ កាណាដា បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនទើបទទួលបានការអនុម័តពី ធនាគារជាតិនៃកម្ពុជា ដើម្បីចាប់ផ្តើមដំណើរការរៀបចំការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួន នៅលើផ្សារមូលបត្រកម្ពុជា ឬហៅកាត់ថា CSX ។ 

  • តម្លៃសញ្ញាបណ្ណសាជីវកម្មផ្តល់ជូន  រហូតដល់ 100 ពាន់លានរៀល (25 លានដុល្លារ សហរដ្ឋអាមេរិក)
  • អត្រាគូប៉ុង  7.0% – 7.75% ក្នុងមួយឆ្នាំ ( បង់កន្លះឆ្នាំម្តង )
  • រយៈពេលកំណត់ ៖ 3 ឆ្នាំ 
  • រូបិយប័ណ្ណ  រៀល 
  • ការវាយតម្លៃឥណទាន   “B” ដោយ S&P Global Ratings

ធនាគារ ABA គ្រោងនឹងបោះផ្សាយសញ្ញាបណ្ណសាជីវកម្មជាសាធារណៈ ក្នុងទំហំទឹកប្រាក់សរុប 100 ពាន់លានរៀល (25 លានដុល្លារអាមេរិក ) ។ សញ្ញាបណ្ណនេះ មានរយៈពេល 3 ឆ្នាំ និងអត្រាការប្រាក់ ពី 7.00% ទៅ 7.75% ក្នុងមួយឆ្នាំ ។ ធនាគារ ABA នឹងដាក់ជូនឯកសារផ្តល់ព័ត៌មាន ដើម្បីស្នើសុំការអនុម័តយល់ព្រមក្នុងការបោះផ្សាយនេះ ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) សម្រាប់នីតិវិធីបន្តទៀត ។ ធនាគារ ABA រំពឹងថាសញ្ញាបណ្ណនេះ នឹងត្រូវចុះបញ្ជីលក់នៅលើផ្សារមូលបត្រកម្ពុជា (CSX) ។ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ទឹកប្រាក់ដែលបានពីការបោះផ្សាយលក់សញ្ញាបណ្ណ នឹងត្រូវយកមកប្រើសម្រាប់ការចំណាយលើប្រតិបត្តិការ ក៏ដូចជាការបង្កើនចំនួនប្រាក់កម្ចីសម្រាប់អាជីវកម្ម ដែលនឹងគាំទ្រដល់អាជីវកម្មខ្នាតតូចបំផុត សហគ្រាសធុនតូច និងមធ្យម ដែលរួមមានសហគ្រិនស្ត្រីនៅកម្ពុជាផងដែរ ។ 

ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូ យ៉ា ល់ ស៊ី ឃ្យួ រឹ ធី (SBI Royal Securities) គឺជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់ សម្រាប់ការបោះផ្សាយនេះ ។

ចុចអាន៖ ភាពខុសគ្នារវាង “ភាគហ៊ុន” និង “សញ្ញាបណ្ណ”

អំពី ធនាគារ ABA
ធនាគារ ABA គឺជា ធនាគារមួយក្នុងចំណោមគ្រឹះស្ថានធនាគារដែលឈានមុខគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1996 ។ មកដល់ពេលនេះ ធនាគារ ABA ផ្តល់ជូនសេវាហិរញ្ញវត្ថុ និងដំណោះស្រាយផ្នែកធនាគារឌីជីថលយ៉ាងពេញលេញ ជូនដល់អតិថិជន រួមទាំងសហគ្រាស ធុន តូច និង មធ្យម អាជីវកម្មខ្នាត តូចបំផុត និងលក្ខណៈបុគ្គលជាដើម ។
គិតមកដល់ត្រឹមថ្ងៃទី 31 ឧសភា 2019 ទ្រព្យសកម្មរបស់ធនាគារ ABA មាន ចំនួន 3.36 ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលធ្វើឲ្យខ្លួនក្លាយជាធនាគារធំទីបីនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ 2017 ធនាគារ ABA បានទទួលចំណាត់ថ្នាក់ឥណទានកម្រិត “B” ពី Standard and Poor’s (S&P) Global Ratings ។ ហើយ ក្នុង ឆ្នាំ 2018 S&P បាន អះអាងជាថ្មីនូវចំណាត់ឥណទាននេះ ជាមួយនឹងទស្សនវិស័យ “ វិជ្ជមាន” ។
ធនាគារ ABA ក៏បានទទួលពានរង្វាន់ “ ធនាគារល្អបំផុតនៅកម្ពុជា ” ពី ឆ្នាំ 2015 ដល់ ឆ្នាំ 2019 ពីទស្សនាវដ្ដីធំៗដូចជា The Banker, Euromoney និង Global Finance ។
ម្ចាស់ភាគហ៊ុនដ៏ធំរបស់ធនាគារ ABA គឺ ធនាគារជាតិកាណាដា (www.nbc.ca) ដែលជាធនាគារធំជាងគេទីប្រាំមួយនៅប្រទេសកាណាដា និងជាធនាគារដែលឈានមុខគេនៅ Quebec ជាកន្លែង ដែលធនាគារនេះក្លាយជាជម្រើសដៃគូសម្រាប់សហគ្រិនធុនតូច និងមធ្យម ។

អំពី SBI Royal Securities

SBI Royal Securities គឺជាក្រុមហ៊ុនមូលបត្រឈានមុខគេនៅកម្ពុជា ដែលផ្តល់ជូននូវសេវាវិនិយោគគ្រប់បែប រួមមានការធានាទិញមូលបត្រ ការប្រឹក្សាយោបល់ ការរួមបញ្ចូលគ្នា និងការទិញក្រុមហ៊ុន និងឈ្មួញជើងសាមូលបត្រផងដែរ ។ នៅក្នុងឆ្នាំ 2018 ក្រុមហ៊ុន SBI Royal Securities ត្រូវបានទទួលស្គាល់ជា “Best Corporate and Investment Bank” ដោយ Asiamoney magazine ។ 

បង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១០ SBI Royal Securities ជាក្រុមហ៊ុនមូលបត្ររបស់ជប៉ុន ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានអាជ្ញាបណ្ណពេញលេញ ពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មមូលបត្រ ។ 

SBI Royal Securities បានបំពេញនូវប្រតិបត្តិការជាច្រើន ដែលរួមមាន IPO of the Port of Sihanoukville (CSX listing: PAS), the IPO of Phnom Penh Special Economic Zone (CSX listing: PPSP), និងសញ្ញាបណ្ណសាជីវកម្មដំបូងគេនៅកម្ពុជាដែលបោះផ្សាយដោយ ហត្ថាកសិករលីមីតធីត (SX listing: HKL21A) ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។