ការធ្វើទីផ្សារ គឺជាបញ្ហាមួយដែលសហគ្រិនថ្មីថ្មោង ឬក៏ម្ចាស់អាជីវកម្មខ្នាតតូចតែងតែជួបប្រទះ មិនដឹងថាគួរប្រើយុទ្ធសាស្ត្របែបណាដែលចំគោលដៅ ហើយចំណាយតិច។ ខ្ញុំបានជួបម្ចាស់អាជីវកម្មខ្នាតតូចជាច្រើន ហើយគាត់បានសួរខ្ញុំ តើគួរប្រើយុទ្ធសាស្ត្រទីផ្សារអ្វី ដើម្បីដណ្តើមយកចំណែកទីផ្សារឲ្យកាន់តែធំ ព្រោះថាយុទ្ធសាស្ត្រដែលពួកគាត់ធ្លាប់ប្រើដូចជាមិនបានផលសោះ។
ការធ្វើទីផ្សារ មិនមែនមានន័យតែត្រឹមតែផ្សាយពាណិជ្ជកម្មទេ
ការធ្វើទីផ្សារ មិនមែនគ្រាន់តែផ្សាយពាណិជ្ជកម្មប៉ុន្មានផ្ទាំង ឬប៉ុន្មានវីឌីអូ ហើយបញ្ចប់នោះទេ។ ការធ្វើទីផ្សារ គឺត្រូវធ្វើជាដំណាក់កាល វាធ្វើតាមគម្រោងគោលដៅទីផ្សារ ហើយប្រើយុទ្ធសាស្ត្រជាជំហានៗស្របទៅតាមគោលដៅដែលអ្នកចង់បាន។ ឥឡូវនេះ អ្នកមិនចាំបាច់ចេះធ្វើទីផ្សារដូចជាអ្នកជំនាញនោះទេ បើអ្នកចង់បានអ្វី អ្នកត្រូវរៀបគម្រោង ហើយតស៊ូរកវិធីសម្រេចគម្រោងនោះ។ ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រទីផ្សារសាមញ្ញមួយចំនួនដែលប្រហែលជាអាចជួយអ្នកបាន ៖
១. បង្កើតថ្នាក់បង្រៀនដោយមិនគិតថ្លៃ ឬគេហៅថា Free Workshop
ការបង្កើតកម្មវិធីសិក្សាដោយឥតគិតថ្លៃ ដែលទាក់ទងនិងផលិតផល ឬសេវាកម្មរបស់អ្នក គឺជាយុទ្ធសាស្ត្រដ៏ល្អមួយ។ ឧទាហរណ៍ថា អ្នកជាម្ចាស់អាជីវកម្មផ្តល់សេវាកម្មបង្កើតគេហទំព័រ អញ្ចឹងអ្នកអាចបើក workshop ដែលនិយាយអំពីគុណសម្បត្តិដែលម្ចាស់អាជីវកម្មគួរតែមានគេទំព័រផ្ទាល់ខ្លួន ឬអាចលើកយកប្រធានបទ យុទ្ធសាស្ត្រធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលជាដើម។ ឧទាហរណ៍មួយទៀត ប្រសិនបើអ្នកជាម្ចាស់ក្រុមហ៊ុនអចលទ្រព្វ អ្នកអាចបើក workshop បង្រៀនអំពីនិតិវិធីទិញ–លក់ដីធ្លី ឬប្រធានបទផ្សេងៗទៀតដែលអាចជាប្រយោជន៍ដល់អ្នកចូលរួម។ ទោះជាយ៉ាងណា មុននឹងអញ្ចើញអ្នកចូលរួម អ្នកគួរតែកំណត់គោលដៅនៃមនុស្សដែលអាចទិញ ឬត្រូវការផលិតផល និងសេវាកម្មរបស់អ្នក។ បើអ្នកលក់សាច់ជ្រូក អ្នកមិនត្រូវអញ្ចើញបងប្អូនឥស្លាម មកស្តាប់ការពពាយនាយលក់សាច់ជ្រូករបស់អ្នកបានទេ។
នៅពេលអ្នកមានមនុស្សចូលរួម វាគឺជាឱកាសក្នុងការផ្សាយពាណិជ្ជកម្មរបស់អ្នក ហើយខ្ញុំគិតថាអ្នកប្រហែលជាធ្លាប់ចូលរួម workshop ណាមួយពីមុនមក ទាំងលក់សំបុត្រ និងចូលរួមដោយឥតគិតថ្លៃ ដូច្នេះអ្នកប្រហែលជាបានឃើញថាពួកគេអនុវត្តន៍វិធីនេះដោយរបៀបណា។
២. ចូលរួមក្នុងសមាគមន៍ ឬក្លឹបនៃទីផ្សារដែលអ្នករកស៊ី ហើយភ្ជាប់បណ្តាញ
ការចូលរួមក្នុងសមាគមរកស៊ី មានប្រយោជន៍ច្រើន ហើយនេះជាមូលហេតុដែលគេបង្កើតសមាគមន៍នានាឡើង។ នៅពេលដែលមនុស្សនៅក្នុងសមាគមន៍នោះស្គាល់អ្នក ពួកគេអាចនឹងទៅរកអ្នកពេលដែលពួកគេត្រូវការផលិតផល ឬសេវាកម្មរបស់អ្នក ហើយពួកគេថែមទាំងអាចណែនាំដល់បងប្អូន ឬមិត្តភក្តិរបស់ពួកគេថែមទៀតផង។ បច្ចុប្បន្ននៅកម្ពុជា មានក្លឹបម្ចាស់អាជីវកម្មជាច្រើនត្រូវបានគេបង្កើតឡើងដើម្បីភ្ជាប់បណ្តាញគាំទ្រអាជីវកម្មរបស់ពួកគេ។ នៅពេលមានការប្រជុំក្នុងក្លឹបរបស់ពួកគេ តែងមានការផ្សាយ ឬណែនាំពីផលិតផល ឬសេវាកម្មនានារបស់ម្ចាស់អាជីវកម្មជាសមាជិក ហើយម្ចាស់អាជីវកម្មជាសមាជិកទាំងអស់ត្រូវបានគេលើកទឹកចិត្តឲ្យគាំទ្រគ្នាទៅវិញទៅមក ដោយផ្តល់ជូនតម្លៃពិសេស ឬប្រម៉ូសិនផ្សេងៗ។
៣. ឧបត្ថម្ភក្នុងកម្មវិធីសប្បុរសធម៌ផ្សេងៗ
យុទ្ធសាស្ត្រធ្វើទីផ្សារ ដោយប្រើសប្បុរសធម៌ជាខែល នៅតែមានប្រសិទ្ធភាពខ្លាំងនៅកម្ពុជា ខណៈមិនមែនត្រឹមតែស្ថាប័ននោះទេដែលប្រើវា តែបុគ្គលក៏ប្រើសប្បុរសធម៌ថតដាក់ Facebook ដើម្បីធ្វើទីផ្សារឲ្យមុខរបររកស៊ីរបស់ពួកគេផងដែរ។ និយាយអំពីប្រសិទ្ធភាពរបស់វាវិញ នៅពេលដែលអ្នកឧបត្ថម្ភនៅក្នុងកម្មវិធីណាមួយ ផ្ទាំងផ្សាយពាណិជ្ជកម្មរបស់អ្នក នឹងមានវត្តមាននៅទីនោះ ហើយអ្វីដែលពិសេស អ្នកចូលរួមនឹងមានអារម្មណ៍មួយដិតដាមលើយីហោរបស់អ្នក ជាងការផ្សាយពាណិជ្ជកម្មនៅតាមវិធីផ្សេង។ អ្នកអាចបង្ហោះរូបចំនួនពីរ រូបមួយជារូបរបស់អ្នកពេលដើរលេង ឯរូបមួយទៀតគឺជារូបអ្នកចែកអំណោយ តើរូបមួយណាដែលទទួលបានការចូលចិត្តច្រើនជាងគេ?
៤. លេងហ្គេមលើ Facebook
ការលេងហ្គេមចែករង្វាន់នៅលើ Facebook គឺជាវិធីសាស្ត្រធ្វើទីផ្សារសម័យថ្មី ដែលអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ឃើញ។ វាចំណាយអស់តិច តែផ្សាយឲ្យដល់មនុស្សបានច្រើន។ ការចែករង្វាន់នេះ ត្រូវបានគេបង្កើតលក្ខណមួយចំនួន ដូចជាឲ្យ Share Tag និង Like Page ជាដើម។
៥. សុំយោបល់កែលម្អពីអតិថិជន
នៅពេលដែលអ្នកទៅទិញទំនិញនៅហាងមួយ ហើយម្ចាស់ហាងបានសុំយោបល់កែលម្អពីអ្នក តើអ្នកនឹងមានអារម្មណ៍បែបណា? អ្នកប្រហែលជាមានអារម្មណ៍ស្និតស្នាល យកចិត្តទុកដាក់ និងចូលចិត្តទៅហាងនោះ។ យុទ្ធសាស្ត្រនេះ ប្រើចិត្តសាស្ត្រធ្វើទីផ្សារ ហើយវាជាប់ទាក់ទងនឹងសេវាកម្មអតិថិជន៕
