យុទ្ធសាស្ត្រអភិវឌ្ឍអាជីវកម្ម សម្រាប់អ្នករកស៊ីដំបូង

5018

ចំណុចមួយដែលសំខាន់បំផុត ក្នុងការពង្រីកអាជីវកម្មគឺ ធ្វើយ៉ាងណាអោយអតិថិជនទិញផលិតផល ឬសេវាកម្មរបស់អ្នកកាន់តែច្រើន។ ប៉ុន្តែអាស្រ័យដោយហេតុថា អ្នកទើបតែចាប់ផ្តើមមុខជំនួញមួយនេះ ការលក់ប្រាកដជាបញ្ហាដ៏លំបាកមួយ។ យុទ្ធសាស្ត្រក្នុងការពង្រីកអាជីវកម្ម គឺជាគន្លឹះដ៏សំខាន់មួយក្នុងការរក្សាអតិថិជនអោយបានយូរអង្វែង និងស្រូបយកអតិថិជនថ្មីបន្ថែម។

ការធ្វើអោយអាជីវកម្មមួយទៅមុខបាន មិនមែនត្រឹមតែមានទំនាក់ទំនង ទៅអ្នកទិញតាមទូរស័ព្ទ ឬផ្ញើរតាមអ៊ីមែលនោះទេ ប៉ុន្តែវាជាការធ្វើយ៉ាងណាអោយអតិថិជនយល់ពីអ្វី ដែលអ្នកចង់ផ្តល់អោយ និងបង្កើតនូវទំនុកចិត្តមួយដ៏រឹងមាំ ទៅវិញទៅមក។ ការស្វែងយល់ពីទីផ្សារ និងរបៀបនៃការទំនាក់ទំនងមនុស្ស អាចជួយអោយអ្នកផ្សព្វផ្សាយទំនិញ និងសេវារបស់អ្នកត្រូវគោលដៅ។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗ ក្នុងការពង្រីកអាជីវកម្មរបស់អ្នក៖

ផ្ទាំងឃោសនាពាណិជ្ជកម្ម

១. ត្រូវស្គាល់ពីភាពខុសគ្នារវាងការរីកចម្រើននៃអាជីវកម្ម និងការលក់

សូមកុំយល់ច្រលំថា អោយតែអ្នកបានបង្ហាញនូវផលិតផល ឬសេវាកម្មរបស់អ្នកទៅកាន់អតិថិជន នោះរាប់ថាជាការលក់។ តាមពិតគឺមិនមែនទេ អ្នកអភិឌ្ឍអាជីវកម្ម មិនមែនត្រឹមតែយកចិត្តទុកដាក់ទៅលើតែភាពជាដៃគូ ក្នុងការផ្តល់នូវប្រភពចំណូលទេ ប៉ុន្តែពួកគេក៏ត្រូវមានតួនាទីក្នុងការចែកចាយ និងធ្វើអោយផលិតផលមានភាពប្រសើរទៅមុខផងដែរ។ ការពង្រីកអាជីវកម្មរួមបញ្ចូលទាំង យុទ្ធសាស្ត្រធ្វើទីផ្សារ ការលក់ និងការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន។

២. ប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីយកចិត្តអតិថិជន

យើងត្រូវមានតិចនិកផ្សេងគ្នាក្នុងការទាក់ទងអតិថិជន ព្រោះប្រភេទនៃអតិថិជនទាំងអស់មិនដូចគ្នាទេ។ ក្នុងពេលបច្ចុប្បន្ននេះ ប្រព័ន្ធទំនាក់ទំនងសង្គម គឺជាវិធីដ៏ពេញនិយមមួយសម្រាប់អ្នកអភិវឌ្ឍអាជីវកម្ម។ សូមបង្កើតតារាងមួយ ដែលរៀបរាប់ពីមនុស្សដែលអ្នកត្រូវទាក់ទងទៅ  បន្ទាប់មកត្រូវផ្ញើជាការអញ្ជើញបែបផ្លូវការណ៍ណាមួយ ដោយភ្ជាប់ជាមួយនឹងព័ត៌មានលំអិត ដែលវាអាចជាការជួបជុំ ឬជប់លៀងប្រចាំឆ្នាំជាដើម។ ក្រោយមកត្រូវរក្សាទំនាក់ទំនងជាមួយពួកគេជានិច្ច។

៣.​ សួរសំនួរ សុំយោបល់ និងបកស្រាយរាល់មន្ទិលទាំងឡាយ

នៅពេលដែលអ្នកចង់បានអតិថិជនបន្ថែមកាន់តែច្រើន អ្នកត្រូវអានចំណុចមួយចំនួនដែលជាចំណុចសំខាន់ៗរបស់អ្នកឡើងវិញ ដើម្បីធ្វើអោយប្រាកដថា ក្រុមហ៊ុនរបស់អ្នកមានភាពច្បាស់លាស់ ហើយគោលដៅរបស់អ្នក និងអតិថិជនមានភាពស៊ីចង្វាក់គ្នា។ អ្នកត្រូវមានព័ត៌មាននៅក្នុងដៃមួយចំនួនទាក់ទននឹងអតិថិជនរបស់អ្នក ដើម្បីធានាថា ការផ្តល់នូវព័ត៌មានរបស់អ្នក នឹងឆ្លើយតបទៅគ្រប់ផ្នែកទាំងអស់។ សួរសំនួរពួកគេមួយចំនួន ដូចជា សួរពីបទពិសោធន៍នៃការប្រើប្រាស់ ផលិតផល ឬសេវាកម្មរបស់អ្នក។ អ្នកអាចសុំយោបល់ពួកគេ ដូចជា សួរពីអារម្មណ៍របស់ពួកគេ តើពួកគេចង់ឲ្យអ្នកកែប្រែ ឬបន្ថែមអ្វីដើម្បីធ្វើឲ្យផលិតផលរបស់អ្នកកាន់តែប្រសើរ និងជួបនូវការចង់បានរបស់ពួកគេ។ ពួកគេប្រហែលជាមានសំនួរសួរអ្នក ដូច្នេះហើយ ទើបអ្នកត្រូវត្រៀមព័ត៌មានទុកជាមុន ដើម្បីឆ្លើយតបជាមួយពួកគេ។

៤. តែងតែសុំការប្រឹក្សាផ្នែកច្បាប់

អ្នកត្រូវចាប់យកឱកាសអាជីវកម្ម និងបង្ការហានិភ័យរបស់វាដូចគ្នា។ អ្នកគួរតែមានអ្នកប្រឹក្សាច្បាប់មុនពេលចុះកិច្ចព្រមព្រៀងណាមួយ ដោយរាប់បញ្ចូលទាំងលក្ខខណ្ឌពាណិជ្ជកម្ម ដោយភ្ជាប់នឹងលក្ខខណ្ឌមួយចំនួនដែលអាចកើតឡើងនៅពេលអនាគត ដែលមិនអាចដឹងមុន។ បើអ្នកមិនបានគិតដល់ចំណុចនេះទេ វាអាចប៉ះពាល់ដល់ល្បឿនអភិវឌ្ឍន៍អាជីវកម្មរបស់អ្នក ប្រសិនបើមានបញ្ហាផ្នែកច្បាប់ណាមួយកើតឡើង។

៥. ត្រូវអត់ធ្មត់ ប៉ុន្តែរហ័សរហួន

ជាការពិតណាស់ គ្មានផែនការណាដែលជោគជ័យក្នុងរយៈពេលមួយថ្ងៃទេ ​ព្រោះវាជាគោលដៅក្នុងរយៈពេលវែង។ អ្វីដែលកាន់តែពិបាកជាងនេះទៅទៀត គឺការទាក់ទងជាមួយក្រុមហ៊ុនធំៗឲ្យព្រមទិញផលិតផល ឬសេវាកម្មរបស់អ្នក។ ប៉ុន្តែទោះជាយ៉ាងណា សូមកុំអោយកត្តាទាំងនោះរាំងស្ទះអ្នកអោយសោះ។ អ្នកត្រូវតែឆ្លើយរាល់សំណួរទាំងឡាយដែលគេឆ្ងល់ មុនពេលដែលការសម្រេចចិត្តចុងក្រោយកើតឡើង។ ម្យ៉ាងទៀតត្រូវតាមដានជាប់ជានិច្ចជាមួយនឹងអ្នកតំណាងរបស់អ្នក ឬអ្នកប្រឹក្សារបស់អ្នក។ ការបើកអាជីវកម្មថ្មីមួយគឺត្រូវការពេលវេលា ជាពិសេសសម្រាប់អ្នកទើបប្រឡូកថ្មី មិនដូចគ្នាទៅនឹងការទិញសិទ្ធអាជីវកម្មដែលល្បីស្រាប់មកបើកបន្តនោះទេ។

ការគ្រប់គ្រងអាជីវកម្មមួយអោយមានប្រសិទ្ធភាព គឺត្រូវតែត្រៀមខ្លួ​នឲ្យបានរួចរាល់ក្នុងការប្រឈមមុខនឹងការបដិសេធ ហើយនិងមិនបោះបង់ដោយងាយៗនោះឡើយ បើទោះបីជាមានបញ្ហាយ៉ាងណាក៏ដោយ។ ការរីកចម្រើននៃជំនួញ គឺមិនមែនត្រឹមតែជាការផ្តល់នូវចំណូលមកកាន់ក្រុមហ៊ុនទេ លើសពីនេះ គឺជាការផ្តល់នូវយុទ្ធសាស្ត្រក្នុងការរក្សាក្រុមហ៊ុនអោយមានស្ថេរភាពរីកចម្រើន។ អ្នកគ្រប់គ្រងជំនួញត្រូវមានតួនាទីជាចាំបាច់ក្នុងការស្វែងរកអតិថិជនគោលដៅ ស្វែងរកឱកាស និងអនុវត្តន៍គម្រោងអោយមានប្រសិទ្ធភាពបំផុត៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.