ជាធម្មតានៅពេលដែលម្ចាស់អាជីវកម្មមួយដែលរកស៉ីចូលហ៊ុនគ្នា តែងតែបែងចែកភាគលាភនៅចុងគ្រាណាមួយដែលបានសន្យាគ្នា និងបែងចែកប៉ុន្មានភាគរយនៃប្រាក់ចំណេញសុទ្ធសរុប។ ប៉ុន្តែមានម្ចាស់អាជីវកម្មបង្កើតថ្មីដែលរកស៉ីចូលហ៊ុនគ្នាជាច្រើននៅកម្ពុជា មិនទាន់បានយល់ពីរបៀបបែងចែកភាគលាភតាមវិធីត្រឹមត្រូវ និងតម្លាភាពនោះទេ ដែលនេះបានធ្វើឲ្យមានទំនាស់កើតឡើង។ 

ការបែងចែកភាគលាភសម្រាប់អាជីវកម្មខ្នាតតូចអាចបែងចែកជាពីររបៀប គឺតាមភាគរយ និងតាមចំនួនភាគហ៊ុន។ តាមពិតនិតិវិធីបែងចែកភាគលាភមានច្រើន និងវែងឆ្ងាយជាងអ្វីដែលយើងបានសរសេរក្នុងអត្ថបទនេះ ប៉ុន្តែជាដំបូងយើងចង់ឲ្យអ្នកទាំងអស់គ្នាយល់ពីចំណុចតូចៗទាំងនេះសិន ហើយយើងនឹងសរសេរបន្ថែមទៀតនៅអត្ថបទក្រោយៗ។ 

មុននឹងឈានដល់ការបែងចែកភាគលាភ អ្នកត្រូវដឹងចំណុចទាំងនេះសិន៖

  • ភាគលាភត្រូវបានបែងចែកជាសាច់លុយ (ពេលខ្លះអាចបែងចែកជាភាគហ៊ុន) ដូច្នេះវាមិនអាចបែងចែកដោយមើលលើប្រាក់ចំណេញសរុប (Net Profits) នោះទេ។ ឧទាហរណ៍ថា នៅក្នុងត្រីមាសទីមួយ អាជីវកម្មរបស់អ្នករកប្រាក់ចំណេញសរុបបាន $2,000 ហើយលុយសុទ្ធនៅក្នុងដៃអ្នកមានតែ $1,500 ប៉ុណ្នោះ  មានន័យថាបើអ្នកបែងចែកភាគលាភ 100% នៃប្រាក់ចំណេញសរុប អ្នកនឹងមិនមានលុយគ្រប់ $2,000 សម្រាប់ចែកឲ្យម្ចាស់ភាគហ៊ុននោះទេ។ ដូច្នេះទើបនៅក្នុងអាជីវកម្មគេបែងចែកភាគលាភភាគច្រើនត្រឹមក្រោម 50% ប៉ុណ្ណោះនៃប្រាក់ចំណេញសរុប ដោយសារតែពួកគេទុកលុយខ្លះដើម្បីប្រើប្រាស់ និងយកប្រាក់ចំណេញដែលនៅសល់ពីការបែងចែកភាគលាភទៅវិនិយោគបន្ថែម។ បើតម្រូវការប្រើប្រាស់លុយកាន់តែច្រើន ភាគលាភនឹងកាន់តែតិច ឬមិនចែកតែម្តង។ 
  • មុនពេលដែលបែងចែកភាគលាភ អ្នកត្រូវមើលថាអាជីវកម្មរបស់អ្នកត្រូវការពង្រីកបន្ថែមទៀតឬអត់។ បើត្រូវការពង្រីក វានឹងត្រូវការប្រើលុយ ហើយបើប្រើលុយអស់ច្រើន អ្នកមិនអាចដកលុយមកចែកចែកភាគលាភបានទេ។ 

ការបែងចែកភាគលាភតាមភាគរយ

ឧទាហរណ៍ថា អាជីវកម្មរបស់អ្នកមានគ្នា 4នាក់ជាម្ចាស់ភាគហ៊ុន ហើយមានភាគហ៊ុន 25%ស្មើគ្នា។ អ្នកសន្យាគ្នាថានឹងបែងចែកភាគលាភរយៈពេលបីខែម្តង និងចែក 40% នៃប្រាក់ចំណេញសរុប ហើយឧបមាថាវាគឺជាថ្ងៃនេះ។ ដូចឧទាហរណ៍ខាងលើ ថាអាជីវកម្មរបស់អ្នករកប្រាក់ចំណេញសរុបបាន $2,000 ដូច្នេះបើចែក 40% មានន័យថាដកលុយចំនួន $800 មកចែកគ្នា 4នាក់ ស្មើម្នាក់បាន $200។ 

ការបែងចែកភាគលាភតាមចំនួនភាគហ៊ុន

ឧទាហរណ៍ថាអាជីវកម្មរបស់អ្នកមានម្ចាស់ភាគហ៊ុន 4នាក់ ហើយភាគហ៊ុនសរុបមាន 1,000 ហ៊ុន និងអ្នកមានចំណែកម្នាក់ 25%ស្មើគ្នា ឬស្មើម្នាក់មាន 250 ភាគហ៊ុន។ ការសន្យាដូចឧទាហរណ៍ខាងលើ ហើយរកប្រាក់ចំណញសរុបបាន $2,000 ដូចគ្នា។ អ្នកសម្រេចបែងចែកភាគលាភមួយភាគហ៊ុន $0.8 មានន័យថាម្នាក់ៗមាន 250 ភាគហ៊ុន បានភាគលាភម្នាក់ $200 ($0.8 X 250)។ 

បើអ្នកមានអ្នកគណនេយ្យម្នាក់ធ្វើការឲ្យ ពួកគេនឹងពន្យល់អ្នកអំពីការបែងចែកភាគលាភនេះ ប៉ុន្តែយើងសង្ឃឹមថាអត្ថបទនេះនឹងមានប្រយោជន៍សម្រាប់អ្នកដែលទើបចាប់ផ្តើមរកស៉ីដំបូងហើយចូលហ៊ុនគ្នាជា Startups ជាពិសេសក្រុម Startups យុវជនដែលមិនទាន់បានរៀនជំនាញគណនេយ្យ៕

ចុចអាន៖ តើពាក្យចំណូល និងចំណេញ មានន័យដូចគ្នាដែររឺទេ?

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...