ភាពខុសគ្នារវាង “ភាគហ៊ុន” និង “សញ្ញាបណ្ណ”

5278

អ្នកវិនិយោគភាគច្រើនតែងលើកទឹកចិត្តឲ្យបែងចែកលុយវិនិយោគក្នុងភាគហ៊ុនខ្លះ និងសញ្ញាបណ្ណ ឬបណ្ណបំណុលខ្លះ ប៉ុន្តែតើការវិនិយោគទាំងពីរប្រភេទនេះខុសគ្នាបែបណា? ខាងក្រោមនេះ គឺជាចំណុចខុសគ្នារវាង ភាគហ៊ុន និងសញ្ញាបណ្ណ។

ភាគហ៊ុន មានន័យថាជាម្ចាស់កម្មសិទ្ធក្នុងក្រុមហ៊ុនដែលបោះលក់ភាគហ៊ុន ប៉ុន្តែសញ្ញាបណ្ណមានន័យថាជាម្ចាស់បំណុល

ផ្ទាំងឃោសនាពាណិជ្ជកម្ម

រវាងភាគហ៊ុន និងសញ្ញាបណ្ណ គឺតំណាងឲ្យមធ្យោបាយពីរផ្សេងគ្នារបស់ស្ថាប័នមួយ ក្នុងការបង្កើនដើមទុន ដើម្បីយកទៅពង្រីកអាជីវកម្មរបស់ពួកគេ។ នៅពេលក្រុមហ៊ុនមួយ បោះលក់ភាគហ៊ុន ក្រុមហ៊ុននោះនឹងលក់ចំណែកនៃកម្មសិទ្ធលើអាជីវកម្មរបស់ខ្លួន ជាថ្នូរនឹងការទទួលបានសាច់ប្រាក់។ នៅពេលក្រុមហ៊ុន ឬស្ថាប័នមួយបោះលក់សញ្ញាបណ្ណ មានន័យថាពួកគេនឹងបោះផ្សាយបំណុល ដោយមានកិច្ចសន្យាថានឹងបង់អត្រាការប្រាក់ដល់ម្ចាស់លុយ ដែលទិញបណ្ណបំណុលនោះពីពួកគេ ក្នុងរយៈពេលកំណត់ជាក់លាក់ណាមួយ។

នៅពេលអ្នកយកលុយទៅទិញភាគហ៊ុន មានន័យថាអ្នកទិញសិទ្ធជាម្ចាស់ក្នុងក្រុមហ៊ុននោះ ប៉ុន្តែនៅពេលអ្នកទិញសញ្ញាបណ្ណ មានន័យថាអ្នកគឺជាម្ចាស់បំណុលនៃក្រុមហ៊ុននោះ។ បើអ្នកជាម្ចាស់ភាគហ៊ុន នៅពេលក្រុមហ៊ុននោះខាត អ្នកក៏ចូលរួមខាតដែរ ប៉ុន្តែនៅពេលអ្នកជាម្ចាស់បណ្ណបំណុល មានន័យថាអ្នកចាំយកតែការប្រាក់ដែលក្រុមហ៊ុននោះសន្យាបង់ឲ្យអ្នកប៉ុណ្ណោះ ទោះក្រុមហ៊ុននោះយកលុយរបស់អ្នកទៅរកស៉ីខាតក៏ដោយ។

ឧទាហរណ៍ថា អ្នកយកលុយចំនួន $1.000 ទៅទិញសញ្ញាបណ្ណមួយដែលមានអត្រាគូប៉ុង 7% ក្នុងមួយឆ្នាំ ក្នុងរយៈពេលកំណត់ 3 ឆ្នាំ និងបង់ការប្រាក់កន្លះឆ្នាំម្តង។ ដូច្នេះរាល់រយៈពេល 6 ខែម្តង អ្នកនឹងទទួលបានការប្រាក់ចំនួន $35 ដែលស្មើនឹង $70 ក្នុងមួយឆ្នាំ រហូតដល់គ្រប់រយៈពេល 3 ឆ្នាំ។ នៅពេលដល់រយៈពេលកំណត់ អ្នកនឹងទទួលបានប្រាក់ដើម $1.000 មកវិញ  (លើកលែងតែក្នុងករណីដែលក្រុមហ៊ុននោះ គ្មានលទ្ធភាពបង់ឲ្យអ្នក)។

ភាគហ៊ុនមានហានិភ័យខ្ពស់ជាងសញ្ញាបណ្ណ ប៉ុន្តែក៏មានអត្រាចំណេញខ្ពស់ជាងសញ្ញាបណ្ណ។ សញ្ញាបណ្ណមានហានិភ័យទាបជាង តែក៏ទទួលបានអត្រាចំណេញតិចជាងភាគហ៊ុនដែរ។

បញ្ជាក់៖ ពាក្យថា “សញ្ញាបណ្ណ” “បណ្ណបំណុល” “បណ្ណខ្ចីប្រាក់” គឺមានន័យដូចគ្នា ដែលប្រែមកពីពាក្យអង់គ្លេស “Bond” ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។