ក្រុមហ៊ុន Uber រាយការណ៍ពីការខាតបង់ប្រមាណ $១ពាន់លាន ក្នុងមួយត្រីមាស

1801

អាមេរិច(រ៉យទ័រ)៖ ក្រុមហ៊ុន Uber Technologies Inc បានរាយការណ៍ពីការខាតបង់ចំនួន ១ ពាន់លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍ ដោយសារក្រុមហ៊ុននេះបានចំណាយច្រើនពេក លើការពង្រីកអាជីវកម្មដឹកជញ្ជូនអាហារ និងដឹកជញ្ជូនទំនិញរបស់ខ្លួន ខណៈប្រាក់ចំណូលបានកើនឡើងតែ ២០% ប៉ុណ្ណោះនៅក្នុងរបាយការណ៍ប្រចាំត្រីមាសទីមួយរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនសាធារណៈដែលទើបបោះលក់ភាគហ៊ុនថ្មីៗនេះ។

ប្រាក់ចំណូលរបស់ Uber មានចំនួន ៣,១ ពាន់លានដុល្លារ ផ្គូរផ្គងទៅនឹងការព្យាករណ៍សម្រាប់ត្រីមាសនេះ Uber បានព្យាករថាខ្លួននឹងខាតបង់ចំនួន ១ ពាន់លានដុល្លារ ទៅ ១,១១ ពាន់លានដុល្លារ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ភាគហ៊ុនរបស់ Uber កំពុងត្រូវបានគេជួញដូរក្រោមមតម្លៃ IPO ជាង ១០% ដែលមានតម្លៃ ៤៥ ដុល្លារក្នុងមួយភាគហ៊ុន ដែលនឹងធ្វើឲ្យនាយកប្រតិបត្តិរបស់ Uber លោក Khosrowshahi ត្រូវបញ្ចុះបញ្ចូលអ្នកវិនិយោគ ថាខ្លួននៅអាចរកប្រាក់ចំណេញបាន ដោយពឹងផ្អែកលើការលើកទឹកចិត្តដល់ភ្នាក់ងារដឹកជញ្ជូន និងការប្រកួតប្រជែងនៅក្នុងគ្រប់ផ្នែកទាំងអស់នៃអាជីវកម្មរបស់ខ្លួន ចាប់ពីអាជីវកម្មហៅតាក់ស៉ីដែលជាអាជីវកម្មស្នូលរបស់ខ្លួន ដល់អាជីវកម្មដឹកអាហារ និងដឹកជញ្ជូនទំនិញ។

ការចំណាយរបស់ Uber ក្នុងត្រីមាសនេះ បានកើនឡើងរហូតដល់ ៣៥% ក្នុងនោះចំណាយខ្លាំងទៅលើការរត់ការចូលផ្សារហ៊ុន។ ក្រុមហ៊ុន Uber បានឲ្យដឹងថា ខ្លួនមានអ្នកប្រើប្រាស់ប្រចាំខែចំនួន ៩៣ លាននាក់ ធៀបនឹងត្រីមាសទី ៤ ឆ្នាំមុន មានចំនួន ៩១ លាននាក់។ ក្នុងត្រីមាសទី ៤ ដដែល Uber ខាតអស់ចំនួន ៨៨៧ លានដុល្លារ ខណៈរកចំណូលបានចំនួន ២,៩៧ ពាន់លានដុល្លារ។

ត្រីមាសទីមួយ គិតពីដើមខែមករាដល់ចុងខែមីនា Uber ខាតអស់ចំនួន ១,០១ ពាន់លានដុល្លារ ឬស្មើនឹងខាត ២,២៦ ដុល្លារក្នុងមួយភាគហ៊ុន ខណៈកាលពីឆ្នាំមុន ក្រុមហ៊ុននេះរកប្រាក់ចំណេញបាន ៣,៧៥ ពាន់លានដុល្លារ ឬស្មើនឹងចំណេញ ១,៨៤ ដុល្លារក្នុងមួយភាគហ៊ុន។ គួររំលឹកផងដែរថា មូលហេតុដែលកាលពីឆ្នាំមុន Uber ចំណេញបានច្រើន ព្រោះតែក្រុមហ៊ុននេះលក់ប្រតិបត្តិការរបស់ខ្លួននៅទីផ្សារអាស៉ីអាគ្នេយ៍ទៅឲ្យក្រុមហ៊ុន Grab និងទីផ្សាររុស្សីទៅឲ្យក្រុមហ៊ុន Yandex ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។