ចាប់តាំងពីដើមឆ្នាំមក លោក Elon Musk ខាតប្រាក់អស់ចំនួន ៤,៩ពាន់លានដុល្លារ លើក្រុមហ៊ុន Tesla

2195

US(Bloomberg)៖ ឆ្នាំ ២០១៩ គឺជាឆ្នាំដែលភាគហ៊ុនរបស់ក្រុមហ៊ុន Tesla Inc ធ្លាក់ចុះបំផុតមិនធ្លាប់មាន ហើយមេដឹកនាំក្រុមហ៊ុននេះ គឺលោក Elon Musk កំពុងខាតប្រាក់ច្រើនបំផុតលើ Tesla ។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះចំនួន ៤៣% នៅឆ្នាំនេះ ខណៈចាប់តាំងពីថ្ងៃទី ១៧ ខែមករាដើមឆ្នាំនេះ វាបានបន្តធ្លាក់ចុះដល់ ៤៦% ធ្វើឲ្យលោក Elon Musk ខាតប្រាក់ចំនួន ៤,៩ ពាន់លានដុល្លារ ខណៈមានការសង្ស័យអំពីតម្រូវការរបស់អតិថិជន លើរថយន្តអគ្គិសនីរបស់ក្រុមហ៊ុននេះ។ លោក Musk មានអាយុ ៤៧ ឆ្នាំ ឥឡូវនេះកំពុងជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីពិភពលោកលេខរៀងទី ៤៦ នៅលើសន្ទស្សន៍មហាសេដ្ឋី Bloomberg ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១៩,៧ ពាន់លានដុល្លារ ធ្លាក់ចុះពីចំណាត់ថ្នាក់លេខ ២៩ ចាប់ពីដើមឆ្នាំ ២០១៩ នេះ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ម្ចាស់ភាគហ៊ុនធំទាំង ៤ របស់ Tesla បានខាតប្រាក់សរុបចំនួន ៧,៨ ពាន់លានដុល្លារ ដែលក្នុងនោះមានលោក Musk លោក Larry Ellison ក្រុមហ៊ុន Tencent និងមូលនិធិវិនិយោគរបស់អារ៉ាប៊ីសាអ៊ូឌីត(PIF) ខណៈគ្រាន់តែក្នុងខែឧសភាកន្លងទៅ ពួកគេខាតអស់ចំនួន ២,៧ ពាន់លានដុល្លារអាមេរិច។

លោក Ellison ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Oracle Corp គឺជាមិត្តដ៏ស្ម័គ្រស្មោះរបស់លោក Musk ដោយបានទិញភាគហ៊ុនចំនួន ៣ លានហ៊ុនពី Tesla កាលពីឆ្នាំមុន និងបានចូលរួមធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla កាលពីខែធ្នូឆ្នាំមុន។

ធនាគារ JPMorgan Chase & Co. ក៏ប្រហែលជាត្រូវរងការខាតបង់ដែរ។ យោងតាមកាសែត Financial Times បានឱ្យដឹងថា មូលនិធិវិនិយោគទុនសាធារណៈរបស់អារ៉ាប៊ីសាអ៊ូឌីត PIF មានភាគហ៊ុនប្រហែល ៥% ក្នុងក្រុមហ៊ុន Tesla ប៉ុន្តែមូលនិធិនេះបានការពារហានិភ័យលើភាគហ៊ុនរបស់ខ្លួន តាមរយៈការរៀបចំជាមួយធនាគារ JPMorgan កាលពីខែមករាដើមឆ្នាំនេះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។