សៀវភៅ ៣ ក្បាលដែលសហគ្រិនគួរអានក្នុងឆ្នាំ ២០១៩

2690

សៀវភៅ គឺជាប្រភពនៃចំណេះដឹងដ៏មានតម្លៃ ហើយប្រភេទនៃសៀវភៅដែលអ្នកជ្រើសរើសសម្រាប់អាន វាអាចជះឥទ្ធិពលក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នក ធ្វើឱ្យអ្នកក្លាយជាមនុស្សសកម្ម និងវាងវៃជាងមុនផងដែរ។ ប្រសិនបើអ្នកចង់ក្លាយជាសហគ្រិនម្នាក់ដ៏មានឥទ្ធិពលក្នុងពិភពជំនួញ ខាងក្រោយនេះគឺជាសៀវភៅ ៣ ក្បាលដែលជួយអភិវឌ្ឍន៍ខ្លួនអ្នក និងធ្វើឲ្យវិថីនៃជីវិតរបស់អ្នកកាន់តែប្រសើរនៅក្នុងសង្គម៖

១​​. សៀវភៅ The 5 AM Club: និពន្ធដោយលោក Robin Sharma

ផ្ទាំងឃោសនាពាណិជ្ជកម្ម

សៀវភៅនេះត្រូវបានសរសេរដោយអ្នកជំនាញខាងភាពជាអ្នកដឹកនាំ គឺលោក Robin Sharma។ សៀវភៅ 5 AM Club នឹងនាំអ្នកទៅស្វែងយល់ពីទម្លាប់ដែលអ្នកជំនួញ ថ្នាក់ដឹកនាំ និងបុគ្គលជោគជ័យជាច្រើនទៀតនៅលើពិភពលោកតែងតែធ្វើជារៀងរាល់ព្រឹក។ លើសពីនេះទៅទៀត សៀវភៅនេះក៏បានបង្ហាញពីវិធីសាស្ត្រក្នុងការផ្លាស់ប្តូរនូវទម្លាប់ដែលមិនចង់ក្រោកពីព្រលឹម ដោយជម្រុញឲ្យអ្នកចង់ក្រោកពីព្រឹក និងផ្តោតអារម្មណ៍ថាតើអ្នកគួរធ្វើអ្វីក្នុងពេលព្រឹកព្រលឹមដ៏មានតម្លៃនេះ។ ប្រសិនបើអ្នកជាសហគ្រិនដែលតែងតែក្រោកពីព្រលឹមនោះ សៀវភៅ The 5 AM Club នឹងនាំអ្នកដើរឆ្លងនូវពេលព្រឹកប្រលឹមដ៏មានតម្លៃ ឲ្យកាន់តែមានប្រសិទ្ធភាពដោយមិនឲ្យអ្នកខ្ជះខ្ជាយពេលវេលាពេលព្រឹករបស់អ្នកនោះទេ។ វិធីសាស្ត្រ ២០/២០/២០ នៅក្នុងសៀវភៅនេះ នឹងអាចធ្វើឲ្យពេលវេលាពេលព្រឹករបស់អ្នកកាន់តែប្រសើរជាងមុន។

២. សៀវភៅ Who Moved My Cheese? និពន្ធដោយលោក Spencer Johnson

សៀវភៅ “Who Moved My Cheese?” គឺជាសៀវភៅដែលបានបង្ហាញពីមេរៀនដ៏មានតម្លៃសម្រាប់ការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៅក្នុងជីវិតប្រចាំថ្ងៃ និងជីវិតការងារ។ ភាពជាសហគ្រិន មិនគួរមានការភ័យខ្លាចចំពោះការផ្លាស់ប្តូរនោះទេ តែត្រូវចេះសម្របខ្លួនចំពោះការផ្លាស់ប្តូរទាំងឡាយដែលអាចកើតមានឡើងក្នុជីវិត។ តាមរយៈជីវិតរបស់តួអង្គ ៤ នាក់ គឺ Scurry, Sciff, Hem និង Haw ក្នុងរៀវភៅ Who Moved My Cheese?, បានបង្ហាញថា បុគ្គលដែលអាចសម្របខ្លួនទៅតាមការផ្លាស់ប្តូរទាំងឡាយដែលកើតមានក្នុងជីវិត គឺតែងតែឈានមុខគេជានិច្ច។ សៀវភៅនេះមានត្រឹមតែ ១០០ ទំព័រតែប៉ុណ្ណោះ។

៣. សៀវភៅ The Happiness Project និពន្ធដោយលោក Gretchen Robin

សៀវភៅ The Happiness Project គឺជាដំណើរឆ្ពោះទៅរកភាពរីករាយដែលអ្នកនិពន្ធចង់ចែករំលែកទៅកាន់អ្នកអាន។ សៀវភៅនេះនឹងជួញឲ្យអ្នកអាចស្វែងរកថាតើអ្នកជានរណា ហើយអ្វីដែលធ្វើឱ្យអ្នកសប្បាយរីករាយយ៉ាងពិតប្រាកដ។ ការស្គាល់ខ្លួនឯងច្បាស់ គឺពិតជាមានសារ:សំខាន់ណាស់ចំពោះមនុស្សម្នាក់ៗ ដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែមានភាពប្រសើរឡើង។ មួយវិញទៀតសៀវភៅនេះក៏អាចជួយឲ្យអ្នកស្វែងរកឃើញនូវភាពខ្លាំង និងភាពខ្សោយដែលអ្នកមិនដែលបានចាប់អារម្មណ៍តាំងពីមុនមក។ ដូច្នេះប្រសិនបើអ្នកចង់ក្លាយជាសហគ្រិនដ៏ជោគជ័យម្នាក់ សៀវភៅនេះអាចជួយអ្នកកំណត់អត្តសញ្ញាណខ្លួនឯង និងចំណង់ចំណូលចិត្តរបស់អ្នកក្នុងការឈានទៅរកវិថីនៃភាពជោគជ័យជាអ្នកជំនួញ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។