App ស្វែងរកសណ្ឋាគារតម្លៃថោក FabHotels របស់ឥណ្ឌា ទើបទទួលបានទុនថ្មីចំនួន $៧,៧លាន

2268

យីហោសណ្ឋាគារតម្លៃថោក FabHotels ទើបទទួលបានទុនចំនួន ៧,៧ លានដុល្លារអាមេរិច ក្នុងយុទ្ធនាការប្រមូលទុនជុំទី B1 (Series B1 Funding Round) ពីក្រុមហ៊ុន Goldman Sachs, Qualcomm និង Accel Partner ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌា។

FabHotels ប្រសិនបើប្រៀបនៅក្នុងទីផ្សារសកល វាមានគម្រុូអាជីវកម្មស្រដៀងក្រុមហ៊ុនរបស់ចិន Home Inn និង China Lodging ដែលក្រុមហ៊ុនចិនទាំងពីរនេះត្រូវបានគេវាយតម្លៃថាមានតម្លៃរាប់ពាន់លានដុល្លារអាមេរិចឯណោះ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

FabHotels ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយលោក Vaibhav Aggarwar ហើយអាជីវកម្មនេះកំពុងរកស៉ីក្នុងគម្រូអាជីវកម្មលក់សិទ្ធអាជីវកម្ម (franchise) ក្នុងគោលដៅបម្រើសេវាកម្មសណ្ឋាគារប្រកបដោយភាពស្តង់ដារ។ ក្រុមហ៊ុននេះបានបង្កើតប្រព័ន្ធគ្រប់គ្រងសណ្ឋាគារស្តង់ដារមួយ សម្រាប់លក់ទៅឲ្យអ្នកដែលចាប់អារម្មណ៍ទិញសិទ្ធបើកអាជីវកម្មបន្ត ហើយ FabHotels ក៏មាន App ស្វែងសម្រាប់ឲ្យអតិថិជនងាយស្រួលស្វែងរកសណ្ឋាគារដែលនៅជិតពួកគេ និងអាចកក់បន្ទប់ស្នាក់នៅបានយ៉ាងឆាប់រហ័សផងដែរ។ តាមពិតទៅ គោលដៅធំគឺ App កក់បន្ទប់សណ្ឋាគារ ប៉ុន្តែដើម្បីធានាស្តង់ដារឲ្យភ្ញៀវ FabHotels ត្រូវបង្កើតយីហោសណ្ឋាគារដើម្បីលក់ franchise ទើបអាចធ្វើឲ្យអតិថិជនមានទំនុកចិត្ត និងដើម្បីជម្រុញឲ្យ App របស់ខ្លួនមានប្រជាប្រិយភាព។ ម៉្យាងវិញទៀត ប្រសិនបើបើកសណ្ឋាគារខ្លួនឯង វានឹងត្រូវការដើមទុនដ៏ច្រើន មានតែលក់សិទ្ធអាជីវកម្មទេគឺជាវិធីល្អបំផុតដើម្បីគ្រប់គ្រងទីផ្សារបានលឿន។

FabHotels អះអាងថា បច្ចុប្បន្ន សណ្ឋាគារដែលប្រើយីហោរបស់ខ្លួនមានច្រើនជាង ៥០០ នៅក្នុងទីក្រុងជិត ៥០ ក្នុងប្រទេសឥណ្ឌា ខណៈ App របស់ខ្លួនមានអ្នកទាញយកច្រើនជាង ១ លាននាក់។ គូប្រជែងធំរបស់ FabHotels គឺក្រុមហ៊ុនឥណ្ឌា OYO និង Treebo ។

ទុនថ្មីនេះនឹងជួយ FabHotels ពង្រីកទីផ្សារ និងពង្រឹងយីហោរបស់ខ្លួននៅទូទាំងប្រទេសឥណ្ឌា។ ចាប់តាំងពីដំណើរការមក ក្រុមហ៊ុននេះទទួលបានទុនវិនិយោគសរុបចំនួន ៣៥.៣ លានដុល្លារអាមេរិច ហើយគ្រាន់តែក្នុងឆ្នាំ ២០១៧ មួយ FabHotels ទទួលបានទុនចំនួន ២៥ លានដុល្លារ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។