កូរ៉េមានគម្រោងសហប្រតិបត្តិការលើវិស័យបរិស្ថាន និងវិនិយោគនៅខេត្តព្រះសីហនុ

2580

ភ្នំពេញ(AKP)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក Kun Kilee ប្រធានសមាគមសំណង់ និង វិស្វកម្មកូរ៉េ អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង កាលពីថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនានោះបានផ្តោតជាសំខាន់ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងសាធារណរដ្ឋកូរ៉េ និង ព្រះរាជាណាចក្រកម្ពុជាលើផ្នែកវិស្វកម្ម និងសំណង់ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ កំពង់ផែ ផ្លូវរថភ្លើង និងព្រលានយន្តហោះផងដែរ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ប្រភពខាងលើឱ្យដឹងបន្តថា នាឱកាសនោះលោក Kun Kilee បានចាប់អារម្មណ៍លើការពង្រឹងកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងបរិស្ថាននៅកម្ពុជា ជាពិសេសគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទូរគមនាគមន៍នៅក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ច និងទេសចរណ៍យ៉ាងសំខាន់របស់កម្ពុជា ហើយខេត្តនេះកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាប្រចាំ ក្នុងនោះមានបណ្តាប្រទេសផ្សេងៗជាច្រើនបានចូលរួមវិនិយោគ ហើយក្នុងនោះក៏បានគាំទ្រក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនានាក្នុងការចូលរួម និងជំរុញការអភិវឌ្ឍនៅប្រទេសកម្ពុជា ជាពិសេសការលើកកម្ពស់វិស័យបរិស្ថាន៕

ដោយ ពេជ្រ ណារិទ្ធ

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។