ក្រុមហ៊ុន BMW និង Jaguar Land Rover សហការគ្នាអភិវឌ្ឍរថយន្តអគ្គិសនី

2323

អាឡឺម៉ង់(រ៉យទ័រ)៖ ក្រុមហ៊ុនផលិតរថយន្ត BMW និងក្រុមហ៊ុន Jaguar Land Rover បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងរួមគ្នាអភិវឌ្ឍន៍រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយលើការផលិតរថយន្តអគ្គិសនី។

ក្រុមហ៊ុនផលិតរថយន្តទាំងពីរនេះ កំពុងស្ថិតក្រោមសម្ពាធផលិតរថយន្តដែលគ្មានការបំពុលបរិស្ថាន ដើម្បីឆ្លើយតបនឹងច្បាប់ប្រឆាំងការបំពុលបរិស្ថានយ៉ាងតឹងរ៉ឹង ប៉ុន្តែក៏បានព្យាយាមរក្សាប្រាក់ចំណេញរបស់ខ្លួនផងដែរ ខណៈប្រឈមនឹងការចំណាយលើការផលិតរថយន្តអគ្គិសនី និងរថយន្តស្វ័យបើកបរ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BMW លោក Klaus Froehlich បាននិយាយថា “រួមគ្នា យើងមានឱកាសដើម្បីបំពេញតម្រូវការអតិថិជនឱ្យកាន់តែមានប្រសិទ្ធភាពដោយកាត់បន្ថយពេលវេលានៃការអភិវឌ្ឍ និងនាំយករថយន្ត និងបច្ចេកវិទ្យាទំនើបបំផុតទៅកាន់ទីផ្សារ។”

ក្រុមហ៊ុន BMW និងក្រុមហ៊ុន Jaguar Land Rover បាននិយាយថា ពួកគេនឹងសន្សំសំចៃថ្លៃចំណាយតាមរយៈការអភិវឌ្ឍន៍រួមផែនការផលិតកម្ម និងការទិញគ្រឿងបន្លាស់រថយន្តអគ្គិសនី។ ក្រុមហ៊ុនរថយន្តទាំងពីរនេះ នឹងផលិតគ្រឿងបង្គុំបំពាក់លើរថយន្តអគ្គិសនីនៅកន្លែងផលិតរៀងខ្លួន។

លោក Nick Rogers នាយកវិស្វកម្មរបស់ក្រុមហ៊ុន Jaguar Land Rover បាននិយាយថា “យើងបានបង្ហាញថាយើងអាចផលិតរថយន្តអគ្គីសនីសម្រាប់វាយលុកទីផ្សារ ប៉ុន្តែឥឡូវនេះយើងត្រូវការពង្រីកបច្ចេកវិទ្យាដើម្បីគាំទ្រផលិតផលជំនាន់ Jaguar និង Land Rover ជំនាន់ក្រោយសិន”។

ក្រុមហ៊ុន BMW ធ្លាប់បានចរចាជាមួយក្រុមហ៊ុន Daimler អំពីគម្រោងផលិតគ្រឿងបន្លាស់រថយន្តអគ្គិសនី ប៉ុន្តែក៏មានការពិភាក្សាគ្នាជាមួយក្រុមហ៊ុន Jaguar Land Rover ផងដែរ។

ក្រុមហ៊ុន Jaguar Land Rover នៅតែដឹកនាំដោយអតីតអ្នកចាត់ការរបស់ក្រុមហ៊ុន BMW លោក Ralf Speth ដែលបានឡើងជានាយកប្រតិបត្តិរយៈពេល ២០ ឆ្នាំនៅក្រុមហ៊ុន BMW មុនពេលលោកមកចូលរួមជាមួយ Jaguar Land Rover ខណៈលោក Wolfgang Ziebart វិស្វករដែលបានរចនារថយន្តអគ្គិសនី iPace របស់ Jaguar គឺជាអតីតសមាជិកក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវលើការអភិវឌ្ឍរថយន្ត BMW។

ក្រុមហ៊ុន BMW បានចុះកិច្ចព្រមព្រៀងមួយដើម្បីផ្គត់ផ្គង់ស៉ីឡាំងម៉ាស៊ីន ៨ ដល់ក្រុមហ៊ុន Jaguar Land Rover ។

ក្រុមហ៊ុន Jaguar Land Rover បាននិយាយថា ខ្លួននឹងប្រឹងប្រែងទ្វេដងដើម្បីកាត់បន្ថយការចំណាយ បន្ទាប់ពីខ្លួនបានបង្ហាញពីការខាតបង់ចំនួន ៤ ពាន់លានដុល្លារកាលពីដើមឆ្នាំនេះ ដែលបណ្តាលមកពីការធ្លាក់ចុះនៃតម្រូវការរថយន្តស្ព័រនៅក្នុងប្រទេសចិន និងការទប់ស្កាត់ការបំភាយឧស្ម័ន។

ក្រុមហ៊ុន BMW បានទិញក្រុមហ៊ុន Rover  Group របស់ចក្រភពអង់គ្លេសដែលគ្រប់គ្រងម៉ាកយីហោ Jaguar និង Land Rover ក្នុងតម្លៃត្រឹមតែ ៨០០ លានផោនក្នុងឆ្នាំ ១៩៩៤ ហើយបានលក់ក្រុមហ៊ុន Jaguar Land Rover ទៅឲ្យក្រុមហ៊ុន Ford ក្នុងខែមីនាឆ្នាំ ២០០០ ក្នុងតម្លៃ ២,៧ ពាន់លានដុល្លារ។ រហូតមកដល់ឆ្នាំ ២០០៨ ក្រុមហ៊ុន Tata Group របស់ឥណ្ឌា បានទិញយកក្រុមហ៊ុន Jaguar និង Land Rover ពីក្រុមហ៊ុន Ford វិញ ក្នុងតម្លៃ ២,៣ ពាន់លានដុល្លារអាមេរិច៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។