ដោយសារសង្គ្រាមពាណិជ្ជកម្ម, IMF ទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចចិន ពី ៦,៣% មកត្រឹម ៦,២% វិញ

2318

ប៉េកាំង(រ៉យទ័រ)៖ មូលនិធិរូបិយវត្ថុអន្ដរជាតិ ឬហៅកាត់ថា IMF កាលពីថ្ងៃពុធបានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ ២០១៩ លើប្រទេសចិនមកនៅត្រឹម ៦,២% វិញដោយសារតែភាពមិនប្រាកដប្រជាដែលកើតមានឡើងជុំវិញជម្លោះពាណិជ្ជកម្ម ខណៈកាលពីពីរខែមុន IMF បានតម្លើងការព្យាករកំណើនសេដ្ឋកិច្ចប្រទេសចិនដល់ចំនួន ៦,៣%។

ភាពតានតឹងពាណិជ្ជកម្មរវាងចិន-អាមេរិចបានកើតឡើងភ្លាមៗ ខណៈកាលពីខែមុន ប្រទេសចិនបានទទួលរងហានិភ័យពីការតម្លើងពន្ធគយលើទំនិញរបស់ចិនតម្លៃរាប់សិបពាន់លានដុល្លារ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានទារពន្ធគយខ្ពស់ជាងមុនលើការនាំចូលទំនិញពីចិនសរុបចំនួន ២៥០ ពាន់លានដុល្លារចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៨ មក ដោយចោទប្រកាន់ប្រទេសចិនអំពីការផ្ទេរបច្ចេកវិទ្យាដោយមានការបង្ខំ និងការលួចកម្មសិទ្ធបញ្ញា។ ប្រទេសចិនបានបដិសេធការចោទប្រកាន់នេះ ហើយបានសងសឹកវិញដោយតម្លើងពន្ធលើទំនិញតម្លៃប្រហែល ១១០ ពាន់លានដុល្លារដែលនាំចូលពីអាមេរិច។

លោក David Lipton អនុប្រធានគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានមានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “កំណើនលូតលាស់ត្រូវបានគេរំពឹងថានឹងស្ថិតក្នុងរង្វង់ ៦,២% និង ៦,០% ក្នុងឆ្នាំ ២០១៩ និង ២០២០។ ទស្សនវិស័យរយៈពេលខ្លីនៅតែមិនមានភាពប្រាកដប្រជា ជាពិសេសដោយសារឥទ្ធិពលនៃភាពតានតឹងពាណិជ្ជកម្មនៅថ្ងៃខាងមុខ។”

ថ្មីៗនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមកំហែងបន្ថែមពន្ធរហូតដល់ ២៥% ទៀតលើទំនិញនាំចូលពីប្រទេសចិនដែលមានតម្លៃប្រហែល ៣០០ ពាន់លានដុល្លារ។

សង្រ្គាមពាណិជ្ជកម្មបានធ្វើឱ្យមានសង្វាក់ផ្គត់ផ្គង់សកលលោករងការខូចខាត។ សេដ្ឋវិទូនិយាយថាព ន្ធគយនឹងទប់ស្កាត់ការលូតលាស់របស់សហរដ្ឋអាមេរិក និងចិន ហើយទីផ្សារហិរញ្ញវត្ថុដែលរងជម្លោះដ៏អូសបន្លាយមួយនេះ អាចជម្រុញឥ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។

លោក Lipton បានថ្លែងបន្តថា: «គោលនយោបាយជំរុញសេដ្ឋកិច្ចដែលបានប្រកាសរហូតមកដល់ពេលនេះ គឺគ្រប់គ្រាន់ដើម្បីរក្សាស្ថិរភាពកំណើននៅឆ្នាំ ២០១៩-២០២០ ទោះបីជាមានការដំឡើងពន្ធរបស់អាមេរិកនាពេលថ្មីៗនេះក៏ដោយ»៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។