ចង់ធ្វើជាអ្នកមាន ត្រូវគិតឱ្យដូចអ្នកមាន

2859

តាមការសិក្សា និងបានធ្វើការងារជាមួយអ្នកមានអស់រយៈពីរឆ្នាំរបស់លោក Keith Cameron Smith ដែលជាអ្នកនិពន្ធសៀវភៅ “The Top 10 Distinctions Between Millionaires & the Middle Class” បានកត់សម្គាល់ឃើញថា លទ្ធភាពក្នុងការរកចំណូលរបស់មនុស្សមិនមែនចាប់ផ្តើមពីការងារនោះទេ ប៉ុន្តែវាកើតឡើងពីផ្នត់គំនិត និងឥរិយាបថរបស់ពួកគេ។ ដូច្នេះ ប្រសិនបើអ្នកចង់ឱ្យខ្លួនឯងក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម អ្នកគួរបដិបត្តិផ្នត់គំនិតទាំង ៤ នេះ របស់អ្នកមាន៖

១/ អ្នកមាន ឬសេដ្ឋី មានការគិតរយៈពេលវែង

ចំណុចដំបូងដែលគេសង្កេតឃើញចំពោះអ្នកមាន គឺពួកគេមិនមែនគិតត្រឹមតែរឿងនៅក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះទេ។ ពួកគេចូលចិត្តសញ្ចឹងមើលពីអ្វីដែលនឹងអាចកើតមានឡើងនាពេលអនាគត ឬការគិតរយៈពេលវែង។ និយាយឱ្យចំ គឺជាការកំណត់គោលដៅដែលមិនមែនត្រឹមតែមួយខែ ពីរខែ តែគឺពី ៥ ទៅ ១៥ ឆ្នាំ ឬច្រើនជាងនេះ។ យោងតាមលោក Smith បើអ្នកអាចបង្កើនការគិតរបស់អ្នកទៅកាន់អនាគតបានវែងប៉ុណ្ណា អ្នកនឹងកាន់តែមានបានប៉ុណ្ណោះ។ នេះក៏ព្រោះគោលដៅរយៈពេលវែងដាក់សម្ពាធអ្នកឱ្យគិតពីសំណួរដែលទាមទារការត្រឹះរឹះពិចារណាខ្លាំងដូចជា តើអ្នកនឹងធ្វើយ៉ាងទើបអាចរកចំណូលបានទ្វេរដងក្នុងឆ្នាំនេះ? ជាជាងសំណួរដែលថា តើអ្នកនឹងមានប្រាក់ចាយគ្រប់ទេក្នុងឆ្នាំនេះ? ម្យ៉ាងវិញទៀត លោក Smith ក៏បានរកឃើញថា សេដ្ឋីមានឆន្ទៈលះបង់ការសប្បាយរយៈពេលខ្លីដើម្បីសម្រេចផែនការដេញតាមសេរីភាពហិរញ្ញវត្ថុរយៈពេលវែង។

២/ អ្នកមានមិនខ្លាចការផ្លាស់ប្តូរ
ផ្ទាំងឃោសនាពាណិជ្ជកម្ម

ទោះបីជាមានទំហំតូច ឬធំ ការផ្លាស់ប្តូរអាចបង្កើតការភ័យខ្លាច។ ខណៈពេលដែលអ្នកក្រ និងអ្នកមធ្យមមានទំនោរខ្លាចការផ្លាស់ប្តូរ អ្នកមាន និងសេដ្ឋីមើលឃើញការផ្លាស់ប្តូរថាជាឱកាស នេះបើតាមការលើកឡើងរបស់លោក Smith។ លោកបានបន្ថែមថា បញ្ហារបស់អ្នកមធ្យមគឺពួកគេចូលចិត្តសន្និដ្ឋានថាការផ្លាស់ប្តូរភាគច្រើននឹងតែងតែនាំមកនូវផលអវិជ្ជមាន។ ប៉ុន្តែសម្រាប់អ្នកមានវិញ រាល់ការផ្លាស់ប្តូរនឹងផ្តល់ផលចំណេញ។ លើសពីនេះទៀត ការរៀនទទួលយកការផ្លាស់ប្តូរនិងភាពរីកចម្រើនដែលមកជាមួយវានឹងបន្ថែមទំនុកចិត្តដល់អ្នក។

៣/ អ្នកមានមិនដែលឈប់រៀន

លោក Smith ដដែលបាននិយាយថា នៅពេលដើរចូលដល់ក្នុងផ្ទះរបស់អ្នកមាន អ្នកនឹងមើលឃើញថាពួកគេមានបន្ទប់រៀនដែលពោរពេញដោយសៀវភៅដូចជាបណ្ណាល័យមួយអញ្ចឹង ហើយនេះពីព្រោះតែពួកគេដឹងច្បាស់ថាការរៀនគឺមិនទាន់ចប់នៅឡើយទេ បើទោះបីជាចាកចេញពីសាលាក៏ដោយ។ Smith បន្តថា ភាពជោគជ័យគឺជាដំណើរការមួយ។ ប្រសិនបើមួយភាគនៃចំណូលទាំងអស់របស់អ្នកមិនបានចំណាយទៅរកការអប់រំផ្នែកហិរញ្ញវត្ថុទេ អ្នកនឹងនៅក្នុងអន្ទាក់ខ្វះខាតដូចជាអ្នកក្រ និងអ្នកមធ្យមដែរ។ តែបើអ្នកចំណាយប្រាក់ទៅលើចំណេះដឹងហិរញ្ញវត្ថច្រើនប៉ុណ្ណា អ្នកនឹងអាចរកប្រាក់បានច្រើនបែបនោះដូចគ្នា។

៤/ អ្នកមានចេះសួរខ្លួនឯងនូវសំណួរដែលលើកទឹកចិត្តដល់ពួកគេ

លក្ខណៈខុសប្លែកគ្នាបំផុតទីមួយរវាងសេដ្ឋី និងអ្នកមធ្យម គឺជារបៀបដែលពួកគេបង្ហាញពត៌មានចំពោះខ្លួនឯង។ សេដ្ឋីច្រើនសួរខ្លួនឯងថា “តើខ្ញុំអាចរកប្រាក់ឱ្យបាន ១ លានដុល្លារក្នុងពេលមួយឆ្នាំតាមរយៈការងារដែលខ្ញុំស្រលាញ់ដោយវិធីណា?” ខណៈពេលអ្នកមធ្យមសួរខ្លួនឯងថា “តើខ្ញុំអាចឱ្យថៅកែរបស់ខ្ញុំតម្លើងប្រាក់ខែដល់ខ្ញុំបានយ៉ាងមិច?”

សំណួរបែបបញ្ឆេះការគិត ឬបង្កើនទំនុកចិត្តដល់ខ្លួនឯង នឹងរុញច្រានអ្នកឱ្យឈានទៅដល់សក្តានុពលដ៏ពេញលេញរបស់អ្នក ហើយវាក៏កំណត់លទ្ធផលដែលអ្នកនឹងទទួលបានក្នុងជីវិតផងដែរ។ អ្នកមាន និយមការច្នៃប្រឌិតច្រើនជាងការបញ្ចេញប្រតិកម្មតបតរហ័ស និងជំនួសឱ្យការអនុញ្ញាតអ្វីៗដំណើរការតាមសម្រួល ពួកគេតែងផ្តោតលើរបៀបដែលពួកគេអាចធ្វើឱ្យអនាគតមានភាពខុសប្លែកគ្នា និងល្អប្រសើរជាង នេះបើតាមសម្តីរបស់ Smith៕

ប្រភព៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕