ស្វែងយល់អំពីលុយអេឡិចត្រូនិច GlobalCoin របស់ Facebook

3804

ក្រុមហ៊ុនបណ្តាញសង្គមធំជាងគេលើពិភពលោក Facebook អាចនឹងក្លាយជាក្រុមហ៊ុនទូទាត់ប្រាក់តាមអនឡាញ និងលុយអេឡិចត្រូនិចដ៏មានឥទ្ធិពល ប្រសិនបើក្រុមហ៊ុន Facebook ហក់ចូលទីផ្សារទាំងពីរនេះនៅឆ្នាំក្រោយ។ Facebook មានអ្នកប្រើប្រាស់ជាប្រចាំខែ ប្រហែល 2.375 ពាន់លាននាក់ ហើយបន្ទាប់ពីក្រុមហ៊ុននេះចូលទីផ្សារហិរញ្ញវត្ថុ វានឹងក្លាយជាគូប្រជែងធំជាមួយក្រុមហ៊ុន Visa, Mastercard និង PayPal ។ 

បច្ចុប្បន្ន Facebook គឺជាម្ចាស់ និងគ្រប់គ្រងលើកម្មវិធី Instagram និង WhatsApp ហើយនៅដើមឆ្នាំ ២០២០ ក្រុមហ៊ុន Facebook គ្រោងនឹងបញ្ចេញលុយអេឡិចត្រូនិចរបស់ខ្លួនដែលត្រូវបានគេហៅវាថា GlobalCoin ប៉ុន្តែឈ្មោះផ្លូវការមិនទាន់ត្រូវបានបញ្ជាក់ ហើយ Facebook អាចនឹងប្រើឈ្មោះផ្សេង ព្រោះឈ្មោះ GlobalCoin នេះ ត្រូវបានគេហៅតាំងពីឆ្នាំ ២០១២ មកម្លេះ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

សារព័ត៌មាន The Wall Street Journal បានផ្សាយថា Facebook អាចនឹងប្រើលុយអេឡិចត្រូនិចរបស់ខ្លួន ដើម្បីទូទាត់ឲ្យអ្នកប្រើប្រាស់ ជាថ្នូរនឹងការចំណាយពេលមើលផ្ទាំងផ្សាយពាណិជ្ជកម្ម។

សាព័ត៌មានអន្តរជាតិធំៗបានរាយការណ៍ថា បច្ចុប្បន្ន Facebook  កំពុងធ្វើការជាមួយធនាគារ និងអ្នកជំនាញផ្នែកហិរញ្ញវត្ថុនៅប្រទេសស្វីស ដើម្បីសិក្សាពីរបៀបដោះដូររូបិយបណ្ណនៃប្រទេសនានា សម្រាប់លុយ GlobalCoin ។ 

បញ្ហាមួយដែល Facebook ត្រូវប្រឈមគឺត្រង់ថា មនុស្សធម្មតានឹងមិនចង់ដោះដូរជាមួយលុយអេឡិចត្រូនិចដែលមានតម្លៃឡើងចុះឥតឈប់ឈរនោះទេ។ ដូច្នេះបើ Facebook ចង់ឲ្យលុយរបស់ខ្លួនត្រូវបានប្រើប្រាស់ដោយមនុស្សទូទៅ គឺត្រូវធ្វើឲ្យតម្លៃលុយនោះមានលំនឹង ឬ/និង បញ្ចុះបញ្ចូលឲ្យហាងលក់ទំនិញ ឬអាជីវកម្មនានា ឲ្យយល់ព្រមទទួលការទូទាត់លុយជាមួយ GlobalCoin ។ ប៉ុន្តែទោះបីជាយ៉ាងណា មកទល់ពេលនេះ វានៅតែមិនទាន់ច្បាស់ការអំពីរបៀបដែលលុយអេឡិចត្រូនិចរបស់ Facebook នឹងត្រូវចាយវាយ រក្សាទុក និងផ្ទេរដោយរបៀបណានៅឡើយទេ។

ជាក់ស្តែង លុយអេឡិចត្រូនិចឈានមុខគេ Bitcoin បានបរាជ័យក្នុងការបង្កើតឲ្យមានការទទួលយកលុយរបស់ខ្លួន សម្រាប់ការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗជាសកល ដោយសារតែលុយនេះមានតម្លៃឡើងចុះមិនទៀងទាត់។ 

រីឯសេវាកម្មផ្ទេរប្រាក់របស់ Facebook វិញ នឹងធ្វើឲ្យក្រុមហ៊ុន ឬអាជីវកម្មនានា អាចកាត់បន្ថយថ្លៃសេវាបានពី 2% ទៅ 3% ធៀបនឹងការផ្ទេរប្រាក់តាមធនាគារ ហើយរហ័សជាង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី វានឹងមានរឿងឈឺក្បាលច្រើនណាស់ដែលត្រូវដោះស្រាយ ហើយវានឹងពិបាកគ្រប់គ្រងដោយសារមានមនុស្សរាប់ពាន់លាននាក់ប្រើប្រាស់។

ខាងក្រោមនេះគឺជាព័ត៌មានសំខាន់ៗនៃ GlobalCoin របស់ Facebook 

  • Facebook ចង់ធ្វើឲ្យមានការផ្ទេរប្រាក់បានកាន់តែលឿន និងឆាប់រហ័សជាងមុន
  • ទីផ្សារគោលដៅរបស់ Facebook គឺចាប់យកអតិថិជនដែលមិនមានគណនីធនាគារ
  • Facebook ដាក់គោលដៅធ្វើឲ្យការទូទាត់ប្រាក់លើអនឡាញកាន់តែមានសុវត្តិភាពជាមួយ GlobalCoin 
  • អ្នកប្រើប្រាស់ Facebook អាចយកលុយជាតិរបស់ខ្លួនទៅដូរយកលុយ GlobalCoin បាន
  • Facebook នឹងសហការជាមួយក្រុមហ៊ុនលក់ផលិតផល និងសេវាកម្មនៅលើអនឡាញ ឲ្យទទួលយកលុយ GlobalCoin របស់ខ្លួន
  • Facebook គ្រោងដាក់ឲ្យដំណើរការលុយអេឡិចត្រូនិចរបស់ខ្លួន នៅក្នុងត្រីមាសទីមួយ ឆ្នាំ ២០២០
  • Facebook នឹងក្លាយជាធនាគារលុយអេឡិចត្រូនិច និងទីផ្សារលក់ទំនិញ និងសេវាកម្មឈានមុខគេនៅលើពិភពលោក៕
ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។