Jack Ma ៖ គន្លឹះសំខាន់ ៣ ដែលអាចប្រែក្លាយមនុស្សធម្មតាឱ្យទៅជាមនុស្សជោគជ័យ

3037

Jack Ma ជាមហាសេដ្ឋីពិភពលោក និងជាមនុស្សដ៏ឆ្នើមម្នាក់ក្នុងចំណោមបុគ្គលអស្ចារ្យដទៃទៀតដែលបានបង្ហាញថា ការតស៊ូតែងតែនាំមកនូវជ័យជម្នះ។ លោក Ma ធ្លាប់ហែលឆ្លងបទពិសោធន៍យ៉ាងជូរចត់ចំពោះភាពបរាជ័យក្នុងជីវិតស្ទើររាប់មិនអស់ រហូតដល់អាចបង្កើតក្រុមហ៊ុនលំដាប់ពិភពលោកមួយដែលបានជួយកែប្រែវាសនារបស់លោកទាំងស្រុង។ អ្វីដែលពិសេសជាងនេះ Ma ក៏ធ្លាប់បានបង្ហើបថាជោគជ័យក្នុងការដឹកនាំក្រុមហ៊ុន Alibaba ឱ្យឈានមកដល់ចំណុចកំពូលនេះ គឺលោកគ្មានជំនាញអ្វីផ្សេងក្រៅពីការយល់ដឹងអំពីមនុស្សឡើយ។ ខាងក្រោមគឺជាកូនសោសំងាត់ ៣ របស់ Jack Ma ដែលអ្នកអាចប្រើប្រាស់ដើម្បីផ្លាស់ប្តូរជោគវាសនានៃជីវិតរបស់អ្នក៖

១/ បើគ្រប់គ្នាសុទ្ធតែយល់ស្រប នោះជាសញ្ញាដែលបញ្ជាក់ថាគ្មានឱកាសទេ

ការគិតខុសប្លែកគ្នាជាថាមពលដ៏ពិសេសម្យ៉ាង ហើយវាក៏ជារបស់ដែលញែកអ្នកឱ្យដាច់ចេញពីអ្នកដទៃផងដែរ។ ប្រសិនបើអ្នកធ្វើអ្វីមួយហើយត្រូវបានគេរិះគន់ អ្នកត្រូវតែគិតអំពីវា។ នៅពេលចាប់ផ្តើមក្រុមហ៊ុន Alibaba ដំបូង ជេក ម៉ា បានចំណាយពេលយ៉ាងច្រើនស្ដាប់ការរិះគន់ និងសញ្ចឹងគិតពីការវិវឌ្ឍនៃអនាគតកាល។ ការរំពៃមើលអំពីអនាគតដែលអ្នកដទៃមិនអាចមើលឃើញបានផ្តល់ឱកាសដ៏ល្អមួយដល់លោកម៉ាក្នុងការតទល់ជាមួយគូប្រជែង បើទោះបីជាលោកបង្កើតក្រុមហ៊ុន Alibaba មកខ្វះខាតដើមទុន ឧបករណ៍ប្រើប្រាស់ និងមិនសូវមានទំនាក់ទំនងខ្លាំងក៏ដោយ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ត្រឡប់ទៅកាន់ឆ្នាំ ១៩៩៥ ជាពេលដែលលោក ម៉ា បានធ្វើដំណើរកម្សាន្តលើកទីមួយនៅក្រុងស៊ី ថល ក្នុងទឹកដីនៃសហរដ្ឋអាមេរិក លោកត្រូវបានមិត្តភក្តិរបស់លោកណែនាំឱ្យស្គាល់ “Internet” ដែលជាឧបករណ៍ស្រាវជ្រាវព័ត៌មានចម្រុះជុំវិញសកលលោក។ ស្របពេលនោះ ម៉ា បានព្យាយាមស្វែងរកពាក្យ “China” ប៉ុន្តែមិនមានទន្និន័យណាមួយបង្ហាញអំពីវាឡើយ។ ចំណុចនេះហើយដែលបណ្ដាលឱ្យជេក ម៉ា កើតគំនិតខុសប្លែកគ្នាមួយ និងឈានទៅដល់ការបង្កើតបច្ចេកវិទ្យាស្រាវជ្រាវ “E-Marketplace for Information” ដែលក្រោយមកទៀតបានក្លាយជាវេបសាយស្វែងរកទិញទំនិញរបស់ចិន Alibaba។

ការគិតខុសគ្នា និងការប្រមើរមើលរឿងរ៉ាវដែលអាចនឹងកើតមានឡើងនាពេលអនាគត គឺជាគន្លឹះនាំមុខគេរបស់សហគ្រិន រួមទាំងមនុស្សទូទៅក្នុងការស្វែងរករបស់របរថ្មីៗ និងដំណោះស្រាយផ្សេងៗចំពោះបញ្ហាដែលកំពុងជាប់គាំងនៅពេលបច្ចុប្បន្ន។ សាកស្រមៃមើលថា បើសិនជាមនុស្សទាំងអស់សុទ្ធតែមានគំនិតដូចគ្នាចំពោះរឿងអ្វីមួយ តើកម្រិតនៃការប្រកួតប្រជែងមានខ្ពស់ប៉ុណ្ណា? ហើយតើឱកាសជោគជ័យនឹងងាយរកបានដែរឬទេ? ទាំងនេះគឺជាសំណួរដែលសហគ្រិន និងអ្នករកស៊ីត្រូវតែគិត និងត្រៀមឱ្យបានមុន។

“នៅពេលដែលគ្រប់គ្នាជឿរឿងនោះ អ្នកនឹងគ្មានឱកាសទេ។ ប៉ុន្តែនៅពេលមានមនុស្សតិចជឿវា អ្នកក៏ជឿជាក់លើវា ហើយអាចធ្វើឱ្យវាក្លាយជាការពិតទៀតនោះ ឱកាសនឹងជារបស់អ្នក” Jack Ma។

២/ មិនចុះចាញ់ជាដាច់ខាត

ក្នុងមួយជីវិតរបស់ ជេក ម៉ា ជួបប្រទះបរាជ័យជាច្រើនលើកដែលលោកខ្លួនឯងសឹងតែមិនជឿថា លោកអាចក្លាយជាមនុស្សមានបានដូចសព្វថ្ងៃនេះទេ។ ម៉ា បានបរាជ័យសូម្បីតែរឿងសាមញ្ញដែលមនុស្សទាំងឡាយអាចធ្វើបាន ឧទាហរណ៍ដូចជាការដាក់ពាក្យធ្វើជាបុគ្គលិកនៅហាងអាហារ KFC។ មិនត្រឹមតែប៉ុណ្ណេះ ម៉ា ក៏ធ្លាប់ទទួលបានការបដិសេធជាបន្តបន្ទាប់ក្រោយពីលោកចាប់ផ្តើមដំណើរក្រុមហ៊ុន Alibaba ផងដែរ។ ក្នុងឆ្នាំ ២០០១ ម៉ា បានព្យាយាមស្វែងរកការបណ្ដាក់ទុនពីអ្នកវិនិយោគនៅក្នុងសហរដ្ឋអាមេរិកដើម្បីទ្រទ្រង់អាជីវកម្មបង្កើតថ្មីរបស់លោក តែត្រូវបានគេបដិសេធ។ យ៉ាងណា ជេក ម៉ា នៅតែបន្តការព្យាយាមនេះ ហើយមកដល់ឆ្នាំ ២០០៥ ក្រុមហ៊ុន Yahoo បានយល់ព្រមទិញភាគហ៊ុនមួយចំណែកធំរបស់ Alibaba។ បន្ទាប់មកនៅឆ្នាំ ២០១៤ ក្រុមហ៊ុន Alibaba របស់ Jack Ma បានបំបែកកំណត់ត្រារបស់ខ្លួនដោយលក់ចេញភាគហ៊ុនក្នុងផ្សារហ៊ុនបានជាង ២៥ ពាន់លានដុល្លារ។  គន្លឹះនេះ លោក ម៉ា បញ្ជាក់ថា វាគឺជាការឱ្យការបដិសេធរបស់អ្នកដទៃ ធ្វើឱ្យអ្នកចុះចាញ់ឡើយ។ លោកបន្ថែមថា “ពិតណាស់ គ្មាននរណាម្នាក់សប្បាយចិត្តទេនៅពេលគេនិយាយ “ទេ” ចំពោះសំណើររបស់អ្នក ប៉ុន្តែសូមកុំបោះបង់។ អ្នកគួរតែត្រឡប់មកវិញ ហើយសម្រាក បន្ទាប់មកសាកល្បងវាម្តងទៀត។”

៣/ ប្រើជំនាញរបស់អ្នក

កាលពីថ្ងៃទី ១៦ ខែឧសភាកន្លងទៅ នៅក្នុងសន្និសិទ VivaTech នាក្រុង Paris ប្រទេសបារាំង លោក Jack Ma បានទម្លាយថា ជោគជ័យរបស់លោកក្នុងវិស័យបច្ចេកវិទ្យាគឺមិនមែនបានមកពីចំណេះដឹងនិងជំនាញដែលលោកមានក្នុងវិស័យនេះ ឬជំនាញផ្នែកទីផ្សារអ្វីនោះទេ តែលោកស្គាល់ច្បាស់អំពីកត្តាមនុស្ស ជាពិសេសគឺនៅពេលដែលលោក មានការងារជាគ្រូបង្រៀនភាសាអង់គ្លេស។ បន្ទាប់មក ម៉ា បានប្រើជំនាញមនុស្សនេះមកដឹកនាំក្រុមហ៊ុនរបស់លោក ហើយវាក៏ជាឧបករណ៍តែម្យ៉ាងគត់ដែលលោកប្រើប្រាស់ដើម្បីជំរុញ និងលើកទឹកចិត្តដល់បុគ្គលិក និងរហូតដល់ Alibaba សម្រេចបានគោលដៅដូចដែលលោកធ្លាប់ស្រមៃ។

លោក ម៉ា ក៏បានផ្តល់ជាដំបូន្មានថា នៅក្នុងក្រុមហ៊ុន ឬមុខជំនួញរកស៊ីទាំងឡាយ អ្វីដែលម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់បំផុតគឺទីមួយ អតិថិជន ទីពីរគឺ បុគ្គលិករបស់ខ្លួន។ លោកនិយាយថា “បើអតិថិជន ឬបុគ្គលិករបស់អ្នកមិនសប្បាយចិត្ត អាជីវកម្មរបស់អ្នកនឹងបាត់មុខពីទីផ្សារមិនខាន។” ផ្ទុយទៅវិញ អ្នកគួរចំណាយពេលរបស់អ្នកផ្តោតទៅលើអតិថិជន និងក្រុមការងាររបស់អ្នកច្រើនជាងការខ្វល់ខ្វាយពីគូប្រជែង និងអ្នកវិនិយោគក្នុងអាជីវកម្មរបស់អ្នក។ “បើមនុស្សរបស់អ្នកសប្បាយរីករាយ ក្រុមហ៊ុនរបស់អ្នកនឹងជោគជ័យ ហើយវាគឺជាវិធីដ៏សាមញ្ញបំផុត” Jack Ma 

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕